អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍​

អាជ្ញាធររៀបចំតំបន់ប្រាសាទសំបូរព្រៃគុកអោយសក្តិសមជាតំបន់ទេសចរណ៍

ក្រោយ​ពី​ប្រាសាទ​សំបូរ​ព្រៃ​គុក​ បាន​ចូល​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក​ មាន​គម្រោង​រៀបចំ​បន្ថែម​ ដោយ​សារ​តែ​តំបន់​មួយ​នេះ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​។ អាជ្ញាធរ​បាន​រៀប​ចំ​គម្រោង​ជា​ដំណាក់​កាល​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ឲ្យ​ស្រប​តាម​លក្ខ​ខណ្ឌ​របស់​អង្គការ​យូណេស្កូ​ផង​។

ពិ​ធី​បួង​សួង​រំ​លឹក​គុណ​បុព្វ​បុរស​ខ្មែរ​ និង​អប​អរ​សា​ទរ​ការ​ចុះ​បញ្ជី​ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​
ពិ​ធី​បួង​សួង​រំ​លឹក​គុណ​បុព្វ​បុរស​ខ្មែរ​ និង​អប​អរ​សា​ទរ​ការ​ចុះ​បញ្ជី​ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ @FB
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ ទី​ កញ្ញា​ និង​ តាន់​ គឹម​ច័ន្ទ​វាសនា​

ពិធីបួងសួង​រំលឹក​គុណ​បុព្វបុរស​ខ្មែរនៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៦​ និង៧​ ខែ​សីហា​ ក្រោម​អធិបតី​ភាព​លោក​ស្រី​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។ នៅ​ថ្ងៃ​ទី​០៧​ សីហានេះ​ មាន​ការ​ប្រគំ​តន្ត្រី​ សិល្បៈ​ចាប៉ី​ដង​វែង និង​របាំ​ប្រពៃណី​។ ក៏​មាន​ផង​ដែរ ការ​សម្ដែង​ក្បាច់​គុណ​ខ្មែរ កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ​ និង​ល្បែង​កម្សាន្ត​ដទៃ​ទៀត។ ចំណែក​ កាល​ថ្ងៃទី​៦​ សីហា​ ម្សិលមិញ​ ពិធី​បួងសួង​បាន​ចាប់​ផ្ដើមដោយ​ប្រារព្ធ​ធ្វើ​កម្មវិធី​ក្រុងពាលី​។

ក្រៅ​ពីនេះ​ ចំពោះ​ការ​អភិវឌ្ឍ​ប្រាសាទ​ លោក​ ផាន់​ ណាឌី​ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃគុក​ បាន​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹងថា​ អាជ្ញា​ធរ​នៅ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ មាន​គម្រោង​ផែនការ​រៀបចំ​ប្រាសាទ​ជា​ដំណាក់​កាល​ដែល​ក្នុង​នោះ​មាន​ ផែន​ការ​រយៈ​ពេល​វែង​ដាក់​ទៅ​យូណេ​ស្កូ​ ទាក់ទង​នឹង​ការងារ​អភិរក្ស​ ជួស​ជុល​ ថែទាំ​ប្រាសាទ​នៅ​ក្នុង​តំបន់​។ ចំនែក​ឯ​ ផែនការ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ អាជ្ញាធរ​ធ្វើ​ការ​ជ្រើស​រើស​ប្រាសាទ​ក្នុង​តំបន់​ប្រាសាទ​សំខាន់​បី​ គឺ​ ប្រាសាទ​សំបូរ​ តោ​ យាយព័ន្ធ​ ថា​តើ​មាន​ហានិភ័យ​អ្វី​ខ្លះ​ បន្ទាប់​មក​ជួសជុល​ប្រាសាទ​ រើស​ប្រាសាទ​ដែល​សំខាន់​បំផុត​នៅតំបន់​ខាង​ជើង​ ត្បូង​ កណ្ដាល​។ រីឯ​ផែនការ​មធ្យម​ ១០ឆ្នាំ​ អាជ្ញាធរ​នឹង​ធ្វើ​ការ​លើ​ប្រាសាទ​នៅ​តំបន់​ជិតៗ​ ដែល​ក្រៅ​ពី​ក្រុម​ប្រាសាទ​សំខាន់​ទាំង​​បី និង​ផែនការ​រយៈ​ពេល​វែង​ ១៥​ឆ្នាំ​ គឺ​ជា​ផែនការ​ពង្រីក​ក្រុម​ប្រាសាទ​ផ្សេង​ទៀត​។

ក្រៅ​ពី​ផែនការ​ទាំងនោះ​ គឺ​មាន​ផែនការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូចជា​ពង្រីក​ផ្លូវ​ និង​ធ្វើ​ផ្លូវ​វាង​សម្រាប់​រថយន្ត​ធន់​ធ្ងន់​ជាដើម​ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កំសាន្ត​នៅ​តំបន់​នោះ​។

ក្នុងនោះ​ផង​ដែរ​ អាជ្ញា​ធរ​ក៏​បាន​រៀបចំ​សន្តិសុខ​ និង​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​ ដោយ​ធ្វើ​ការ​បែងចែក​នាយក​ដ្ឋាន​ចំនួន​៦​ផ្សេងៗ​គ្នា​ ដែល​នាយក​ដ្ឋាន​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​តំបន់​ និង​សហការ​ជាមួយ​អាជា្ញធរ​មូលដ្ឋាន​ ដូចជា​ ស្រុក​ ឃុំ​ ខេត្ត​បន្ថែម​ទៀត​។ លោក​ថា​ មាន​ការ​ដាក់​កម្លាំង​តាម​គោលដៅ​សំខាន់​ សម្រាប់​ការពារ​ការ​ជីក​កកាយ​បំផ្លាញ​ប្រាសាទ​ ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ​ ដូចជា​ ការ​កាប់​ព្រៃឈើ​ ការ​រំលោភ​ដី​ប្រាសាទ​ ជាដើម​។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​និង​ឲ្យ​ពួកគាត់​មាន​ភាព​ងាយ​ស្រួល​ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​ កំពុង​ត្រៀម​ដោះ​ស្រាយ​នូវ​កង្វះខាត​មួយ​ចំនួន​ ដូចជា​បន្ទប់​ទឹក​ ផ្លាក​សញ្ញា​ ឯកសារ​សម្រាប់​ភ្ញៀវ​ទេសចរ​ និង​ អភិវឌ្ឍ​ផ្លូវ​ដើរ​ឬ​ផ្លូវ​កង់​បន្ថែម​។

ចាប់​តាំង​ពី​ប្រាសាទ​នេះ​ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ លោក​បាន​ឲ្យ​ដឹង​ថា​មាន​ភ្ញៀវ​ទេសចរ​ជាច្រើន​បាន​ទៅ​ទស្សនា​ ជាពិសេស​ភ្ញៀវ​ជាតិ​។ ហើយ​លោក​រំពឹង​ថា​ នៅពេល​អនាគត​ ចំនួន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ នឹង​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ ព្រោះ​ពួក​គេ​ចង់​ដឹង​ពី​ចំណុច​ពិសេស​ និង​ភាព​លេច​ធ្លោ​ដែលនាំ​ឲ្យ​ប្រាសាទ​នេះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​ពេល​កន្លង​ទៅ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ