អានតួអត្ថបទ
កម្ពុជា

ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា៖ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​គ្រាន់​តែ​ជា​និមិត្ត​រូប​សម្រាប់កម្ពុជាពេលនេះ

លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​បក​ស្រាយ​ថា​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស បាន​កា្លយ​ជា​និមិត្ត​រូប​សម្រាប់​ប្រទេស​កម្ពុជា ហើយ​កិច្ច​ព្រម​ព្រៀង​នេះ មិន​អាច​ក្លាយ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​នោះ​ទេ។ ការ​បក​ស្រាយ​របស់​លោក​ធ្វើ​ឡើង ក្រោយ​ពី​លោក​មើល​ឃើញ​ថា​មាន​ការ​បក​ស្រាយ​ខុស​ពី​កិច្ច​ព្រម​ព្រៀង​នេះ​។ គណបក្ស​ប្រឆាំង​វិញ បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​មាន​សុពលភាព​ក្នុង​ការ​អនុវត្ត​នៅ​កម្ពុជា។

លោក សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត​សុខ ទូច​បញ្ជាក់​ថា​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​មាន​សុពលភាព​អំឡុង​អន្តរ​កាល ដែល​មិន​ទាន់​មាន​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​១៩៩៣ ក្រោយ​ពី​កម្ពុជា​បោះ​ឆ្នោត​ហើយ មាន​ន័យ​ថា​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ។ លោក​បន្ថែម​ថា​ពេល​នេះ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​បាន​កា្លយ​ជា​និមិត្តរូប​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា​បង្កើត​រាជាណា​ចក្រទី២ ហើយ​កិច្ច​ព្រមព្រៀង​មិន​អាច​ក្លាយ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ពោល​គឺ​មាន​តែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ទើប​ជា​ច្បាប់​កំពូល​។

សូម​ជម្រាប​ជូន​ថា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺ​ធ្វើ​ឡើង ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ខ្មែរ​។ ហត្ថលេខី នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស មាន ១៨​ប្រទេស + កម្ពុជា។ ក៏​ប៉ុន្តែ នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បែង​ចែក​ជា ៤ភាគី គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពល​រដ្ឋ​ខ្មែរ របស់​លោក​តា សឺន សាន និង​ខ្មែរ​ក្រហម ដែល​រួម​បញ្ចូល​គ្នា បង្កើត​ជា “ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់”។

ប្រធាន​រាជបណ្ឌិត​​សភា ដែល​ទើប​ទទួល​បាន​តំណែង​ថ្មីៗ​រូប​នេះ​បក​ស្រាយ​ពី​សុពលភាព​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​លើក​យក​មាត្រា១​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មក​បង្ហាញ និង​ស្នើ​ឲ្យ​អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន នៅ​កម្ពុជា​ឈប់​បន្ត​ការ​បក​ស្រាយ​ខុស​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ទៀត​។

លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី១ ខែ​កញ្ញា ថា​ខ្លឹម​សារ​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​២៣តុលា ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​រួច​ហើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បន្ថែម​ថា គេ​មិន​អាច​យក​កិច្ច​ព្រម​ព្រៀង​នោះ​មក​អនុវត្ត​ជំនួស​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​ទេ។ លោក​ថា​ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ គ្មាន​អ្វី​ក្រៅ​ពី​ការ​អនុវត្ត​ច្បាប់​គោល ដែល​ជា​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​រាជបណ្ឌិត​​​សភា​កម្ពុជា អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​លោកយឹម សុវណ្ណ​ថា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ជានិ​មិត្ត​រូប​របស់​លោក​បណ្ឌិតសុខ ទូច ប៉ុន្តែ​គឺ​ជា​ក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ និង​ជា​មូល​ដ្ឋាន​ក្នុង​ការ​ស្វែង​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​

លោក​យឹម សុវណ្ណ​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​មាន​សុពលភាព​ក្នុង​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ប្រទេស​១៨​ចុះ​ហត្ថលេខា ហើយ​បាន​ចែង​ច្បាស់​ថា​ប្រទេស​កម្ពុជា​ត្រូវ​តែ​ដើរតាម​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ