អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ហ៊ុន ​សែន​៖ ​លោក ​កឹម សុខា ​នឹង​មិន​ត្រូវ​ដោះ​លែង​នៅ​ចុង​ឆ្នាំ​នេះ​ទេ​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​​ព្រឹក​​មិញ​​នេះ ​បាន​​បដិសេធ​ភ្លាម​ៗ ​ចំពោះ​​ការ​លើក​ឡើង​​របស់​លោ​ក​ សម រង្ស៊ី ​ថា ​រដ្ឋាភិបាល​​កម្ពុជា ​នឹង​​ដោះ​លែង​​លោក​ កឹម សុខា ​នៅ​​ចុង​​ឆ្នាំ​នេះ ​នៅ​ក្រោម​​សម្ពាធ​​ពី​​អន្តរជាតិ​។ ​​ប៉ុន្តែ​​លោក​នាយក​​រដ្ឋ​មន្ត្រី ​បាន​​ច្រាន​ចោល​​ចំពោះ​​ការ​អះអាង​​ខាង​លើ​នេះ ​ហើយ​​ថា ​លោក​ កឹម ​សុខា ​នៅ​​មិន​ទាន់​​មាន​ទោស​​ដែល​​ត្រូវ​​លើក​លែង​​ឲ្យ​​នោះ​ទេ​។ 

រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។​
រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ផ្លោង​ពាក្យសំដី​ដាក់គ្នា ជុំវិញ​អនាគត​របស់លោក កឹម សុខា ដែល​​កំពុង​ស្ថិតនៅក្រោម​ការ​ឃុំឃាំង​នៅក្នុង​ផ្ទះ។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​លោក កឹម សុខា នឹងមិន​ត្រូវបាន​ដោះលែង​នៅ​ចុងឆ្នាំ២០១៨ ដូច​ការអះអាង​របស់​លោក ​សម រង្ស៊ី នោះទេ។ ការបដិសេធ​របស់លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​នៅ​ថ្ងៃទី ០៧ វិច្ឆិកា ​នៅក្នុងពេល​លោក​ជួប​សំណេះសំណាល​ជាមួយ កម្មករ-កម្មការិនី ជាង២ម៉ឺន​នាក់ នៅ​ស្រុក​បាទី ខេត្តតាកែវ។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការអះអាង​របស់​លោក​ សម រង្ស៊ី ហាក់​នៅ​ឆ្ងាយ​ពី​ការពិត និង​គ្រាន់តែ​ជាការ​លើកឡើង​បែប​ស្រមើស្រមៃ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី ០៦ វិច្ឆិកា លោក សម រង្ស៊ី បាន​អះអាង​តាមរយៈ​ទំព័រ​ហ្វ៊េ​ស​បុក​ផ្លូវការ​របស់​ខ្លួន​​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ ២៩ ធ្នូ ២០១៨ ​ដោយ​ស្ថិតក្រោម​សម្ពាធ​ពី​អន្តរជាតិ។ ជា​ថ្ងៃ ដែល​រដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការដាក់ចេញ​នូវ «គោលនយោបាយ​ឈ្នះ​ឈ្នះ» របស់លោក​ហ៊ុន សែន។ បើតាម​លោក សម រង្ស៊ី ដែល​អះអាងថា បានទទួល​ព័ត៌មាន​នេះ ពី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាម​កថា ការដោះលែង​លោក កឹម សុខា គឺជា​ជំហាន​ទីមួយ ដើម្បី​ជៀស​វាង​​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប។ ចំណែក​ជំហាន​ទី​ពីរ ដែល​លោក ហ៊ុន សែន កំពុងតែ​ទីទើ​នៅឡើយ​នោះ គឺ​ការបើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើង​វិញ​។ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោលភ្លាមៗថា ការ​ដោះលែង​លោក កឹម សុខា នៅ​ចុង​ឆ្នាំនេះ នឹងមិន​កើតឡើង​ឡើយ។ ត្បិត​លោក កឹម សុខា នៅ​មិនទាន់​ត្រូវបាន​កាត់ទោស​នៅឡើយ។ ដូច្នេះ លោក កឹម សុខា មិនទាន់​មាន​ទោស​​ដែល​ត្រូវ​ស្នើសុំ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ឲ្យ​នោះទេ។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​នៅក្រោម​ការ​ឃុំខ្លួន​នៅ​ក្នុង​​ផ្ទះ ក្រោម​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ។ លោក ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន នៅ​​ពាក់​កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ នឹង​បា​នប​ញ្ជួ​ន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ឯ​​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​ជាង១ឆ្នាំ មុនពេល​បញ្ជូនមក​ឃុំឃាំង​នៅក្នុង​ផ្ទះ​របស់លោក ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃទី ​០៩ ​ខែ​កញ្ញា ​ឆ្នាំ​ ២០១៨​មក​ ។ ​លោក កឹម សុខា ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ «ស​ន្ទិ​ដ្ឋិ​ភាព​» ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ នៅ​មិនទាន់​ត្រូវបាន​តុលាការ​​កម្ពុជា កាត់ទោស​នៅឡើយ​ទេ ខណៈដែល​សហគមន៍​អន្តរជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​បាន​ថ្កោលទោស ចំពោះ​ការចាប់​ឃុំខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​រូប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ