អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន សែន​ បញ្ជាក់​ជា​ថ្មី​ថា ​លោក​មិន​មែន​ជា​អាយ៉ង​របស់​វៀតណាម​ទេ​

គឺ​​ជា​លើក​ទី៣ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាលោក ហ៊ុន សែន បាន​ប្រតិកម្ម​ឆ្លើយ​តប​​ទៅ​នឹង​​ខាំ​មិន​ត៍ឬ​ការចូលរួម​យោបល់​របស់​ពលរដ្ឋ​វៀតណាម​នៅក្នុង​ទំព័រ​ហ្វេ​ស​​បុក​​ផ្លូវ​ការ​​របស់លោក។ ជា​ចម្លើយ​ដែល​មិន​ខុសពី​ការឆ្លើយតប​ចំនួន​ពីរលើក​មុន​ទេ​ថា ​លោក​មិន​មែន​ជា​​អាយ៉ង​របស់​វៀតណាម​នោះទេ។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ ក៏​បាន​ស្នើ​សុំ​​ឲ្យ​មេដឹកនាំ​វៀតណាម ណែនាំ​ទៅដល់​ពលរដ្ឋរ​បស់​ខ្លួន កុំ​ឲ្យ​មក​រំខាន​លោក​​ត​ទៅ​ទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រតិកម្ម​ឆ្លើយតប​នេះ ដំបូង​ឡើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានកើត​សរសើរ​បុរស​​ជនជាតិ​វៀតណាម​រូបនេះ​ថា សរសេរ​ភាសា​ខ្មែរ អង់គ្លេស និង​វៀតណាម​បានល្អ និង​យល់​​ពី​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថា មិនមែនជា​បញ្ហា​ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា និង​ឡាវ​នោះទេ។ ដូច្នេះហើយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិនមែនជា​អាយ៉ង​របស់​វៀតណាម ដែល​ត្រូវ​បម្រើ​វៀតណាមលើ​បញ្ហា​ដែលជា​ផល​ប្រ​យោ​ជ​ន៏​របស់​វៀតណាម​នោះទេ ហើយ​លោក​ក៏​មិនមែនជា​ចៅហ្វាយ​វៀតណាម​ដែរ។ នេះ គឺជា​ការ​ឆ្លើយ​តប​ទៅនឹង​ខាំ​មិន​ត៏ (Comment) ឬ​ការបញ្ចេញ​មតិយោបល់រ​បស់​ពលរដ្ឋ​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Van Tai នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ (Facebook Page) របស់លោក កាល​ពី​​យប់​ថ្ងៃទី២៦សីហា ជុំវិញ​ជំហរ​របស់​កម្ពុជានៅក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

 
លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា “វា​ជាការ​ប្រសើរ​ហើយ ប្រសិនបើ​ពលរដ្ឋ​វៀតណាម​ម្នាក់នេះ​យល់ថា បញ្ហា​សមុទ្រ​ចិន​ភាគខាងត្បូង​មិនគួរ​ត្រូវបាន​ទាក់ទាញ​កម្ពុជា​និង​ឡាវ​ឲ្យ​ចូល​ពាក់​ព័​ន្ឋ​នោះ។ លោក​បាន​បន្ថែមថា ការជ្រើសរើស​របៀប​ដោះស្រាយ​រវាង​ចិន​និង​វៀត​ណាម​​យ៉ាងណា​នោះ គឺជា​សិទ្ឋិ​សម្រេច​របស់​មេដឹកនាំ​វៀតណាម ហើយ​បើ​ពលរដ្ឋ​វៀត​ណាម​​​ចង់​ជ្រើសរើស​ផ្លូវ​សង្គ្រាម​ឬ​ផ្លូវ​សន្តិភាព គឺជា​សិទ្ឋិ​របស់​វៀតណាម​ផ្ទាល់។ នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

គួរ​បញ្ជាក់ថានេះ​ក៏​មិនមែនជា​លើកទីមួយ​ទេដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​អ្នក​ខាំ​មិន​ត៏(Comment) ចូល​ជា​ពលរដ្ឋ​វៀតណាម​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់លោក។គេ​នៅ​ចាំបាន​ថា កាលពី​ចុងខែ​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រតិកម្ម​តប​ទៅនឹង​ពលរដ្ឋ​វៀតណាម​ម្នាក់​ឈ្មោះ Phạm Đức Hiển ដែល​បាន​ចូល​មក​ខាំ​មិន​ត៏ Comment បន្ទាប់ពី​មានការ​ចាប់បញ្ជូន​ពល​រដ្ឋ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់​​ថា “លោក​ហ៊ុនសែន​ក្បត់​វៀតណាម។ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ទៅវិញ​ថា «តើ​ហេតុអ្វី​បានជា​លោក​និយាយថាខ្ញុំ​ក្បត់​វៀតណាម? តើ​វៀតណាម​ជា​ឪពុក​ខ្ញុំ ឬ​ជា​មហាក្សត្រ​ខ្ញុំ​ឬ?លោក​បន្ថែមថា៖ «វៀតណាម​មិនមែនជា​ចៅហ្វាយ​របស់ខ្ញុំដែល​ខ្ញុំ​ត្រូវ​ស្មោះ​ត្រង់​នោះទេ។ ហើយ​កាលពី​ថ្ងៃ​ពុធ​ដើម​ខែសីហា​កន្លងទៅ លោក ហ៊ុន សែន ក៏បាន​ប្រតិកម្ម​​សាជាថ្មី​ម្តងទៀត ទៅនឹង​អ្នកផ្តល់យោបល់​តាម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត ដែលជា​ជនជាតិ​វៀត​ណាម ដែល​លោក​បាន​ចាត់ទុកថា បាន​ភ្ជាប់​រូបលោក​ទៅនឹង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​វៀតណាម ដែល​លោក​សំដៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

គួរ​ជំរាបជូន​ថា ជា​យូ​មកហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រង​ការ​រិះគន់ថា បាន​ស្ថិត​នៅ​ក្រោម​​ឥទ្ធិពល​វៀតណាម ដោយសារ​វៀតណាម​បាន​ជួយ​រំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ហាក់​បានបង្ហាញ​ទំនោរ​ទៅរក​ទីក្រុង​ប៉េ​កាំង​​ប្រទេស​ចិន​ច្រើនជាង។សូមបញ្ជាក់ថា នៅក្នុង​ប្រតិកម្ម​ចុងក្រោយ​នេះ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ទៅកាន់​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម​ជួយ​ណែនាំ​ទៅដល់​ពលរដ្ឋ​វៀតណាម​ទាំងអស់ កុំ​ឲ្យ​មក​រំខាន​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់លោក​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ