ស្ថាប័នសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ៧ ស្នើឲ្យអាស៊ានជួយសម្រុះសម្រួលបញ្ហាកម្ពុជា
ស្ថាប័នអន្តរជាតិក្រៅរដ្ឋាភិបាលចំនួន៧ នៅថ្ងៃទី២៥ខែមេសា ម្សិលមិញ បានសរសេរលិខិតមួយច្បាប់ទៅកាន់លោក Dr VIVIAN BALAKRISHNAN រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដើម្បីស្នើឲ្យប្រទេសពាក់ព័ន្ធនឹងបញ្ហាកម្ពុជាជួយសម្របសម្រួលស្ថានការណ៍នយោបាយកម្ពុជាឲ្យវិលទៅរកក្រក្រតីភាពឡើងវិញ។ ការអំពាវនាវរបស់អង្គការទាំង៧នេះ បានធ្វើឡើងខណៈដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
អង្គការអន្តរជាតិទាំង៧ ដែលស្នើឲ្យប្រធានអាស៊ានគឺប្រទេសសិង្ហបុរី ជួយសម្របសម្រួលដល់បញ្ហានយោបាយកម្ពុជានោះគឺ សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) បណ្តាញប្រជាធិបតេយ្យអាស៊ី(ADN) វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) ក្រុមប្រឹក្សាសេរីភាពនិងប្រជាធិបតេយ្យអាស៊ី (CALD) អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) និង វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្ដរជាតិ(NDI)។
ក្រុមអង្គការទាំងនេះ បានធ្វើការអំពាវនាវមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ដោយស្នើឲ្យ ប្រធានប្ដូរវេនអាស៊ានជួយសម្រុះសម្រួលភាគីពាក់ព័ន្ធទាំងអស់នៃប្រទេសកម្ពុជា ដើម្បីជួយធ្វើឲ្យស្ថានភាពនយោបាយ «អស្ថិរភាព» នៅកម្ពុជា ត្រលប់ទៅរកភាពប្រសើរឡើងវិញ។ លើសពីនេះ ក៏មានការអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលជាហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កោះប្រជុំឡើងវិញ មុនខែកក្កដាឆ្នាំ២០១៩ ដើម្បីនាំមកនូវសកម្មភាពរួម ផ្លាស់ប្តូរកម្ពុជាឲ្យផុតពីគន្លងប្រទេសដែលមានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងលិខិតសរសេរទៅកាន់ប្រធានអាស៊ានឆ្នាំនេះដែរ ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិទាំងនេះ ក៏បានរៀបរាប់ផងដែរ អំពីសកម្មភាពថ្មីនៃការរំលាយគណបក្សប្រឆាំងដោយរដ្ឋាភិបាលកម្ពុជា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោកកឹម សុខា និងសកម្មជនសិទិ្ធមនុស្ស ការបិទសិទ្ធិនយោបាយមេដឹកនាំបក្សប្រឆាំងជាង១០០នាក់ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលដែលមិនស្របទៅនឹងគោលការណ៍របស់អាស៊ាន។
គោលការណ៍អាស៊ានគឺ ការលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ តាមរយៈគោរពការយុត្តិធម៌និងនីតិរដ្ឋ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល១២ឆ្នាំនៅកម្ពុជា។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា តែងលើកឡើងម្តងហើយម្តងទៀតថា គោលការណ៍អាស៊ាន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ