អានតួអត្ថបទ
កម្ពុជា

បណ្ឌិត សុខ ទូច ចង់បានយន្តហោះ Drone ដើម្បីស្រាវជ្រាវរឿងព្រំដែន!

លោក​បណ្ឌិត សុខ ទូច ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កំពុង​តែ​ខ្វះ​យន្តហោះ ឌ្រូ​ន (Drone) ដើម្បី​ចុះទៅ​ពិនិត្យ​ព្រំដែន ប្រៀបធៀប​ផែនទី និង ផែនដី​ជាក់ស្តែង។ ចំណែក​បញ្ហា​ថវិកា​ស្រាវជ្រាវ​វិញ ក៏​មាន​តិច​តួច​ស្តួច​ស្តើង​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក​បណ្ឌិត​រូប​នេះ​ថា គាត់​ត្រូវ​រង​ការ​ជេរ​ប្រមាថ ត្មិះ​តិះ​ដៀល​ដល់​វង្ស​ត្រូ​កូល ដែល​«លំបាក​ទទួល​យក»​ដោយ​សារ​តែ​រឿង​ព្រំ​ដែន​។

លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។
លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។ RFI
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​លោក កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ថវិកា ពិសេស​គឺ​ការ​រក​លុយ​ទិញ​យន្ត​ហោះ  Drone ដើម្បី​យកទៅ​ពិនិត្យ​ព្រំដែន​ផ្ទាល់​តែម្តង។ បើ​តាម​លោក​បណ្ឌិត​​​ដដែលនេះ​ ការ​មាន​យន្ត​ហោះ​ឌ្រូន គឺ​ប្រយោជន៍​ដើម្បី​ដាក់ GPS បៀប​ធៀប​ផែនទី​និង​​ផែនដី ហើយ​មើល​ពី​លើ​អាកាស​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​បង្គោល​ព្រំដែន​នី​មួយ​ៗ​។ ​មិន​តែ​ប៉ុណ្ណោះ មាន​យន្ត​ហោះ ឌ្រូន ក៏​អាច​ជៀសវាង​ឧបសគ្គ​ព្រៃភ្នំថែម​ទៀតផង។ 

លោក​បណ្ឌិត សុខ ទូច ដែល​ពេល​ថ្មី​ៗនេះ ត្រូវ​មហាជន​មួយ​ចំនួន ជេរ​ប្រមាថ​ដល់​ឪពុក​ម្តាយ ដោយ​សារ​តែ​លូក​ដៃ​ស្រាវជ្រាវ​រឿង​ព្រំដែន​នោះ បាន​លើក​ឡើង​ដោយ​សម្តី​ទន់​ភ្លន់​ខុស​ធម្មតា​​ថា លោក​បាន​កាត់​បន្ថយ​ម៉ោង​បង្រៀន​ផ្ទាល់​ខ្លួន យក​ពេល​ទៅ​លូក​ដៃ​ឲ្យ​កប់​ជ្រៅ​រឿង​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​របស់​លោក​ក៏​ខើច​ណាស់​ដែរ​។ ចំណែក​ការ​ត្មិះ​តិះដៀល​លើ​រូបលោក​កន្លង​មក លោក​បណ្ឌិត​ថា លំបាក​នឹង​ទទួល​យក​ណាស់ ហើយ​លោក​ត្រូវ​រក​សម្ពាធ​ផ្លូវចិត្ត​មែន​ទែន។ យ៉ាង​ណា​ក៏ដោយ​ចុះ បណ្ឌិត​រូប​នេះ អះ​អាង​ថា នឹង​ខំ​ខាំ​មាត់​សង្កត់​ចិត្ត ដើម្បី​បុព្វ​ហេតុ​ប្រវត្តិ​សាស្ត្រ​ខ្មែរ។

សូម​ជម្រាប​ថា ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា មាន​គ្នា​៨​នាក់ គឺ​បណ្ដុំ​ដោយ​ក្រុម​បណ្ឌិត​និង​បេក្ខ​បណ្ឌិត ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច​។ លោក​គឺជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​គេ​តែង​ស្គាល់​ថា​ជា​អ្នកវិភាគ​នយោបាយ។ ក្រុម​នេះ​បាន​ប្រកាស​បើក​ការ​ស្រាវ​ជ្រាវ​រឿង​ព្រំដែន តាំង​ពី​ថ្ងៃទី​២២​កក្កដា​២០១៥​រហូតមក។

ចំណែក​សមិទ្ធផលវិញ ត្រូវ​លោក សុខ ទូច បញ្ជាក់​ថា ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានសម្រេច២ដំណាក់កាល​រួចហើយ គឺ​ដំណាក់កាល​ប្រមូល​ឯកសារ​និង​​ផែន​ទី​ផ្សេង​ៗ ហើយ​ទី២ គឺ​ការសិក្សា​ពី​សន្ធិសញ្ញា​ពាក់ព័ន្ធ​នានា​និង​កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ទៀត​។ កិច្ចការ​ទាំង​នេះសម្រេច​រួចរាល់​ហើយ ពោលគឺ​នៅ​តែ​​ជំហាន​ទី៣ ដែល​ត្រូវ​ចុះទៅ​ប្រៀប​ធៀប​នឹង​ភូមិសាស្ត្រ​ផែនដី​ជាក់ស្តែង​តែ​ប៉ុណ្ណោះ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ