ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»នៅក្នុង​សង្គម​ខ្មែរ!

ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»នៅក្នុង​សង្គម​ខ្មែរ!
 
ឡានតាក់ស៊ី​តែងតែ​នាំគ្នា​ដំឡើង​ថ្លៃ​ឈ្នួល​ពេល​ចូលឆ្នាំ​ម្តងៗ ©វណ្ណារ៉ា

គ្រាន់តែ​ពិធីបុណ្យ​ចូលឆ្នាំ​ជិត​ចូល​មកដល់ ការដំឡើងថ្លៃ​សេវាកម្ម​នានា​ដូចជា​សេវា​រថយន្ត​ឈ្មួ​ល សវា​កម្ម​ផ្ទះសំណាក់ សណ្ឋាគារ ឬក៏​ម្ហូបអាហារ​តាម​ភោជនីយដ្ឋាន​នានា​បានកើត​ឡើងជា​ថ្មី។ បញ្ហាដដែលៗនេះ​តែង​កើត​ឡើងជា​រៀងរាល់ឆ្នាំ​មិនអាច​ទប់ស្កាត់បាន។ នេះ​ស​បញ្ជាក់ថា នៅក្នុង​សង្គម​ខ្មែរ មនុស្ស​ជាទូទៅ រាប់​តាំងពី​ប្រជាពលរដ្ឋ​សាមញ្ញ​រហូតដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់​ហាក់ដូចជា​កំពុង​ដិតដាម​ដោយ​ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង» ពោលគឺ​ឲ្យ​តែមាន​ឱកាស ម្នាក់ៗនឹង​ឆ្លៀត​រក​ផលចំណេញ​ដាក់​ហោប៉ៅ​ជាមិនខាន។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

នៅក្នុង​សង្គម​ខ្មែរ​មាន​ឧទាហរណ៍​ច្រើនយ៉ាង​ណាស់​ដែល​បង្ហាញថា មនុស្ស​ហាក់ដូចជា​រង់​ចាំតែ​ឱកាស​ដើម្បី​រក​ផលចំណេញ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន។ ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»ឬក៏«មាន់​ដែល​ពង​លើ​ស្រូវ​តែងតែ​ស៊ី​គ្រាប់ស្រូវ»បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ។  ទស្សនៈ​នេះ​បាន​ដិតដាម​ទាំង​នៅក្នុង​ចំណោម​ពលរដ្ឋ​សាមញ្ញ​រហូតដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់។

ជាក់ស្តែង នៅ​រដូវ​បុណ្យទានម្តងៗ អ្នកលក់ដូរ​នៅតាម​រមណីយដ្ឋាន​តែងតែ​ឆ្លៀត​កោរ​ភ្ញៀវ​នៅពេល​ដែលមាន​អ​ថិ​ជន​ច្រើន​សម្រុក​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន។ អ្នករត់​រថយន្ត​ឈ្មួ​ល​និង​អាជីវករ​ផ្សេងទៀត​ក៏​តែង​ឆ្លៀតឱកាស​ដើម្បី​ដំឡើងថ្លៃ​សេវាកម្ម​និង​ទំនិញ​របស់ខ្លួន​នៅពេល​ដែលមាន​មនុស្ស​ច្រើន​នាំគ្នា​ជិះ​រថយន្ត និង​ទិញ​ទំនិញ​ចាំបាច់​មួយចំនួន។ មិន​ខុសពីឆ្នាំមុនៗទេ គ្រាន់តែ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ជិត​ចូល​មកដល់ អ្នកបម្រើ​សេវាកម្ម​នានា​ពិសេស​សេវាកម្ម​រថយន្តឈ្នួល ផ្ទះសំណាក់ សណ្ឋាគារ និង​ប្ហូ​ប​អាហារ​ជាដើម បាន​ដំឡើងថ្លៃ ឬ​ត្រៀមខ្លួន​ដំឡើងថ្លៃ​សេវាកម្ម​របស់ខ្លួន​ជាស្រេច។  បញ្ហា​នេះ​តែង​កើតឡើង​ដដែល​ខណៈដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ត្រឹម​សំណូមពរ​យ៉ាងទទូច​តែប៉ុណ្ណោះ។

ការដំឡើងថ្លៃ​សេវាកម្ម និង​ទំនិញផ្សេងៗក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ក៏ដូចជា​​ពិធីបុណ្យផ្សេងៗ ទៀត​ វា​គ្រាន់តែ​ជា​ឧទាហរណ៍​ដែល​ឆ្លុះបញ្ចាំង​ពី​ជ្រុង​តូច​មួយ​នៃ​ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»នៅក្នុង​សង្គម​ខ្មែរ​តែប៉ុណ្ណោះ។ តាមពិត ទស្សនៈ​នេះ​បាន​កប់​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ។ ជាក់ស្តែង នៅក្នុង​រដ្ឋបាល​សាធារណៈ មន្ត្រីរាជការ ឬ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឆ្លៀត​រក​កម្រៃ​ពី​ការងារ​របស់ខ្លួន​គ្រប់​លទ្ធភាព​តាមរបៀប«តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ»។

អ្នកខ្លះ​ឆ្លៀត​រក​កម្រៃ​ខាងក្រៅ​បន្តិចបន្តួច​ដើម្បី​តែ​បង្គ្រប់​ជីវភាព ប៉ុន្តែ អ្នក​ខ្លះទៀត​ឆ្លៀត​ទាញយក​ផលប្រយោជន៍​ពី​តួណាទី​ដើម្បី​បំពេញ​ភាពមានបាន​មិនចេះ​ឆ្អែតឆ្អន់​របស់ខ្លួន។
ជាការ​ពិតណាស់ បើ​និយាយ​ពី​ជំនួញ ការ​ឆ្លៀតឱកាស​ដើម្បី​រក​ផលចំណេញ​មិនមែនជា​រឿង​អ្វី​ចម្លែក​ទេ​នៅក្នុង​សង្គម​ទីផ្សារសេរី។ ជាទូទៅ​មនុស្ស​ដែល​ចេះ​ក្តាប់​ឱកាស និង​ចេះ​ប្រើប្រាស់​ឱកាស​មិន​ខុស​ឡើយ​ពីព្រោះ​ឱកាសល្អ​មិនមែន​មាន​គ្រប់ពេល​នោះទេ។ ដូច្នេះ នៅពេលដែល​ឱកាសល្អ​ហុច​ឲ្យ​គេ​មិនគួរ​នឹង​បណ្តោយ​ឲ្យ​ឱកាស​នោះ​កន្លងផុតទៅ​ឡើយ។ ម្យ៉ាងទៀត បើ​និយាយ​ពី​ទីផ្សារសេរី គេ​ត្រូវ​និយាយ​ពី​សេចក្តីត្រូវការ និង ការផ្គត់ផ្គង់ មានន័យថា បើ​សេចក្តីត្រូវការ​លើសពី​ការផ្គត់ផ្គង់ ទំនិញ​នឹង​ឡើងថ្លៃ​ជា​ស្វ័យប្រវត្តិ។

ប៉ុន្តែ នៅ​កម្ពុជា ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»ឬ«មាន់​ពង​លើ​ស្រូវ​តែងតែ​ស៊ី​ស្រូវ»បាន​ដើរ​លើសពី​ក្រឹ​ត​ក្រម​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​វា​បាន​ក្លាយជា​រនាំង​បិទបាំង​ការ​លោភលន់ អំពើពុករលួយ និង បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្លេច​គិតពី​ការ​ខ្មាសអៀន និង​ភាពសមរម្យ។ ទស្សនៈ​នេះ​បាន​ជំរុញ​ឲ្យ​មនុស្ស​ខ្មែរ​ជាច្រើន​រង់ចាំតែ​ឱកាស​ដើម្បី​រក​យក​ប្រយោជន៍​បើទោះជា​ប្រយោជន៍​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ​យ៉ាងណាក៏ដោយ។ ការ​បិ​ច​បោច​ប្រយោជន៍​ជាតិ​ដើម្បី​បំប៉ន​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅក្នុង​រដ្ឋបាល​សាធារណៈ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។

ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​របៀបរៀបរយ​ក៏ដូចជា​ជា​ធ្វើ​ឲ្យ​ប្រទេស​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ការកែតម្រូវ​ទស្សនៈ​ខុសឆ្គង​មួយចំនួន​គួរតែ​ចាប់ផ្តើម​ពី​ពេលនេះ​ទៅដោយ​មិនអាច​បង្អង់​បានឡើយ។ ជាបឋម រដ្ឋ​ត្រូវ​ធានាថា មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិស​ទាហាន ត្រូវតែមាន​ប្រាក់ខែ​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រស់​ដោយ​ថ្នៃ​ថ្នូរ​បាន។ ប៉ុន្តែ ការដំឡើង​ប្រាក់ខែ​តែមួយ​មុខ​ក៏​មិន​គ្រប់គ្រាន់​ដែរ ពីព្រោះ​មាន​មនុស្ស​ច្រើនណាស់​មិនមែន​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​តែ​ជីវភាព​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​បំពេញ​ការ​លោភលន់​គ្មាន​ព្រំដែន​របស់ខ្លួន​មិនចេះ​ស្កប់ស្កល់។

ក្នុង​បរិបទ​នេះ ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​និង​ការអប់រំ​សីលធម៌​សង្គម​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយទៀត។ បន្ទាប់ពីនោះ មនុស្ស​ខ្មែរ​ជាពិសេស​មន្ត្រីរាជការ​ដែល​ធ្វើការ​បម្រើ​ជាតិ​ត្រូវ​នាំគ្នា​ផ្លាស់ប្តូរ​ទស្សនៈ​កេងចំណេញ​ពីរ​ដ្ឋ​ឬ​កេងចំណេញ​ពី​អ្នកដទៃ​ឲ្យ​ទៅជា​អ្នកចូលរួម​ចំណែក​ជួយ​រដ្ឋ​និង​ជួយ​សង្គមជាតិ​វិញ។ បើ​មិន​ដូច្នោះ​ទេ ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង»នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​វាសនា​មិន​ខុសពី​រុក្ខជាតិ​មួយ​ដើម​ដែល​រួបរឹត​ដោយ​បញ្ញើក្អែក​យ៉ាង​ជុំជិត​នោះឡើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    កម្ពុជា​ត្រូវ​ការ​ពង្រឹង​ស្ថាប័ន​ដើម្បី​ជំរុញ​ល្បឿន​នៃ​កំណែ​ទម្រង់!

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​បញ្ហា​ចរាចរណ៍​៖ ច្បាប់​ថ្មី​ក្នុង​បរិបទ​នៃ​ទម្លាប់​ចាស់!

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ល្បែង ​របាំ ​ប្រជាប្រិយ​​ខ្មែរ​​កាន់តែ​​រសាត់​​ឆ្ងាយ​​ពី​​យុវជន​​សម័យ​ថ្មី!​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ដល់​ពេល​ដែល​សង្គម​ខ្មែរ​គិត​គូរ​ពី​គុណ​ភាព​និង​ប្រសិទ្ធ​ភាព

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ