អានតួអត្ថបទ
កម្ពុជា

សព លោក កែម ឡី នឹង​លើក​ដាក់​មឈូស​កញ្ចក់​នៅ​រសៀល​នេះ​ខណៈ​ពលរដ្ឋ​ស្នើ​ឲ្យ​តំកល់​សព​​ទុក​ដល់​មួយ​ឆ្នាំ

រហូត​មក​ដល់​ពេល​នេះ​សព លោក កែម ឡី នៅ​មិន​ទាន់​លើក​ដាក់​មឈូស​នៅ​ឡើយ​ទេ ដោយ​ក្រុម​គ្រួសារ ពលរដ្ឋ​ និង​ព្រះសង្ឃ បញ្ជាក់​ថា សព លោក កែម ឡី នឹង​លើក​ដាក់​មឈូស​នៅ​រសៀល​នេះ។ សព​លោក កែម ឡី នឹង​ដាក់​នៅ​ក្នុង​មឈូស​កញ្ចក់​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ទូទៅ។ នៅ​ព្រឹក​មិញ​នេះ​ ទីតាំង​តំកល់​សព​ លោក កែម ឡី ក៏​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ ជាមួយ​នឹង​ការ​តែង​លម្អ​ផ្កា​ផ្ញី​នានា។ ព្រះសង្ឃ​ និង​អាចារ្យ​វត្ត​អះអាង​ថា​ សពលោក កែម ឡី នឹង​ដង្ហែ​ទៅ​ដាក់​ទីតាំង​ថ្មី​នា​ពេល​រសៀល​នេះ។ សូម​បញ្ជាក់​ថា សាក​សព​ត្រូវ​រក្សា​តម្កល់​ទុក​រយៈ​ពេល​១០​ថ្ងៃ នៅ​ក្នុង​វត្ត​ពោធិយ៉ារាម​ ឬ​វត្ត​ចាស់ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​​។

ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោកប​ណ្ឌិត​ កែម ឡី ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ។​
ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោកប​ណ្ឌិត​ កែម ឡី ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ។​ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី​១​ នៃ​ពិធី​បុណ្យ​សព​លោក កែម ឡី បាន​ផ្ដើម​ពោល​ គឺ​តាំង​ពី​ព្រឹក​រហូត​មក​ដល់​ពេល​នេះ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី យ៉ាង​ច្រើន​កុះករ​រាប់​ទាំង សិស្ស និស្សិត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ គណបក្ស​នយោបាយ និង​សហជីព​ជា​ដើម​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី ជាមួយ​នឹង​ការ​ដង្ហែ​កម្រង់​ផ្កា​អម​ជាមួយ​រូប​ថត លោក កែម ឡី លាយ​ឡំ​ទឹក​មុខ​សោក​សង្រេង។

ខណៈ​ពលរដ្ឋ​សម្រុក​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី យ៉ាង​ច្រើន​កុះករ​ ដូច្នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ ឬ​អាជ្ញាធរ​ចេញ​មុខ​ជួយ​សម្រប​សម្រួល​នោះ​ទេ។ ក្រុម​ព្រះ​សង្ឃ​មាន​សង្ឃដីកាថា​ ប្រជាពលរដ្ឋ​អាច​ថែរក្សា​សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ខ្លួន​ឯង។ ប៉ុន្តែ​បើ​កិច្ច​សហការ​ពី​អាជ្ញាធរ​ខណ្ឌ​ទៀត​កាន់​តែ​ប្រសើរ។

ក្រុម​គ្រួសារ​នៃ​សព​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា សព​លោក កែម ឡី ត្រូវ​បញ្ចុះ​ និង​បូជា​នោះ​ទេ​លុះត្រា​តែ​ពិធី​តម្កល់​ទុក​១០​ថ្ងៃ​ត្រូវ​បាន​បញ្ចប់។ សម្រាប់​ពលរដ្ឋ ដែល​ឡើង​មក​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ពួក​គាត់​បាន​ផ្ដើម​ប្រមូល​ការ​គាំទ្រ​ពី​អ្នក​ចូលរួម​បុណ្យ​សព​ ដើម្បី​តម្កល់​សព លោក កែម ឡី ទុក​រហូត​ដល់​មួយ​ឆ្នាំ​នៅ​ក្នុង​វត្ត​ពោធិយ៉ារាម​ ឬ​វត្ត​ចាស់​នេះ។ មូលហេតុ​ដោយ​សារ​តែ​ពួកគាត់​ចាត់​ទុក លោក កែម ឡី ជា​វិរៈបុរស​ផ្ដល់​គំនិត​ដល់​ជាតិ​ ដែល​បាន​ប្រៀប​បាន​នឹង​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម។

ក្រុម​ប្រជាពលរដ្ឋ​ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ប្រសិន​បើ​មាន​ការ​ឯកភាព​ពី​ក្រុម​គ្រួសារ​សព​ និង​ចៅអធិការ​វត្ត​ពួក​គាត់​នឹង​ចេញ​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ ដើម្បី​ចេញ​ថ្លៃ​ចាក់​ថ្នាំ​ថែរក្សា​សាកសព លោក កែម ឡី៕​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ