អានតួអត្ថបទ
កម្ពុជា-នយោបាយ

តំណាង​រាស្ត្រ​ថ្មី​ទាំង​៤៤​រូប​ស្បថ​ចូល​កាន់​តំណែង​ថ្ងៃនេះ ​ខណៈ​អង្គការ​មួយ​ប្រកាស​មិន​ទទួល​ស្គាល់​

តំណាងរាស្ត្រ​ថ្មី ដែល​មិន​ជាប់ឆ្នោត​ពី​ប្រជារាស្ត្រ ទាំង ៤៤រូប មកពី​គណបក្សនយោបាយ ចំនួន​០៣ បាន​ស្បថ​ចូលកាន់​តំណែង នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា​នេះ ដើម្បី​បំពេញ​នីតិវិធី​​ជា​អ្នកតំណាងរាស្ត្រ​ថ្មី ជំនួស​កៅអី​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ត្រូវបាន​រំលាយ។ ពិធី​សច្ចាប្រណិធាន បាន​ធ្វើឡើង​នៅក្នុង​ព្រះបរមរាជវាំង តែ​មិន​មាន​​ព្រះរាជ​វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ចូលរួម​នោះទេ។ ប៉ុន្តែ​ទន្ទឹម​ជា​មួយ​គ្នា​នេះ ​មតិ​រិះគន់​ក៏មាន​ផងដែរ។  

សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​
សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ការគ្រោងទុក សមាជិកសភា​ថ្មី​ទាំង៤៤រូប នាំមុខ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ចូលទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា​នេះ បន្ទាប់ពី​ទទួលបាន​ការប្រកាស​សុ​ពល​ភាព​ពី​រដ្ឋសភាជាតិ​រួចមក។ នៅក្នុង​ពាក្យសម្បថ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រុម​អ្នកតំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប ៤១រូប​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២រូប​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង១រូប​ទៀត​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច បាន​សន្យាថា នឹង​ស្មោះត្រង់​នៅក្នុង​មុខតំណែង​របស់ខ្លួន ក្នុងពេល​ប្រតិបត្តិការ ឬ​ក្នុងការ​បំពេញបេសកកម្ម​ដែល​ប្រជារាស្ត្រ​កម្ពុជា​បានប្រគល់​ជូន​នេះ។ ក្នុងនោះ សមាជិក​រដ្ឋសភា​ថ្មី​ក៏បាន​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា ដោយ​មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ​ឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពី​ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅថ្ងៃនេះ​ហើយ តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប នឹង​ក្លាយជា​សមាជិកសភា ស្របតាម​ច្បាប់​ថ្មី ដើម្បី​បំពេញ​តួនាទី​នៅតាម​មណ្ឌលរៀងៗខ្លួន។ប៉ុន្តែ យ៉ាងណាក៏ដោយ ការយក​អាសនៈ​របស់​គណបក្សប្រឆាំង ទៅ​បែងចែក​ឲ្យ​គណបក្សនយោបាយ​ផ្សេង​នេះ កំពុង​ទទួលរង​នូវ​ការរិះគន់​និង​វាយប្រហារ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស។ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​គ្រី​ស្ទា​ន​សាន់ ប្រទេស​ន័​រវេ​ស៍ បានប្រកាស​នៅ​ថ្ងៃទី ២៨ វិច្ឆិកា ថា មិន​ទទួលស្គាល់​សមាជិកសភា​ថ្មី​នេះឡើយ។ សេចក្តីថ្លែងការណ៍​បាន​ចាត់ទុកថា ការ​រិ​ប​អូស​អាសនៈ​ស្របច្បាប់ ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេង​បែបនេះ គឺជា​ការអនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន ក៏បាន​ចោទ​ជា​សំណួរ​ថា តើ​គួរ​ហៅ​តំណាងរាស្ត្រ​ថ្មី​ទាំងនេះ​ថា ជា​តំណាងរាស្ត្រ​ដែរ​ឬ​យ៉ាងណា?

គួរ​ជំរាបជូន​ថា នេះ​គឺជា​ការបំពេញ​និតិ​វិធី​ដើម្បី​ក្លាយជា​តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូបនេះ នឹង​ទៅ​ជំនួស​កៅអី​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ​ចំនួន ៥៥ បន្ទាប់ពី​តុលាការ​កំពូល​បានប្រកាស​រំលាយ កាលពី​ថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅ។ ដោយឡែក អាសនៈ​ដែល​នៅ​សេសសល់​ចំនួន១១ ពី​ការបែងចែក​ជុំ​ទី១នេះ នឹងត្រូវ គ.ជ.ប យកទៅ​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​គណបក្សនយោបាយ​ចំនួន២ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បានប្រកាស​មិន​ទទួលយក។ ការណ៍​នេះ នឹងធ្វើ​ឲ្យ​ចំនួន​អាសនៈ​របស់​គណបក្សកាន់អំណាច​កើនឡើង​ពី៦៨អាសនៈ​នៅ​ឆ្នាំ២០១៣ ដល់ ៧៩ អាសនៈ​នៅ​ឆ្នាំ ២០១៧នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ