ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
general

លោក​ ហ៊ុន សែន ​ភ្ជាប់​ថ្ងៃ​បង្កើត​មូល​និធិ​ស៊ីក្លូ ក្នុង​ខែ​មករា​​ទៅ​នឹង​ខួប​៣៣​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​

media  
លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ថ្លែង​ប្រកាស​បើក​និង​​ដាក់​ឲ្យ​ដំណើរការ​មូល​និធិ​ត្រី​ចក្រយាន ​ឬ ​មូល​និធិ​ស៊ីក្លូ ​នៅ​កោះ​ពេជ្រ ​កាល​ពី​ថ្ងៃទី ​១៣​ មករា ​ឆ្នាំ​ ២០១៨​។​ @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​​ថ្ងៃ​​សៅ​រិ៍​ទី​១៣​មករា​​នេះ ​បាន​​រំលឹក​​ឡើង​វិញ​​ថា ​ខែ​មករា ​គឺ​ជា​​ខែ​​ដែល​មាន​​ន័យ​​ជា​​ប្រវត្តិសាស្ត្រ​​របស់​​ប្រជាពលរដ្ឋ​​កម្ពុជា ​និង​​សម្រាប់​​លោក​​នឹង​​ក្រុម​គ្រួសារ ​ហើយ​​ថា​​នៅ​​ថ្ងៃទី ​១៤ ​មករា ​គឺ​ជា​​ខួប​៣៣​ឆ្នាំ ​ដែល​​លោក​​បាន​​ក្លាយ​ជា​​នាយក​រ​ដ្ឋ​​មន្ត្រី​​ក្មេង​​ជាង​គេ ​និង​​យូ​​ជាង​គេ​​នៅ​លើ​​ពិភពលោក​។ ​លោក​នាយក​រដ្ឋ​មន្ត្រី​​ធ្លាប់​បាន​​អះអាង​ថា ​លោក​​នឹង​​បន្ត​ធ្វើ​​នាយករដ្ឋមន្ត្រី​​កម្ពុជា​​យ៉ាង​ហោច​២​អាណត្តិ​​បន្ថែម​ទៀត​។ ​ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៣ មករា​នេះ បាន​ភ្ជាប់​ថ្ងៃ​បង្កើត​មូលនិធិ​ស៊ីក្លូ ឬ​ឈ្មោះ​ជា​ផ្លូវការ “មូលនិធិ​ត្រីចក្រយាន” នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា មិនមែនជា​រឿង​ចៃដន្យ​នោះទេ។ បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ខែមករា គឺជា​ខែ​នៃ​ទិវា​ជ័យជំនះ ៧ មករា ខួប​លើក​ទី៣៩, ខែមករា គឺជា​ខួប​លើក​ទី៤២ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​ឥត​ភ្លេង​របស់លោក ខែមករា គឺជា​ខួប៣៩ឆ្នាំ នៃ​ការឡើង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ក្មេង​ជាងគេ​នៅ​កម្ពុជា និង​ក៏​ជា​ខែ​នៃ​ការឡើង​កាន់អំណាច​រប​ស់​លោក​​ខួប​​លើក​ទី​៣៣​ឆ្នាំ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។

គួរ​ជំរាបជូន​ថា លោក ហ៊ុន សែន ត្រូវបាន​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី ០៥ បាន​តែង​តាំង​​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី ១៤ មករា ឆ្នាំ ១៩៨៥ បន្ទាប់ពី​លោក ចាន់ ស៊ី ដែលជា​នាយករដ្ឋមន្ត្រី​បានទទួល​មរណភាព។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​សំឡឹង​ទៅរក​ការដឹកនាំ​ប្រទេស​កម្ពុជា​យ៉ាងតិច​ពីរ​អាណត្តិ ឬ ស្មើនឹង១០ឆ្នាំ​ខាងមុខ​ទៀត​នោះ បាន​លើកឡើងថា គិត​ត្រឹម​ថ្ងៃទី ១៤ មករា ឆ្នាំ​២០១៨​នេះ​ គឺជា​ខួប​លើក​ទី ៣៣ ឆ្នាំ ដែល​លោក​បាន​ក្លាយជា​នាយករ​ដ្ឋ​មន្ត្រី​ក្មេង​ជាងគេ​និង​យូ​ជាង​គេ​​នៅលើ​ពិភពលោក។

សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​នៅ​ក្នុង​​ពេលដែល​លោក​បានប្រកាស​បង្កើត​មូលនិធិ​ស៊ីក្លូ​ជា​លើកដំបូង​នៅ​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​​និង​​អភិរក្ស​ស៊ីក្លូ​​នៅ​កម្ពុជា។ ក្នុងនាម​ជា​ប្រធាន​មូលនិធិ​នេះ លោក ហ៊ុន សែន បាន​​ទម្លាក់​​ថវិការ​ផ្ទាល់ខ្លួន​ប្រមាណ​ជា៥០០លាន​រៀល​ទៅក្នុង​មូលនិធិ ដែល​គ្រប់គ្រង​ដោយ​អភិបាល​រាជធានី​ភ្នំពេញ និង​ប្រកាស​ឧបត្ថម្ភ​បន្ថែម​ក្នុងមួយឆ្នាំៗ ចំនួន២៤ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក។ នៅក្នុង​វេទិការ​ជួបជុំ​និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​មូលនិធិ​ជួយ​ទ្រទ្រង់​​ដល់​​អ្នក​ប្រកបមុខរបរ​ធាក់​ស៊ីក្លូ​ដែល​ភាគច្រើន​គឺជា​អ្នកក្រីក្រ​នឹងមាន​វ័យ​ចំណាស់ៗ​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​រិះគន់​ទៅលើ​អ្នក​វាយ​ប្រហារ​​មកលើ​រូប​លោក ​នឹង​ក្រុមមន្ត្រី​របស់លោក ចំពោះ​ការផ្តួចផ្តើម​បង្កើត​មូលនិធិ​នេះ និង​​បាន​​ស្វាគមន៍​ចំពោះ​អ្នក​ដែល​ចង់​ប្រជែង​ជាមួយ​រូបលោក​ក្នុងការ​បង្កើត​មូលនិធិ​ជួយ​ដល់​​អ្នកធាក់ស៊ីក្លូ​នៅ​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ