ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
general

សមាជិក​សភា​ជាង​១៦០​រូប​នៅ​ជុំវិញ​ពិភព​លោក​ ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​​ជា​បន្ទាន់​

media  
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @សហការី

សមាជិក​សភា​​ប្រមាណ​​​ជា​១៥៨​រូប ​មក​ពី​​ប្រទេស​​ចំនួន​២៣​នៅ​​ជុំវិញ​​​ពិភពលោក ​​បាន​​​ផ្ញើ​លិខិត​​ចំហរ​​មួយ​​ទៅ​កាន់​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​​ថ្ងៃទី ​០៤ ​ធ្នូ ​នេះ ​ដោយ​​ស្នើ​​សុំ​ឱ្យ​​ដោះលែង​​លោក ​កឹម សុខា ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ជា​បន្ទាន់​និង​​​ដោយ​​​ឥត​​លក្ខខណ្ឌ​។ ​តាម​រយៈ​​លិខិត​​ចំហរ​​នៅ​ថ្ងៃ​នេះ ​សមាជិក​សភា​​មក​ពី​២ប្រទេស ​ក៏​បាន​​ទាម​ទារ​​ឲ្យ​​មាន​ការ​​ប្រគល់​​មក​វិញ​​នូវ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​រួម​ទាំង​​អាសនៈ​រដ្ឋ​សភា ​និង​​មុខ​តំណែង​​នៅ​​ថ្នាក់​មូលដ្ឋាន​​មក​វិញ​​ផង​ដែរ​។ ​ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិបាល​​កម្ពុជា​​បាន​ចាត់​ទុក​​លិខិត​​ចំហរ​​នេះ​​ថា ​គ្រាន់​តែ​​ជា​ការ​​បញ្ចេញ​មតិ​។ ​ 

ផ្អែក​តាម​លិខិត​ចំហរ ដែលមាន​ឈ្មោះ​របស់​សមា​ជិ​ក​សភា​ទាំង១៥៨រូប មកពី​២៣​ប្រទេស​​នេះ បានដាក់​លក្ខខណ្ឌ៤ចំណុច លើ​គណបក្សកាន់អំណាច​នៅ​កម្ពុជា ក្នុងនោះ បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ចោទ​ជា​សំណួរ​ថា អំពី​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​។

នៅក្នុង​លិខិត​ចំហរ​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ០៤ ធ្នូ​នេះ សមា​ជិក​សភា​ទាំង១៥៨រូប មកពី២៣ប្រទេស ក៏បាន​ទាមទារ​ឲ្យ​មានការ​ទម្លាក់​ចោល​ការ​​​ចោទប្រកាន់​តាមបែប​ន​យោ​បាយ ទៅលើ​អ្នកតំណាងរាស្ត្រ​ទាំងអស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លិខិត​ចំហរ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Twitter ចុះ​ថ្ងៃទី ០៤ ធ្នូ នេះ គឺមាន​អ្នកតំណាងរាស្ត្រ​មកពី​ប្រទេសផ្សេងៗគ្នា រួមមាន​ទាំង​ប្រទេស​​នៅ​ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និង​អាមេរិក ដែល​បាន​ធ្វើឡើង​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​ទី៤ធ្នូ ដោយ​បាន​រៀបរាប់​យ៉ាង​លំអិត​អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​កម្ពុជា​ថា បាន​​​ដើរ​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ។

នៅក្នុង​លិខិត​ចំហរ​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​នេះ បានទាមទារ៤ចំណុច​រួមមាន៖ ទី១.ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោទ​បទ​ចោទ​ទាំងឡាយ ដែល​ប្រឆាំង​អ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង​ទាំងអស់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។ ទី២. លុបចោល​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តុលាការ​កំពូល​កាលពី​ថ្ងៃទី ១៦ វិច្ឆិកា និង​ស្ដារឡើងវិញ តួនាទី​មន្ត្រី​របស់​គណបក្សប្រឆាំង​ទាំងអស់​ឡើងវិញ មិន​ថា នៅក្នុង​រដ្ឋសភា និង​ថ្នាក់មូលដ្ឋាន។

ទី៣. បានចាត់ទុក​ជា​មោ​ឃៈ នូវ​វិសោធនកម្ម​ច្បាប់​នយោបាយ​និង​ច្បាប់បោះឆ្នោត និង​ទី៤.ត្រូវ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​ការធានា​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ឲ្យ​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ ចូលរួម​ដោយ​ស្មើភាព និង​តម្លាភាព។ ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចាត់ទុកថា លិខិត​ចំហរ​នេះ​ថា មិនមាន​ឥទ្ធិពល​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ។ លោក​បាន​លើកឡើងថា នេះ​គ្រាន់តែ​ជាការ​បញ្ចេញ​មតិ​​របស់​​តំណាងរាស្ត្រ​មួយចំនួន​ប៉ុណ្ណោះ។

គួរ​ជំរាបជូន​ថា គិត​ត្រឹម​ថ្ងៃទី ០៤ ធ្នូ នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់ពន្ធនាគា​ររ​យៈ​ពេល​ជាង៩០ថ្ងៃ​ហើយ បន្ទាប់ពី​លោក​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​រំលង​អា​ទ្រាធ​ថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១៧ ពីបទ​ក្បត់ជាតិ។ ហើយ​នេះ ក៏​មិនមែនជា​លើក​ទី១នោះទេ ដែល​សហគមន៍​អន្តរជាតិ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ខណៈដែល​រដ្ឋាភិបាល​នៅតែ​ចាត់ទុក​ការឃុំខ្លួន​លោក កឹម សុខា គឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ