ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

មេដឹកនាំ​៦​ប្រទេស ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ឡានឆាង​លើកទី​២ ​នៅ​ភ្នំពេញ​

media  
មេដឹកនាំ​៦​ប្រទេស​នៃ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​​មេគង្គ​-​ឡានឆាង ​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ ​ថ្ងៃទី ​១០​ មករា ​ឆ្នាំ​២០១៨​។​ @facebook

កិច្ចប្រជុំ​​កំពូល​​នៃ​​កិច្ច​សហប្រតិ​បត្តិការ​​មេគង្គ​-​ឡាន​ឆាង​ (Lancang​-​Mekong) ​លើក​​ទី​២ ​បាន​​បើក​​ធ្វើ​ជា​​ផ្លូវ​ការ ​នៅ​ទី​ក្រុង​ភ្នំពេញ ​កាល​ពី​​រសៀល​​ថ្ងៃទី ​១០​ មករា ​នេះ ​ដោយ​មាន​​ការ​ចូល​រួម​​ពី​​ប្រមុខ​​រដ្ឋាភិបាល​​ចំនួន​៦​ប្រទេស​។ ​កិច្ច​ប្រជុំ​​កំពូល​​នៃ​​កិច្ច​សហប្រតិបត្តិការ​​មេគង្គ​-​ឡាន​ឆាង ​នៅ​​ភ្នំពេញ ​ធ្វើ​ឡើង ​ក្រោម​​មូល​បទ ​«​ទន្លេ​​របស់​​យើង​​ដើម្បី​​សន្តិភាព ​និង​​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​​ចីរភាព​»។​ 

ផ្តើម​បើក​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង លើក​ទី២ នៅ​ភ្នំពេញ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​រំលឹក​ឡើងវិញ​នៃ​កិច្ចព្រមព្រៀង​ដែល​ឈានទៅ​បង្កើតបាន​នូវ​យន្តការ​ថ្នាក់​អនុ​តំបន់​​មេគង្គ-ឡាន​ឆាង នៅ​ទីក្រុង​សាន​យ៉ា​ប្រទេស​ចិន។ បន្ទាប់មក គឺជា​សុន្ទរកថា​របស់​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង (Lancang-Mekong) លើក​ទី២ មាន​ប្រទេស​ចំនួន៦ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ចូលរួម រួមមាន​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង ក្នុងនាម​ជា​សហប្រធាន និង​មានការ​អញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក មិន ស្វេ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក។

នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅ​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស៥ទៀតថា សម្រាប់​កម្ពុជា កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​លើក​ទី២នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដែល​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព»។ បើតាម​លោកនាយក​រដ្ឋមន្ត្រី គឺជា​បញ្ហា​អទិភាព និង​ធ្វើដំណើរ​ទៅមុខ​ជាមួយគ្នា។ បើតាម​លោកនាយក​រដ្ឋមន្ត្រី តំបន់​មេគង្គ នឹង​ក្លាយជា​ទីកន្លែង​នៃ​ការសាកល្បង​ជាថ្មី​ម្តងទៀត​នៃ​ការប្រកួតប្រជែង​មនោគមន៍វិជ្ជា និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ដែល​ទំនងជា​បាន​សំដៅ​ទៅលើ​សហ​អាមេរិក។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការប្រកាន់យក​គោលការណ៍ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ជា​សមាជិក បានធ្វើ​ឲ្យ​យន្តការ មេគង្គ-ឡាន​ឆាង រក្សាបាន​នូវ​សន្តិភាព​នៅក្នុង​តំបន់​នេះ។ សម្រាប់​កម្ពុជា នេះ​គឺជា​មោទនភាព និង​កិត្តិយស ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ នៃ​មេដឹកនាំ៦ប្រទេស ស្ថិតនៅក្នុង​តំបន់​មេគង្គ​នេះ។

កិច្ចប្រជុំ​កំពូល នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើក​ទី២នេះ បាន​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច-សង្គម​របស់​ប្រទេស​នៅ​អនុតំបន់​ទន្លេមេគង្គ, ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​ប្រជាជន ការ​បំ​ព្រួញ​គំលាត​អភិវឌ្ឍន៍​ក្នុងចំណោម​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង-ត្បូង ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ២០៣០របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើក​ទី៣ នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​ឡាវ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ