អានតួអត្ថបទ
កម្ពុជា-កងទ័ព

កម្ពុជា ​កំពុង​ពិចារណា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ថ្មី​២​គ្រឿង​ ពី​ប្រទេស​រុស្ស៊ី​

កម្ពុជា​កំពុង​ពិចារណា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ថ្មី ទំនើប២គ្រឿង ពី​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​ម៉ាក់ Mi 171 A2 និង ម៉ាក់ ANSAT នេះ បានដាក់​ឲ្យ​ហោះហើរ​សាកល្បង នៅ​ព្រឹក​ថ្ងៃទី ២០ វិច្ឆិកា នេះ។ នៅក្នុង​ពិធី​បង្ហាញ ដែល​ធ្វើឡើង​នៅឯ​មូល​ដ្ឋាន​​ទ័ពអាកាស​ក្នុង​ទីក្រុង​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា សង្ឃឹមថា កម្ពុជា​នឹង​អាច​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ នៅ​ថ្ងៃ​អនាគត។  

ឧទ្ធម្ភាគចក្រ Mi-171 A2 គឺ​ជា​ប្រភេទឧទ្ធម្ភាគចក្រ​ដែល​ពេញ​និយម​ប្រើ​ប្រាស់​នៅ​៨០​ប្រទេស​នៅ​លើ​ពិភពលោក​ ដាក់​បង្ហាញ​នៅ​កម្ពុជា ​ថ្ងៃទី ​២០ ​វិច្ឆិកា​ ឆ្នាំ ​២០១៨​។
ឧទ្ធម្ភាគចក្រ Mi-171 A2 គឺ​ជា​ប្រភេទឧទ្ធម្ភាគចក្រ​ដែល​ពេញ​និយម​ប្រើ​ប្រាស់​នៅ​៨០​ប្រទេស​នៅ​លើ​ពិភពលោក​ ដាក់​បង្ហាញ​នៅ​កម្ពុជា ​ថ្ងៃទី ​២០ ​វិច្ឆិកា​ ឆ្នាំ ​២០១៨​។ @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​អះអាងថា កម្ពុជា​មិន​បដិសេធ​ក្នុង​ការទិញ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​ពី​ប្រទេស​រុស្ស៊ី​នោះទេ។ ការអះអាង​នេះ បន្ទាប់ពី​ក្រុមហ៊ុន​របស់​រុស្ស៊ី បានដាក់​បង្ហាញ​និង​ឲ្យ​ហោះហើរ​សាកល្បង​នូវ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង មួយគ្រឿង ម៉ាក់ Mi 171 A2 និង ម៉ាក់ ANSAT នៅ​ព្រឹក ថ្ងៃទី ២០ វិច្ឆិកា នេះ។

ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន RUSSIAN HELICOPTER បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១៩ វិច្ឆិកា និង​បានដាក់​ឲ្យ​ហោះហើរ​សាកល្បង នៅ​ព្រឹក​ថ្ងៃទី ២០ វិច្ឆិកា។ ពិធី​បង្ហាញ​នេះ បានធ្វើ​ឡើង​នៅឯ​មូលដ្ឋាន​កងទ័ពអាកាស​ពោធិ៍ចិនតុង​ក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Dmitry Tsvetkov ផង។ បន្ទាប់ពី​បានដាក់​បង្ហាញ​រួច លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​នៃ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា កម្ពុជា​នឹង​អាច​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាងថា កម្ពុជា​កំពុង​ពិចារណា​នៅឡើយ លើ​លទ្ធភាព​ក្នុង​ការទិញ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ បើ​រដ្ឋាភិបាល​ឯកភាព។ លោក​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​គូសបញ្ជាក់ថា ភាព​រីកចំរើន​នៃ​កងទ័ព​កម្ពុជា គឺ​ចាំបាច់​ត្រូវការ​សម្ភារៈ និង​មធ្យោបាយ​ដឹកជញ្ជូន ពិសេស គឺ​ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ សម្រាប់​ការហ្វឹកហាត់ និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​មហន្តរាយធម្មជាតិ​ជាដើម។

ឧទ្ធម្ភាគចក្រ Mi-171 A2 គឺជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដែល​ពេញនិយម​ប្រើប្រាស់​នៅ​៨០​ប្រទេស​​នៅលើ​ពិភពលោក ដែលមាន​ល្បឿន២៨០គីឡូម៉ែត្រ​ក្នុង១ម៉ោង ខណៈដែល​ឧ​ទ្ធ​ម្ភា​គ​ចក្រ​​ធម្មតា អាច​ហោះហើរ​ក្នុង​ល្បឿន ២០០ គីឡូម៉ែត្រ​ក្នុង១ម៉ោង។ មិនតែប៉ុណ្ណោះ ឧទ្ធម្ភាគចក្រ Mi-171A2 នេះ អាច​ហោះ​នៅលើ​អាកាស​បាន​រយៈពេល៤ម៉ោង និង​អាច​ផ្ទុក​​មនុស្ស​បាន​ចំនួន២៤នាក់ ឬ អាច​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រៈធ្ងន់ៗជាដើម។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​ថា តើ​ឧ​ទ្ធ​ម្ភា​គ​ច្រ​ដែល​កម្ពុជា​កំពុង​ពិចារណា​ទិញ​ពី​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ ក្នុង​១​គ្រឿង មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ