អានតួអត្ថបទ
កម្ពុជា-សង្គម

​សង្គម​ស៊ីវិល​៖ ការ​សម្លាប់​គ្នា​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ជា​រូបភាព​មិន​ល្អ​សម្រាប់​សង្គម​កម្ពុជា​

ហេតុ​ការណ៍​ជន​ជាតិ​ចិន​បាញ់​សម្លាប់​ជន​ជាតិ​ចិន​ដូច​គ្នា នៅ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​ត្រូវ​គេ​បង្ហាញ​ឃ្លីប​វីដេអូ​ជា​សាធារណៈ តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​បណ្តាញ​សង្គម បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ អ្នក​តាម​ដាន​សង្គម មើល​ឃើញ​ថា វា​ជា​រូបភាព ដែល​បង្ហាញ​ពី​សច្ចៈភាព​សង្គម ខណៈ​ដែល​អាជ្ញាធរ​ថា​បញ្ហា​ចិន​នៅ​ខេត្ត​ព្រះសីហនុ អាច​ដោះ​ស្រាយ​បាន​។ 

សកម្មភាពកើតហេតុក្នុងវីដេអូ
សកម្មភាពកើតហេតុក្នុងវីដេអូ @FB
ផ្សាយពាណិជ្ជកម្ម

ករណី​ជន​ជាតិ​ចិន បាន​បាញ់​សម្លាប់​គ្នា​នៅ​ក្នុង​រថយន្ត ហើយ​ធាក់​ទំលាក់​សាក​សព​ចេញ​មក​ក្រៅ នៅ​តាម​ទីសាធារណៈ នៅ​ខាង​មុខ​សណ្ឋាគា​ខ្សាច់​ស ខេត្ត​ព្រះសីហនុ ដោយ​មិន​មាន​ខ្លាច​រអារ​អ្វី​នោះ គឺ​ជា​ករណី​ចុង​ក្រោយ​មួយ ដែល​បង្ហាញ​ពី​រូបភាព​ហឹង្សារ ជា​រូបភាព​ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​តែ​ឃើញ​នៅ​ក្នុង​ភាពយន្ត​ចិន​ជា​ច្រើន​ទសវត្ស​មក​ហើយ​។

ករណី​នេះ បាន​រង​នូវ​ការ​ចោទ​សួរ និង​រិះគន់​យ៉ាង​ច្រើន​ពី​មហា​ជន តាម​រយៈ​បណ្តាញ​សង្គម នូវ​សំណួរ​ទៅ​កាន់​អាជ្ញាធរ​ខ្មែរ ជា​ពិសេស​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​។ ភាគ​ច្រើន​នៃ​ចំងល់​ទាំង​នោះ គឺ​ផ្តោត​ទៅ​លើ​ថា ជន​បរទេស​ដូច​ជា​ជន​ជាតិ​ចិន​ពេល​នេះ តើ​បាន​អាវុធ​ពី​ណា​យក​មក​ប្រើ ដើម្បី​បាញ់​បោះ កាប់​សម្លាប់​គ្នា​ក្នុង​ដែនដី​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋបាល​ខ្មែរ ប្រទេស​ខ្មែរ?

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ដែល​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប ចាប់​អារម្មណ៍ និង​ទទួល​ស្គាល់​ថា​នៅ​ប្រទេស​ណា​ក៏​មាន​បទ​ល្មើស​កើត​ឡើង​ដែរ តែ​ជន​ជាតិ​ចិន ដែល​ជា​ជន​បរទេស​មក​សម្លាប់​មនុស្ស​ដោយ​មិន​ខ្លាច​ច្បាប់​បែប​នេះ វា​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ជា​ច្រើន​ដល់​យុវជន និង​សង្គម​ខ្មែរ​។ លោក​ថា​សកម្មភាព​បាញ់​សម្លាប់​គ្នា​រវាង​ជន​ជាតិ​ចិន​បែប​នេះ បាន​ក្លាយ​ពី​តថភាព ទៅ​ជា​សច្ចៈភាព​នៃ​សង្គម​ខ្មែរ​បច្ចុប្បន្ន ដ៏​គួរ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​។

ជា​ការ​កត់​សម្គាល់ ចាប់​តាំង​ពី​មាន​ការ​វិនិយោគ​យ៉ាង​គំហុក នៅ​ខេត្ត​ព្រះ​សីហនុ​មក តាំង​ពីឆ្នាំ​២០១៨ បញ្ហា​ដែល​បាន​កើត​ឡើង​ជុំវិញ​ជន​ជាតិ​ចិន​នេះ រួម​មាន ការ​ជាប់​ជំរិត​តាម​ប្រព័ន្ធ​អនឡាញ ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​បើក​បន​ស្រី​បំរើ​ផ្លូវ​ភេទ ក្រោម​រូបភាព ម៉ាស្សា និង​ការ​សរសេរ​អក្សរ​ខ្មែរ​ខុស ដាក់​តាម​ឡូហ្គោ ក្រុមហ៊ុន និង​ភោជនីយ​ដ្ឋាន​នា​នា​ជា​ដើម​។

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ តែង​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា បញ្ហា​ជន​ជាតិ​ចិន អាជ្ញាធរ នៅ​តែ​គ្រប់​គ្រង​សភាពការណ៍​បាន ខណៈ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​កំពុង​ទទួល​នូវ​ការ​អភិវឌ្ឍ​។

តាម​របាយការណ៍​ស្តីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា បង្ហាញថា ជនជាតិចិនជាសញ្ជាតិ​ដែល​រងគ្រោះ​ច្រើន​ជាងគេរយៈពេលត្រីមាសទី១ឆ្នាំ២០១៩នេះ គឺមាន​ចំនួន ៩៨​នាក់ បារាំង១២​នាក់ អង់គ្លេស​១១​នាក់ អាល្លឺម៉ង់០៩​នាក់ អាមេរិក៧​នាក់។

សញ្ជាតិ​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ គឺ​ជនជាតិ​ចិន មាន​ចំនួន២៤១​នាក់ តាមពីក្រោយដោយ វៀតណាម​ចំនួន៤៩នាក់ ថៃ២៦នាក់ កូរ៉េ​ខាងត្បូង​ចំនួន ០៤​នាក់ អាមេរិក​ចំនួន០៣​នាក់។ ភូមិសាស្ត្រ​ដែល​កើតឡើង​ច្រើន​ជាងគេ គឺនៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ សៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ