អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ហ៊ុន ​សែន ​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​៣៣​នៅ​សិង្ហបុរី​នៅ​ថ្ងៃ​នេះ​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ហើយ ​កាល​ពី​វេលា​ម៉ោង ​១០ ​និង​៥៥​នាទី​ព្រឹក ​ថ្ងៃទី​១៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នេះ ​ដើម្បី​​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ​ដែល​នឹង​ធ្វើ​ឡើង ​ចាប់​ពី​ថ្ងៃទី ​១៣ ​ដល់​ថ្ងៃទី ​១៥​ វិច្ឆិកា​។ ​តាម​កាល​វិភាគ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ នឹង​មាន​កិច្ច​ប្រជុំ​មមាញឹក​ខ្លាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។ 

លោក ហ៊ុន សែន ចូលរួមក្នុង​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៨
លោក ហ៊ុន សែន ចូលរួមក្នុង​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៨ ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ដូច​តាម​ការគ្រោងទុក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​គណៈប្រតិភូ​ខ្មែរ បាន​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​នៅ​ព្រឹក ថ្ងៃទី ១៣ វិច្ឆិកា នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត។ នៅក្នុង​ប្រទេស​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្រោម​មូលបទ «ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន»។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរ​ទេស​​កម្ពុ​ជា។

ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ដែល​ធ្វើ​ឡើងជា​ទៀងទាត់​មួយឆ្នាំ​ពីរ​ដង​​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជា​ច្រើន​​ទៀត តួយ៉ាង៖ កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន-អូស្ត្រាលី កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​​លើក​ទី២១ កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ​លើក​ទី២០ កិច្ចប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី លើក​ទី៣, កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី២១ កិច្ចប្រជុំ​កំពូល​ក្រៅ​ផ្លូវ​ការ​​អាស៊ាន-ឥណ្ឌា កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក​លើក​ទី។

បន្ថែម​ពីនេះ ក៏មាន​ផងដែរ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣លើក​ទី២១ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី១៣ កិច្ចប្រជុំ​ចង្អៀត​កំពូល​អាស៊ី​បូព៌ា​អមដោយ​អាហារ​ថ្ងៃត្រង់ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី២ជាដើម។ ស្រប​ពេល​​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ព្រម​នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ នៃ​បណ្តា​ប្រទេស​មួយចំនួនទៀត។

គណៈប្រតិភូ​កម្ពុជា​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត។ មុន​ការចាកចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​ថា ទោះបី​លោក​ចេញទៅ​បំពេញបេសកកម្ម នៅក្រៅ​ប្រទេស​ក្ដី តែ​លោក​តែងតែ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ទីកន្លែង​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ