អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន សែន ​ចេញ​មក​អំពាវនាវ​ជា​ថ្មី ​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​ចាកចេញ ​មុន​ថ្ងៃ​១៦​វិច្ឆិកា​

ប្រមុខ​បក្ស​កាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃនេះ បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្សប្រឆាំង បន្ត​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​របស់ខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា គឺជា​កាលបរិច្ឆេទ​ដែល​តុលាការ​កំពូល នឹង​បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា។ វីដេអូ​អំពាវនាវ​របស់លោក គឺធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ។  

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ​០៤​ វិច្ឆិកា ​ឆ្នាំ ​២០១៧ ​ត្រូវ​នឹង​ថ្ងៃទី​០៣​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​។​
លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ​០៤​ វិច្ឆិកា ​ឆ្នាំ ​២០១៧ ​ត្រូវ​នឹង​ថ្ងៃទី​០៣​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​។​ @RFI
ផ្សាយពាណិជ្ជកម្ម

គឺ​តាមរយៈ​វីដេអូ​ឃ្លី​ប​ផ្សាយ​ផ្ទាល់​ជាង២០នាទី នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ចាប់តាំងពី​តំណាងរាស្ត្រ រហូតដល់​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​នៅ​ទូទាំងប្រទេស មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក។ ការចុះ​ចូល គឺធ្វើឡើង ឲ្យ​បាន​មុន​ថ្ងៃទី ១៦ វិច្ឆិកា។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​​របស់​​ក្រសួង​មហា​ផ្ទៃ​។ ​នេះ​បើតាម​វីដេអូ អំពាវនាវ​របស់​ប្រមុខ​បក្ស​កាន់អំណាច នៅ​ថ្ងៃទី០៤ វិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ។

បើតាម​វីដេអូ​ឃ្លី​ប​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គណបក្ស​​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​​ខាង​មុខ​ ​ពោល​គឺ​​មុន​ពេល​​ដែល​តុលាការ​កាត់​ទោស​​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ក្បត់ជាតិ ទៅទៀត។ ​លោក​បាន​​​មាន​ប្រសាសន៍ថា គណបក្ស​កាន់​អំណាច​រ​បស់​​លោក​​នៅ​តែ​​ស្វាគមន៍​​ចំពោះ​​មន្ត្រី​គណបក្ស​​​សង្គ្រោះ​​ជាតិ​ ដែល​​នៅ​ពេល​នេះ​​ផ្លូវ​​នៅ​​បើក​ទូលាយ​ តែ​បើ​ការ​ចុះចូល​ធ្វើឡើង​ក្រោយ​​​ថ្ងៃទី​១៦វិច្ឆិកា ផ្លូវ​នឹង​តូច​ជាង​មុន។

ការចេញមុខ​មក​អំពា​វ​នាវ​ជាថ្មី​ប្រមុខ​បក្ស​កាន់អំណាច​នៅពេលនេះ គឺធ្វើឡើង បន្ទាប់ពី​លោក​បាន​អះអាងថា មានការ​រារាំង ឬ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ផ្តាច់ខ្លួន​នៅក្នុង​ចំណោម​មន្ត្រី​គណបក្សប្រឆាំង និង​ទំនងជា​ប្រមុខ​បក្ស​កាន់អំណាច​ចង់​ឆ្លើយតប​ទៅនឹង​សំណួរ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន តើ​ចាំ​ចាប់​អ្វីដែល​លោក ហ៊ុន សែន ត្រូវ​អំពាវ​នាវ​​ឲ្យ​​មានការ​ចុះចូល​បែបនេះ? លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​​ថា ​គឺ​ដោយសារតែ​លោក​មាន​បំណងល្អ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម។

សូម​បញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី ០៣ វិច្ឆិកា មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បានប្រកាស​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច។ ក្រៅពីនោះ​នៅមាន​សមាជិក​​ក្រុមប្រឹក្សា​ខេត្ត ក្រុង មេឃុំ-ចៅសង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សា​និង​ជំទប់​ទី១​និង​​ទី២ ប្រមាណ​ជា៥៦រូប​ប៉ុណ្ណោះ ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​គណបក្ស​របស់ខ្លួន តាម​​ការ​អំពាវនាវរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ សម្រាប់​គណបក្ស​សង្គ្រោះ​​ជាតិ ចំនួន​នេះ​នៅ​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​មេឃុំ-ចៅសង្កាត់ និង​​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ខ្លួន​បានឈ្នះ​ពី​គណបក្ស​ប្រជាជន​កម្ពុ​ជា​ជាង​៥​ពាន់​​​នាក់ ​កាលពី​ការ​បោះឆ្នោត​នា​ខែ​មិថុនា ​ឆ្នាំ២០១៧កន្លងទៅ។

យ៉ាងណាក៏ដោយ បើតាម​ការអះអាង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​សង្គ្រោះ​​ជាតិ មិន​ត្រឹមតែ​រំលាយចោល​នោះទេ តែ​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​លោកនាយក​រដ្ឋមន្ត្រី​បាន​ហៅថា ជា​ក្រុម​ឧទ្ទាម​ទីក្រុង ប្រមាណ​ជា១០០នាក់ នឹង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ