អានតួអត្ថបទ
កម្ពុជា-នយោបាយ

កង​ទ័ព​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី ដែល​អំពាវនាវ​ទម្លាក់ លោក ហ៊ុន សែន

មន្ត្រី​មាន​តួនាទី​ធំៗ​ក្នុង​ជួរ​កង​ទ័ព​បាន​នាំ​គ្នា​ចេញ​មក​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី តាម​រយៈ​វិដេអូ​ឃ្លីប​ខ្លី​មួយ​ថ្លែង​ក្នុង​ឆ្នាំ​២០១១ ដែល​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​រួម​រួប​គ្នា​ទម្លាក់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​តំណែង។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម និង​ការ​ថ្កោល​ទោស​ពី​សំណាក់​មន្ត្រី​ក្នុង​ជួរ​កង​ទ័ព​រាប់​ចាប់​តាំង​ពី​កង​យោធពល​ខេមរភូមិន្ទ រហូត​ដល់​កង​ទ័ព​នៅ​ថ្នាក់​ខេត្ត​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨​ខែ​តុលា​ម្សិល​មិញ​ថា​ មាន​ការ​អំពាវនាវ​មួយ​ទៀត​ឲ្យ​កង​ទ័ព នគរបាល កម្លាំង​ប្រដាប់​អាវុធ​ចេញ​មក​ដើម្បី​បង្វែ​កាណុង​កាំភ្លើង​ផ្ដួល​រំលំ​របប​ផ្ដាច់​ការ ហ៊ុន សែន ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​វិដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បាន​លើក​ឡើង​តាំង​ពី​ឆ្នាំ​២០១១​នោះ​លោក សម រង្ស៊ី ថា មាន​តែ​ការ​បែរ​ចុង​កាណុង​កាំភ្លើង​ផ្ដួល​រលំ​របប​ដឹក​នាំ​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន ទេ​ទើប​អាច​បញ្ចប់​របប​ផ្ដាច់​ការ។ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ​ កងទ័ព ពួក​គេ​គ្មាន​ហេតុផល​អ្វី​ទៅ​បះ​បោរ​ក្បត់​រដ្ឋាភិបាល​ស្រប​ច្បាប់​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​កំចាត់​ជន​ក្បត់​ជាតិ​ខ្មែរ​ដូច សម រង្ស៊ី ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​ក្រុម​មេទ័ព​ក៏​ដូច​ជា លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​ស្រប​នឹង​ខ្លឹមសារ​នៃ​ច្បាប់​កង​ទ័ព។ ច្បាប់​កង​ទ័ព​ដែល​បាន​ប្ដេជ្ញា​ការពារ​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ នេះ​បើ​តាម​លោក ឈុំ សុជាតិ។ ​

ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដែល​កាល​ណោះ​និយាយ​ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាញ​ភ្ជាប់​នឹង​សំណុំ​រឿង​តែ​មួយ​ជាមួយ​ករណី​លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទោស​ក្បត់​ជាតិ។

ចំណែក លោក សូរ ចន្ថា អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា អ្នក​នយោបាយ​មិន​គួរ​ណា​រម្លឹក​រឿង​អតីតកាល​មក​និយាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ គឺ​នាំ​ឲ្យ​តែ​ខ្មែរ​បែក​គ្នា​ទៅ​វិញ​ទេ។ បើ​តាម​លោក សូរ ចន្ថា អ្វី​ដែល​នយោបាយ​គួរ​ធ្វើ​ផ្ដោត​ទៅ​លើ​ការ​រៀប​ចំ​ប្រទេស​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ទើប​ជា​រឿង​សំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ