អានតួអត្ថបទ
កម្ពុជា

តើលោក កឹម សុខា អាច​មាន​វាសនា​ធ្វើ​ជា​ប្រធាន​បក្ស​សង្គ្រោះជាតិ​ដែរឬទេ?

ដូច​លោក​អ្នក​ស្តាប់​ជ្រាប​ស្រាប់!​ គឺ​មួយ​ថ្ងៃក្រោយ​ការ​ប្រកាស​លាលែង​ពី​តំណែងរបស់​លោក សម រង្ស៊ី, ​គណ​បក្ស​​​សង្គ្រោះជាតិ ពីម្សិលមិញ បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​នាយកជា​បន្ទាន់​​ ហើយ​បាន​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​ស្តីទី​ដឹកនាំបក្ស​ រហូត​ដល់​ពេល​ជ្រើសរើស​ប្រធាន​ថ្មី។ ក៏ប៉ុន្តែ​ សួរ​ថា តើ​លោក កឹម សុខា អាច​នឹងមាន​វាសនា​​ក្លាយ​ជា​ប្រធាន​ផ្លូវ​ការ​របស់​បក្ស​ប្រឆាំង​ ធំជាង​គេ​នេះ​ដែរឬទេ?​ ហើយតើ​នីតិវិធី​ជ្រើស​តាំង​ប្រធាន​ថ្មី​របស់​បក្ស​ប្រឆាំង​ ត្រូវ​ធ្វើ​ដូច​ម្តេច​?

លោក កឹម សុខា ជាប្រធានស្តីទីដឹកនាំបក្សCNRP
លោក កឹម សុខា ជាប្រធានស្តីទីដឹកនាំបក្សCNRP @Kem-Sokha-page
ផ្សាយពាណិជ្ជកម្ម

​ការសម្រេច​ប្រគល់​សិទ្ធិឲ្យ​លោក កឹម សុខា ដឹកនាំបក្ស​ក្នុង​នាម​ជា​ប្រធាន​ស្តីទី គឺធ្វើ​​ជា​បណ្តោះ​​​អាសន្ន ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ត្រឹម​១៨ខែតែប៉ុណ្ណោះ គឺរាប់​ចាប់ពីពេល​នេះ រហូត​ដល់​​ថ្ងៃទី៧​ខែ​មេសា​ឆ្នាំ​២០១៨។ ពេល​នោះហើយ ទើប​មានការ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី ជា​ផ្លូវ​ការ តាម​រយៈ​សមាជ​សាមញ្ញ​ លើកទី​២របស់​បក្ស​​​។ 

បើ​យោ​ង​តាម​លក្ខន្តិកៈ​ និង​ បទបញ្ជា​ផ្ទៃ​ក្នុង​គណ​បក្ស​​​សង្គ្រោះជាតិ, ការ​ជ្រើស​តាំង​ប្រធាន​បក្ស គឺ​ត្រូវ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ ៥០% + ១ នៅ​ក្នុង​អង្គ​ប្រជុំ​សមាជ គណ​បក្ស​។ បេក្ខជន​ឈ្មោះឈរ​នោះ ត្រូវមាន​បញ្ជីឈ្មោះ​អនុប្រធាន​របស់​ខ្លួន​ ហើយ​ដែល​ត្រូវមាន​ការ​គាំទ្រ ​សំឡេង​ ១/៣ ពី​​គណៈកម្មាធិការ​នាយករបស់​បក្ស។​

បើ​ក្នុង​ករណី​ប្រធាន​បក្ស​លាលែង ឬ​ប្រធាន​បាត់​បង់​សមត្ថភាព​ដឹក​នាំ​គណបក្ស, គណៈ​កម្មាធិការ​​នាយករបស់​បក្ស ត្រូវ​ជ្រើ​ស​រើស​អនុប្រធាន​បក្ស​ជា​ប្រធាន​ស្តីទី គឺដូច​អ្វីដែល​បក្ស​បាន​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ។ ហើយ​ចាប់ពី​ពេល​នេះ រហូត​ដល់​១ខែ យ៉ាង​យូរ​ គណៈ​កម្មាធិការ​នាយក ដែល​មាន​សមាជិក​៦៩រូប​ ត្រូវ​សម្រេច​ជ្រើសរើស​អនុប្រធាន​បក្ស​ថ្មី​ម្នាក់​ទៀត ដើម្បី​ទៅ​ជួយ​កិច្ច​ការ​ងារ​លោក​ កឹម សុខា។​

ដូច្នេះ ក្នុង​​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ថ្មី នៅឆ្នាំ​២០១៨ខាង​មុន​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​វិធី​លើកដៃ​ ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ៥០% + ១។ ក៏ប៉ុន្តែ ដូចបាន​បញ្ជាក់​មុន​នេះ​ស្រាប់​ ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធាន​បក្ស​បាន បេក្ខជន​នោះ ត្រូវ​ទទួល​ការ​គាំទ្រ​ យ៉ាង​តិច​១/៣​ពី​​គណៈកម្មាធិការ​នាយករបស់​បក្ស ជាមុនសិន។

ប្រសិន​បើ​ ករណី​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន មាន​​ដល់ទៅ​២បញ្ជី ឬ​លើសពី​២​បញ្ជី​ បាន​សេចក្តីថា បេក្ខជន​នោះ មានបញ្ជី​ឈ្មោះ​ខ្លួន​ឯង​ជាប្រធាននិង​មាន​ឈ្មោះបុគ្គល​ម្នាក់ទៀត​ជា​អនុប្រធាន​របស់​ខ្លួន ហើយ​មាន​បញ្ជី​ឈ្មោះ​ផ្សេងទៀត ដែល​ឈរ​ឈ្មោះ​និង​អនុប្រធាន​របស់​ខ្លួន​ដែរ, នីតិវិធីជ្រើសរើស​ប្រធាន​នឹង​​ត្រូវ​​ផ្លាស់ប្តូរ ដោយ​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សម្ងាត់​វិញ។

យ៉ាង​ណា​ក៏ដោយ​ចុះ ​អនុប្រធាន​គណៈកម្មាធិការ​នាយ​របស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង​ បា​នពន្យល់​បន្ថែម​ថា បើ​យោង​តាម​ស្មារតី​នៃ​សមាជ​បក្ស​លើកទី១ រួម​ទាំងក្នុង​លក្ខន្តិកៈ​, នៅក្នុង​សមាជបក្ស​លើកទី២ គឺគ្មាន​ចែងពី​​កូតា​បេក្ខជន​ប្រធាន​បក្ស ថា​ត្រូវ​មក​ពី​គណ​​​បក្ស​សិទ្ធិមនុស្ស ឬ​បក្ស ​សម រង្ស៊ី ​នោះឡើយ​ទេ។ បើ​តាម​លោក អេង ឆៃអ៊ាង ដដែល​,​ បក្ស​ទាំងពីរ​បាន​ច្របាច់​ចូល​គ្នាតែមួយ​រួចហើយ ហេតុនេះ​ គ្មាន​ត្រូវ​បែង​ចែងកូតា​អ្វីទៀត​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ