អានតួអត្ថបទ
កម្ពុជា-នយោបាយ

គជប​ បង្ហាញ​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ថ្មី​១១​រូប ​ដែល​សេសសល់​ពី​ការ​បែងចែក​ជុំ​ទី​​១​

គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត ​(គ.ជ.ប) ​នៅ​​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ម្សិល​មិញ​​នេះ ​បាន​បង្ហាញ​​បញ្ជី​​ឈ្មោះ​​តំណាង​រាស្ត្រ​​ថ្មី​១១​រូប ​បន្ថែម​​លើ​៤៤​រូប ​ដើម្បី​​បំពេញ​​កៅអី​​សភា​​ដែល​​នៅ​​ទំនេរ ​ក្រោយ​ពី​​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ១១អាសនៈ​ចុង​ក្រោយនេះ គឺ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ បន្ទាប់ពី​គណបក្សនយោបាយ​ចំនួន​ពីរបាន​បដិសេធ។  

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គជប​ ជួប​ប្រជុំ​គ្នា​នា​ពេល​កន្លង​មក​។​
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គជប​ ជួប​ប្រជុំ​គ្នា​នា​ពេល​កន្លង​មក​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ឡុង ប៊ុ​ន្នី អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តព្រៃវែង បាន​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំង១១រូប កូតា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ឡុង ប៊ុ​ន្នី ដែល​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែតុលា នឹង​ទៅកាន់​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​វិញ បន្ទាប់ពី​ការបែងចែក​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប នៅ​ជុំ​ទី០២ កាលពី​ថ្ងៃទី ២៧ វិច្ឆិកា។ ចំណែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក វ៉ាន សំអឿន ដែល​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ ២០១៥ ក៏​នឹង​ទៅកាន់​តួនាទី​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តកណ្តាល​ផងដែរ បន្ទាប់ពី​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តកំពត​រូបនេះ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប កាលពី​ថ្ងៃទី ២៨ វិច្ឆិកា។

បើ​ផ្អែក​តាម​បញ្ជី​ឈ្មោះ​នេះ តំណាងរាស្ត្រ​ថ្មី៩រូប​ផ្សេងទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សេសសល់​ពី​ការបែងចែក​ជុំ​ទី១ ក្រោយពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បោះបង់ចោល​នោះ រួមមាន លោក សៀង ស៊ុត​ថង គឺជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង, លោក អ៊ី សំអុល លោក ម៉ា ឈឿន និង​លោកស្រី ខុន ស៊ុន​អេង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម, លោក គោ​ស៊ុំ សារឿ​ត អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ គឺជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល, លោក ជៀប ស៊ី​វន លោក ពេជ្រ គឹម​ស្រ៊ាង និង​លោក លី ឆេង ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ចុងក្រោយ គឺ​លោក ម៉ុម ស៊ីបុន ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង។ បេក្ខជន​តំណាងរាស្ត្រ​ទាំង១១រូប នឹងត្រូវ​ទៅ​ទទួល​ការប្រកាស​សុពលភាព​ពី​រដ្ឋសភា​នៅពេលឆាប់ៗខាងមុខនេះ។​ នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក ​ឡេង ​ប៉េងឡុង ​អ្នក​នាំ​ពាក្យ​​រដ្ឋសភា​។ ​បើ​តាម​​អ្នក​នាំ​ពាក្យ​​រូបនេះ នី​តិវិធី​​នៃ​​សមាជិក​សភា​​ថ្មី​​ទាំង​១១​រូប ​នឹង​​អនុវត្ត​​ដូច​​តំណាងរាស្ត្រ​​ថ្មី​​ទាំង​៤៤​រូប ​ដែល​​ទើប​តែ​​បាន​​ស្បថ​​ចូល​កាន់​​តំណែង​​ថ្មី ​កាលពី​ថ្ងៃទី ២៨ វិច្ឆិកា ក្រោម​ការរិះគន់​ជាខ្លាំង។

សូមបញ្ជាក់ថា ផ្អែក​តាម​ការបែងចែក​អាសនៈ​នេះ អាសនៈ​សភា​របស់​គណ​បក្ស​កាន់អំណាច​នីតិកាល​ទី៥ នឹង​កើនឡើង​ពី ៦៨ អាសនៈ នៅ​ឆ្នាំ២០១៣ ដល់ ៧៩ អាសនៈ នៅ​ឆ្នាំ២០១៧ បន្ទាប់ពី​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ