អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ ​មិន​ទាន់​ទទួល​យក​សំណើ ​សុំរំ​លាយ​គណបក្ស​សិទ្ធិ​មនុស្ស​ទេ​

ក្រសួងមហាផ្ទៃ នៅ​មិនទាន់​ទទួលយក​សំណើសុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស នៅឡើយ​ទេ ដោយ​អះអាងថា សំណើសុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី ២៨ មករា នៅ​មិនទាន់​បំពេញ​តាម​នីតិវិធី​ត្រឹមត្រូវ ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​គណបក្ស។ លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ ដាក់ជូន​អង្គសមាជ​បោះឆ្នោត តាម​សម្លេងគាំទ្រ ២ភាគ៣ ជាមុនសិន។ ប៉ុន្តែ​ប្រធាន​គណបក្ស​នេះ​បាន​អះអាងថា មិនអាច​រក​សមាជិក​ធ្វើ​សមាជ​បានទេ។  

រូប​សញ្ញា​របស់គ​​ណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា ​។​
រូប​សញ្ញា​របស់គ​​ណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា ​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី ០១ កុម្ភៈ​នេះ បាន​តម្រូវ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស ដាក់​សំណើសុំ​រំលាយ​គណបក្ស​ឲ្យ​អង្គសមាជ​បោះឆ្នោត​ជាមុនសិន មុនពេល​ស្នើសុំ​រំលាយ​គណបក្ស​របស់ខ្លួន។ នោះ​បើ​ផ្អែក​តាម​បទ​ប្បញ្ញត្តិ​មាត្រា៣៣នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ។

លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស​ត្រង់​ប្រការ ៥០ (ថ្មី) កថាខណ្ឌ​ទី២ បាន​ចែងថា ការរំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ត្រូវ​ឆ្លងកាត់​អង្គសមាជ​ទូទាំងប្រទេស ដើម្បី​សុំ​ការអនុម័ត​តាម​សម្លេងគាំទ្រ​ភាគច្រើន ២ភាគ៣ នៃ​សមាជិក​ដែលមាន​សិទ្ធិ​សម្រេច​របស់​អង្គសមាជ​ទាំងមូល។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ។ ប៉ុន្តែ​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បច្ចុប្បន្ន​គឺជា​ប្រធាន​គណបក្ស​នេះ បាន​អះអាងថា ទំនងជា​មិនអាច​ធ្វើបាន​នោះទេ។ ដ្បិត​សមាជិក​ភាគច្រើន​នៃ​គណបក្ស​សិទ្ធិមនុស្ស​បច្ចុប្បន្ន បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​ត្រូវបាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។ សមាជ របស់​គណបក្ស​សិទ្ធិមនុស្ស ដែល​ទាមទារ​អ្នកចូលរួម​ចន្លោះ​ពី ៦០០ ទៅ៧០០នាក់។

គួរ​ជំរាបជូន​ថា គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី ២៨ មករា បានដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​រំលាយ​ខ្លួនឯង បន្ទាប់ពី​មាន​សេចក្តីសម្រេច​ពី​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស កាលពី​ថ្ងៃអាទិត្យ ទី២៨ មករា។ លិខិត​សុំ​រំលាយ​ខ្លួនឯង​នោះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ។ ប៉ុន្តែ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ទី១របស់លោក កឹម សុខា បាន​គូសបញ្ជាក់ថា មូលហេតុ​នៃ​ការរំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ដោយ​ឈរលើ​គោលការណ៍​ចំនួន​បី​ចំណុច៖ ទី១.គឺ​ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការរួបរួម​គ្នា ក្រោម​ផ្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ទី២. មិន​ធ្វើតាម​សេណារីយោ​របស់​គណបក្ស​ណាមួយ ក្រោយពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ និង​ទី៣. គឺ​ដើម្បី​គោរព​ឆន្ទ:របស់​ប្រជាពលរដ្ឋ​និង​ម្ចាស់ឆ្នោត​ជាង៣លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​យ៉ាងនេះ​ក្តី មាន​អតីត​សមាជិក​គណបក្ស​នេះ​មួយចំនួន មិនបាន​ប្រកាស​គាំទ្រ​ឲ្យ​មានការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​នៅក្នុង​កាលៈទេសៈ​នេះឡើយ។ ទំនងជា​ឈរលើ​មូលហេតុ​នេះហើយ ទើប​ក្រសួងមហាផ្ទៃ បាន​តម្រូវ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​ធ្វើ​សមាជ ដើម្បី​ស្វែងរក​ការបោះឆ្នោត​គាំទ្រ​ពី​សមាជិក​ឲ្យ​បាន ២ភាគ៣ជាមុនសិន មុន​ស្នើសុំ​រំលាយ​គណបក្ស។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ