អានតួអត្ថបទ
កម្ពុជា

ក្រុម​បណ្តាញ​សង្គម​គ្រោង​បង្កើត​គណបក្ស​នៅ​តាម​មូលដ្ឋាន​ចំនួន​២៥​នៅ​ឆ្នាំ​២០១៥

ក្រុម​បណ្តាញ​ពលរដ្ឋ​សកម្ម​ដើម្បី​អភិវឌ្ឍន៍​សង្គម ដែល​មាន​សមាសភាព​លោក​កែម ឡី ដែរ​នោះ បាន​លើក​ឡើង​ថា បណ្តាញ​របស់​លោក នឹង​គ្រោង​បង្កើត​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​២៥​ឃុំ​សម្រាប់​ឆ្នាំ​២០១៥​ខាង​មុខ​។ គណបក្ស​តាម​មូលដ្ឋាន​នេះ គឺ​ដើម្បី​អប់រំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​យល់​ពី​សិទ្ធិ​នយោបាយ និង​កិច្ចការ​នយោបាយ​។

លោក កែម ឡី (កណ្តាល) ​ស្ថាបនិក​បង្កើត​បណ្តាញ​សង្គម​ដើម្បី​កែ​ទម្រង់​គណបក្ស​នយោបាយ​
លោក កែម ឡី (កណ្តាល) ​ស្ថាបនិក​បង្កើត​បណ្តាញ​សង្គម​ដើម្បី​កែ​ទម្រង់​គណបក្ស​នយោបាយ​ សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុម​បណ្តាញ​ពលរដ្ឋ​សកម្ម (CAN) ដែល​ជា​បណ្តុំ​និស្សិត​បញ្ញាវ័ន្ត ដែល​រួម​មាន​លោក​កែម ឡី​ផង បាន​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៥​ត​ទៅ នឹង​មាន​បណ្តាញ​គណបក្ស​នៅ​តាម​មូលដ្ឋាន​ចំនួន​២៥​ដំបូង ដែល​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ ជា​អ្នក​ដឹកនាំ​។ លោក​បន្ត​ថា ការ​បង្កើត​គណបក្ស​នៅ​តាម​មូលដ្ឋាន​នេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​នយោបា​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​តែ​ម្តង​។ បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​ចំណេះ​ដឹង​ស្តីពី​នយោបាយ សិទ្ធិ​នយោបាយ ដែល​បណ្តាញ CAN បាន​ជួយ​បណ្តុះ​បណ្តាល និង​ជួយ​រៀបចំ​បង្កើត​ឡើង​។

 
បើ​តាម​លោក​កែម ឡី ក្រុម​បណ្តាញ​របស់​គាត់ មាន​មហិច្ឆតា​ចង់​បង្កើតគណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​គ្រប់​ឃុំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៥​ត​ទៅ​។ យ៉ាង​ណា​ក៏​ដោយ​ដើម្បី​សម្រេច​ដល់​គោលដៅ​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​នេះ ក្រុម​បណ្តាញ​សង្គម នឹង​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧​ធ្នូ​ខាង​មុខ​ដែល​មាន​សមាសភាព​១៥០​នាក់ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​។ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ លោក​កែម ឡី ដែល​ជា​សមាសភាព​ដឹក​នាំ​ក្រុម​មួយ​រូប បាន​លើក​ឡើង​ថា ក្រុម​បណ្តា​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​នោះ​គឺ​ជា​បក្ស​ស្វ័យ​ឯករាជ្យ​ដោយ​ខ្លួន​ឯង​។

សម្រាប់​លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ការ​បង្កើត​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​នេះ គឺ​ជា​ការ​បង្ហាញ​សាច់ដុំ​ដល់​គណបក្ស​នយោបាយ​នៅ​កម្ពុជា ព្រោះ​ថា ការ​បង្កើត​កំលាំង​នៅ​តាម​មូលដ្ឋាន​គឺ​ជា​អំណាច​ដ៏​រឹង​មាំ​។ លោក សុខ ទូច បាន​សង្កត់​ធ្ងន់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ពី​ក្រោម​ឡើង​ទៅ​លើ​នេះ គឺ​ជា​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​តែ​បញ្ហា​ចំណេះ​ដឹង​មាន​កម្រិត​នៅ​តាម​មូលដ្ឋាន រចនា​សម្ព័ន្ធ​ការ​លំបាក​គ្រប់គ្រង និង​ផុយ​ស្រួយ​ក្នុង​ការ​បំបែក​។ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ លោក សុខ ទូច បញ្ជាក់​ថា ការ​បង្កើត​នេះ​ជា​ជំហាន​ទៅ​បង្កើត​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​មុខ​។ ដូច​នេះ លោកសុខ ទូច ស្នើ​ឱ្យ​បង្កើត​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ត្រឹម​ត្រូវ មូលដ្ឋាន​ហិរញ្ញ​វត្ថុ និង​ទី​តាំង​គណបក្ស​ឱ្យ​បាន​ច្បាស់​លាស់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ