អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​សង្គម​៖ ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ច្បាប់​ពិសេស​ការពារ​ព្រៃឡង់​

អ្នកវិភាគ​សង្គម​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​ត្រូវតែ​បង្កើត​ច្បាប់​ពិសេស​មួយ ការពារ​ព្រៃ​ឡង់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ផ្តល់​អាជ្ញា​ប័ន​ដល់​ក្រុមហ៊ុន​ណាមួយ​ទេ ហើយ​ផ្តល់​សិទ្ធិអំណាច​ពេញលេញ​ទៅដល់​សហគមន៍​ព្រៃឈើ។ ការបញ្ជាក់​បែបនេះ របស់​អ្នកវិភាគ​សង្គម បាន​ធ្វើឡើង​ក្រោយពី​បញ្ចប់​វេទិកា​ស្តីពី​ព្រៃ​ឡង់ នៅ​ព្រឹក​ថ្ងៃទី៣១ ខែមករា​នេះ។ ដោយឡែក រដ្ឋាភិបាល​បដិសេធ​នូ​វ ការបង្កើត​ច្បាប់​ពិសេស​ថ្មី​ទៀត ដើម្បី​ការពារ​ព្រៃ​ឡង់។  

ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​
ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹក​ថ្ងៃទី៣១ មករា នេះ​ក្រុមយុវជន​បាន​ជជែក​គ្នា​ពី​ព្រៃ​ឡង់ ដែល​បាន​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ZAMAN រាជធានី​ភ្ន​ពេញ។ ក្រុមយុវជន​បាន​ជជែក​គ្នា​ពី​ផលប្រយោជន៍​របស់ព្រៃ​ឡង់​សម្រាប់​សហគមន៍​នៅ​ជុំវិញ​តំបន់​នោះ និង​សង្គម​ទាំងមូល។ ចំណែក​អ្នកសិក្សា​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បង្កើត​ច្បាប់​ពិសេស​មួយ សម្រាប់​ការពារ​ព្រៃ​ឡង់ ដោយ​មិនត្រូវ​ផ្តល់​អាជ្ញា​ប័ន​ដល់​ក្រុមហ៊ុន​ណាមួយ​ទេ ក្នុង​តំបន់​ព្រៃ​ឡង់។ បន្ថែម​ពីនេះ​ច្បាប់​ពិសេស​នោះ ត្រូវ​ដាក់ទោស​ចំពោះ​ជន​ណា​ដែល​កាប់​ព្រៃ​ឡង់។

លោក កែម ឡី បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​ព្រៃ​ឡង់​ស្ថិតស្ថេរ​គង់វង្ស រដ្ឋាភិបាល​គួរតែ​ផ្តល់​សិទ្ធិអំណាច​គ្រប់គ្រង​ព្រៃ​នេះ ដល់​សហគមន៍​ព្រៃឈើ ក្រោម​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សាឃុំ ហើយ​រដ្ឋាភិបាល​ដើរតួ​ជា​អ្នកផ្តល់​បច្ចេកទេស។ បើតាម​អ្នកសិក្សា​បញ្ហា​សង្គម​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា​កន្លងមក​ប្រជា​សហគមន៍​ព្រៃឈើ មិនអាច​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​បាន ដោយសារតែ​ក្រុមហ៊ុនធំៗ មួយចំនួន​មាន​ខ្នង មាន​បង្អែក​នៅ​ខាងលើ។

លោក អ៊ាង សុផល្លែត អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន ទាក់ទង​នឹង​ច្បាប់​ពិ​សេ​សេ​នេះ​ទេ។ តែ​ពេលនេះ ច្បាប់​ព្រៃឈើ​ដែលមាន​ស្រាប់ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជម្រុញ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម ដូច្នេះ​បើ​មាន​ករណី​ចាំបាច់​គួរតែ​បញ្ចូល​ចំណុច​នោះ ក្នុង​ច្បាប់​ព្រៃឈើ​តែមួយ​ទៅ មិនគួរ​មានច្បាប់​ពិសេស​អ្វី​ទៀត​ទេ។

ព្រៃ​ឡង់ គឺជា​ព្រៃ​មួយ​គ្រប់​ដណ្តប់​លើ​ខេត្ត​ចំនួន៤ រួមមាន​ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ។ ព្រៃ​នេះ គឺជា​ព្រៃស្រោង​តំបន់​ទំនាប​ធំជាងគេ​បង្អស់​នៅ​កម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈ​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​អភិរក្ស​អន្តរជាតិ និង​អង្គការ​វីន​រ៉ក់​អន្តរជាតិ កាលពី​ឆ្នាំ២០១៥ បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​ឡង់ គឺជា​ទីជម្រក​របស់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជិត១ពាន់​ប្រភេទ។ ព្រៃ​ឡង់ គឺជា​ប្រភព​នៃ​ជីវិត​សម្រាប់​មនុស្ស​ប្រមាណ២សែន ៥ម៉ឺន​នាក់ ដែល​រស់នៅ​ជុំវិញ​វា។

បើតាម​តំណាង​សហគម៍​ព្រៃ​ឡង់ លោក សេង សុខ​ហេង បាន​ឲ្យ​វិទ្យុ​បារាំង​ដឹងថា រហូតមកដល់​ពេលនេះ ព្រៃ​ឡង់​មិនទាន់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​តំបន់​ការពារ​នៅឡើយ​ទេ។ ចំពោះ​កិច្ចការពារ​កន្លងមក ក្រុម​សហគមន៍​ព្រៃ​ឡង់ បាន​បង្ក្រាប​បទ​លើ្ម​ស​ព្រៃឈើ ដោយ​ចាប់បាន​ម៉ាស៊ីន​អារឈើ​រាប់សិប​គ្រឿង និង​ឈើរា​ប់​ម៉ែត្រគូប៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ