អានតួអត្ថបទ
កម្ពុជា-ព្រំដែន

លោក សុខ ទូច ការពារ​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ឡាវ​របស់ លោក ហ៊ុន សែន

លោក សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​ការពារ​យុទ្ធសាស្ត្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​ដែល​ទើប​បិទ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។ លោក​បាន​សង្កត់​ធ្ងន់​ដោយ​សំឡេង​ខ្លាំង​ថា នេះ​គឺ​ជា​ការ​ងារ​ពិត មិន​មែន​ប្រឌិត​ដើម្បី​ចំណេញ​សន្លឹក​ឆ្នោត​ដូច​ការ​រិះ​គន់​ទេ។

លោក សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា
លោក សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​លោក សុខ ទូច ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី ស្ថានភាព​ព្រំដែន​កម្ពុជា​ចំណុច​តំបន់​អូអាឡៃ និង​តំបន់​អូរតាង៉ាវ ខេត្ត​ស្ទឹងត្រែង ក្រោយ​ឡាវ​ដក​ទ័ព​ចេញ។ នៅ​ក្នុង​បទ​បង្ហាញ​ជាង​មួយ​ម៉ោង លោក សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​គូស​បញ្ជាក់​ថា កង​ទ័ព​ឡាវ​ពិត​ជា​បាន​ឈរ​ជើង​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​មែន។ ហើយ​ក៏​មាន​ដែរ​ការ​ដាំ​ដុះ​អនុផល​ផ្សេងៗ ដែល​នេះ​មិន​មែន​ជា​យុទ្ធសាស្ត្រ​សម្បនិម្មិត​ដូច​ក្រុម​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​លោក សុខ ទូច ទៅ​កាន់​មតិ​មួយ​ចំនួន​បាន​ចាត់​ទុក​យុទ្ធសាស្ត្រ​លោក ហ៊ុន សែន ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដើម្បី​ចំណេញ​សន្លឹក​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ ចន្ទ ដើម​សប្ដាហ៍​នេះ​ដែរ ក៏​ព្រមាន​ជា​មុន​ថា រដ្ឋាភិបាល នឹង​ចាប់​ខ្លួន​អ្នក​អត្ថាធិប្បាយ​ទាំង​ឡាយ​ណា ដែល​និយាយ​ចោទ​ថា ព្រឹត្តការណ៍​ឈ្លាន​ពាន​បរទេស​ណា​មួយ មក​លើ​កម្ពុជា ដើម្បី​សន្លឹក​ឆ្នោត ។

លោក សុខ ទូច ថា ចេតនា​របស់​ឡាវ​ឈរ​ជើង នៅ​លើ​ទឹក​ដី​កម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម និង ចិន។​ ឆ្លើយ​សំណួរ​ហេតុអ្វី​បាន​ជា​កម្ពុជា​ចល័ត​ទ័ព​ច្រើន​ម្លេះ? លោក សុខ ទូច ថា ត្បិត​តែ​ឡាវ​ដាក់​កង​ទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​មាន​ចំនួន​តែ​៩២​នាក់​ក៏​ដោយ តែ​នៅ​ពី​ក្រោយ​ចំនួន​នេះ ឡាវ​បាន​ពង្រាយ​កង​ទ័ព​ជា​ច្រើន​ចាប់​ពី​បង្គោល​លេខ​៧៨​រហូត​ទៅ​ដល់​ចំណុច​ប្រសព្វ​នៃ​ការ​បែង​ចែក​ដែន​ដី រវាង​ខេត្ត​អាតាពឺ​របស់​ឡាវ និង​ស្ទឹងត្រែង​របស់​កម្ពុជា។ លោក សុខ ទូច ថា​គេ​មិន​អាច​មើល​ងាយ​សត្រូវ​ថា ខ្សោយ​នោះ​ទេ​ ទោះ​បី​ចំណុច​ខ្លះ​ឡាវ​ចាញ់​ប្រៀប​កម្ពុជា​ក៏​ដោយ។​

តែ​យ៉ាង​ណា​ក៏​ដោយ ​កាល​ដែល​ឡាវ​ព្រម​ដកទ័ព​ចេញ​ពី​កម្ពុជា​គឺ​បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ទាំង​ផ្នែក ការ​ទូត យុទ្ធសាស្រ្ត​នៃ​ការ​ដោះ​ស្រាយ និង វិសាលភាព​នៃ​ការ​បង្ហាញ​កម្លាំង​ទ័ព​របស់​កម្ពុជា។

និយាយ​ពី​បញ្ហា​ព្រំដែន​ទូទៅ លោក សុខ ទូច បាន​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ របស់ លោកហ៊ុន សែន ថា ​មិន​មែន​ជា​នាយក​រដ្ឋមន្រ្តី ក្នុង​ប្រវត្តិសាស្រ្ត កាត់​ទឹក​ដី​ឲ្យ​ប្រទេស​ណា​មួយ​នោះ​ទេ។ ដូច្នេះ​រាជ​បណ្ឌិត្យ​សភា​នឹង​ចង​ក្រង​សៀវភៅ ស្តី​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ប្រហែល​ជា​១០០​ទំព័រ ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង។ មួយ​ផ្នែក​ទៀត​ចៀស​វាង​មិន​ឲ្យ​អ្នក​នយោបាយ ធ្វើ​ពាណិជ្ជកម្ម​លើ​បញ្ហា​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ