ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT
general

គ.ជ.ប​៖ ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល​ពីរ​ថ្ងៃ​ ​ស្ងប់​ស្ងាត់ ​និង​គ្មាន​អំពើ​ហិង្សា​

media  
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចូលរួម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ថ្ងៃទី ​១១ ​កុម្ភៈ ​នៅ​ខេត្ត​​ស្វាយរៀង​ និង​ព្រៃវែង។ @facebook/នគរបាលជាតិ

យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​​ជ្រើស​រើស​​សមាជិក​​ព្រឹទ្ធសភា​​អាណត្តិ​ទី​៤ ​បាន​​ឈាន​ដល់​​ថ្ងៃទី​ពីរ​​ហើយ ​នៅ​​ថ្ងៃទី​១១ ​កុម្ភៈ ​នេះ​។ ​មាន​​គណបក្ស​នយោបាយ​៤ ​ដែល​​បាន​​ចូល​រួម​​​ការ​បោះឆ្នោត ​ប៉ុន្តែ​​ក្នុង​នោះ ​មាន​តែ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​មួយ​គត់ ​ដែល​​បាន​​បើក​​យុទ្ធនា​ការ​ឃោសនា​​ជា​​ទ្រង់ទ្រាយ​​ធំ​​ក្នុង​​រយៈ​ពេល​២​ថ្ងៃ​​មក​នេះ​។​​ សម្រាប់ ​គ.ជ.ប ​យុទ្ធនា​ការ​​ឃោសនា​បោះ​ឆ្នោត​​ទាំងពីរថ្ងៃមក​នេះ ​គឺ​ស្ងប់ស្ងាត់​​ល្អ ​និង​​គ្មាន​​អំពើ​ហិង្សា​​នោះ​ទេ​។  

បើទោះបីជា​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ក្តី ក៏ប៉ុន្តែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤ បានចាប់ផ្តើម​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស កាលពី​ថ្ងៃទី ១០ កុម្ភៈ ដោយ​គ្មាន​អំពើហិង្សា​នោះទេ។ ហើយ​ថ្ងៃទី ១១ កុម្ភៈ​នេះ គឺជា​ថ្ងៃទី​ពីរ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែលមាន​រយៈពេល១៤ថ្ងៃ។

បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (គ​ធ.ខ​ប) យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​ពីរ​នេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​បាន​បើក​យុទ្ធនាការ​ហែរ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ស្វាយរៀង​​ដែល​ស្ថិតក្នុង​ភូមិភាគ​ទី៦ ដោយមាន​អ្នកចូលរួម​ចំនួន៥៥៨នាក់ រថយន្ត​៥២​គ្រឿង និង​មេក្រូ ៦គ្រឿង។ ដោយឡែក នៅ​ថ្ងៃ​ទីមួយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ហែរ​ក្បួន​ធំ នៅក្នុង​ខេត្តតាកែវ ដែលមាន​អ្នកចូលរួម​ជាង១ពាន់​នាក់ រថយន្ត​ជាង៣០០គ្រឿង និង​ម៉ូតូ​ចំនួន​ជាង៥០គ្រឿង។

ក្រៅពីនោះ គណបក្ស​នយោបាយ​ពីរ​ទៀត​ គឺ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះ​អង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ មិនបាន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នោះទេ ត្បិត​ជាការ​បោះ​ឆ្នោត​​អសកល។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​នេះ​បាន​ថ្លែងថា គណបក្ស​បានធ្វើ​សកម្មភាព​​ដោយ​ត្រឹម​ចាក់​មេក្រូ​ផ្សព្វផ្សាយ​សារ​នយោបាយ នៅតាម​ទីស្នាក់ការ​គណបក្ស​​រប​ស់​​ខ្លួន​មួយចំនួន​ប៉ុណ្ណោះ។ ចំណែកឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ពុំទាន់​ឃើញ​មាន​​ធ្វើ​​សកម្មភាព​ធំដុំ​នៅឡើយ​ដែរ នៅ​រយៈពេល​ពីរ​ថ្ងៃ​មកនេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (គ​ធ.ខ​ប)។ សម្រាប់ គ.ជ.ប ជាទូទៅ យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​រយៈពេល​ពីរ​ថ្ងៃ​មកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​ភាពស្ងប់ស្ងាត់ និង​គ្មាន​អំពើហិង្សា​នោះទេ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

គួរ​ជំរាបជូន​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា មាន​រយៈពេល១៤ថ្ងៃ ដោយ​បាន​​ចាប់ពី​ថ្ងៃទី ១០ ហើយនឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី ២៣ កុម្ភៈ ខណៈដែល​ការបោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា គឺជា​​ការ​បោះឆ្នោត​តាមបែប​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណ​​ជាង​១ម៉ឺន​​នាក់ (១១៥៧០រូប) និង​សមាជិក​រដ្ឋសភា១២៣រូប​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​បោះឆ្នោត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ