អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈអចិន្ត្រៃយ៍​រដ្ឋសភា ​សម្រេច​​យក​បេក្ខជន​​៣​​រូប ​​ទៅ​ជំនួស​កៅអី​សមាជិក​ គជប ​ដែល​នៅ​ទំនេរ​

គណៈកម្មាធិកា​រ​អចិ​​ន្ត្រៃ​យ៍​​នៃ​​រដ្ឋសភា ​នៅ​​ព្រឹក​ថ្ងៃទី ​៣០​ វិច្ឆិកា​​នេះ ​បាន​សម្រេច​​ទទួល​យក​​បេក្ខជន​​ចំនួន​០៣​រូប ​មក​ពី​​គណបក្ស​នយោបាយ​​ចំនួន​​ពីរ ​និង​​មន្ត្រី​​សាលាក្តី​​ខ្មែរ​ក្រហម​​ម្នាក់ ​ដើម្បី​​បំពេញ​​កៅអី​​ជា​​សមាជិក ​គ.​ជ.​ប ​ដែល​​នៅ​​ទំនេរ​។ ​ក្រៅ​ពី​នេះ ​កិច្ច​ប្រជុំ​​គណៈ​កម្មាធិកា​រ​អចិ​ន្ត្រៃ​យ៍​​នៃ​​​រដ្ឋសភា​ ​ក៏​បាន​​សម្រេច​​លើ​​បញ្ជី​​បេក្ខជន​​តំណាងរាស្ត្រ​​ថ្មី​​ចំនួន​​១៦​​រូប​​​មក​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដើម្បី​ប្រកាស​សុពលភាព​។  

កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាពរបស់​លោក ​ហេង សំរិន ​កាលពីថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៧​។​
កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាពរបស់​លោក ​ហេង សំរិន ​កាលពីថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ការគ្រោងទុក គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃទី ៣០ វិច្ឆិកា នេះ បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន ដើម្បី​អនុម័ត​ទៅលើ​របៀបវារៈសំខាន់ៗចំនួន​ពីរ។ ទី១. ការសម្រេច​លើ​បញ្ជី​ឈ្មោះ​បេក្ខជន​ជា​តំណាងរាស្ត្រ​ចំនួន១៦រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្រេច​ដោយ​​គណៈ​កម្មាធិកា​រ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​។ ​បេក្ខជន​​តំណាង​រាស្ត្រ​​ទាំង​១៦​រូប​នេះ ​គឺ​មាន​១១រូប ​ជា​​បេក្ខជន​​តំណាងរាស្ត្រ​​ថ្មី ​ដែល​​បាន​មក​ពី​​ការ​បែងចែក​​អាសនៈ ​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​​ជុំ​ទី​២ ​ក្រោយ​ពី​​ការ​រំលាយ ​និង​​បេក្ខជន​​តំណាងរាស្ត្រ​៥​រូប​​ទៀត ​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​ស្នើ​​ថ្មី ​បន្ទាប់​ពី​​អតីត​​តំណាង​រាស្ត្រ​​របស់​ខ្លួន​​បាន​​លា​ឈប់​។ ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃទី ៣០ វិច្ឆិកា នេះ បាន​លើកឡើងថា តំណាងរាស្ត្រ​ថ្មី​ទាំង១៦រូប នឹងត្រូវ​ប្រកាស​សុពល​ភាព​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី៩ នីតិកាល​ទី៥ ដែល​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ។

ទី២.​​កិច្ចប្រជុំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​នៃ​រដ្ឋសភា ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​ ហេង សំរិន​ ក៏បាន​អនុម័ត​លើ​បេក្ខជន​ចំនួន០៣រូប ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិ​កា​រ​​ជាតិ​​រៀបចំ​ការបោះឆ្នោត គជប ដែល​នៅ​ទំនេរ​ផងដែរ។ បេក្ខជន​ទាំង០៣រូប ដែល​រដ្ឋ​សភា​​​ចាត់​ទុក​​ថា ជា​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងចំណោម​បេក្ខជន​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​គណៈ​កម្មាធិ​កា​រ​​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​​ថ្មី​នេះ រួមមាន លោក នុត សុខុម កូតា​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ដែល​អាច​នឹង​ក្លាយ​ជា​​អនុប្រធាន គជប, លោក ហ៊ែ​ល សារ៉ាត់ កូតា​មកពី​គណបក្ស​​សញ្ជាតិ​កម្ពុជា និង​លោក ​ឌឹ​ម សុ​វណ្ណា​រុំ ជា​មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​​សាលាក្តី​​ខ្មែរក្រហម។ លោក ឌឹ​ម សុ​វណ្ណា​រុំ ដែល បច្ចុប្បន្ន​មាន​តួនាទី​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ ខណៈដែល​រដ្ឋសភា​នៅ​មិនទាន់​សម្រេច​ជា​ផ្លូវការ។ ប៉ុន្តែ​លោក បាន​គូសបញ្ជាក់ថា លោក​គឺជា​បេក្ខជន​សេរី ដែល​មិន​ស្ថិតនៅក្រោម​គណបក្សនយោបាយ​ណាមួយ​នោះឡើយ។

សូមបញ្ជាក់ថា បេក្ខជន​ទាំង៣រូប នឹងត្រូវ​រដ្ឋសភា ធ្វើការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅក្នុង​កិច្ចប្រជុំពេញអង្គ នៅពេល​ខាងមុខនេះ ដើម្បី​កាន់តំណែង​ជា​អនុប្រធាន និង​សមាជិក​គ.ជ.ប ជំនួស​លោក គួច ប៊ុន​រឿន, លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង ដែល​​បានប្រកាស​លាឈប់ កាលពី​ថ្ងៃទី ២០ វិច្ឆិកា ក្រោម​ហេតុផល​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ