អានតួអត្ថបទ
កម្ពុជា-មីន

ក្រុម​បច្ចេកទេស​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ​(OPCW) ​នឹង​មក​ដល់​កម្ពុជា​នៅ​យប់​នេះ​

ក្រុម​បច្ចេកទេស​​របស់​​អង្គការ​​ហាមឃាត់​​អាវុធ​​គីមី ​(OPCW) ​នៃ​​អង្គការ​សហប្រជាជាតិ ​នឹង​​មក​ដល់​​ប្រទេស​​កម្ពុជា​​នៅ​​យប់​​នេះ ​ដើម្បី​​ចូលរួម​​ប្រតិបត្តិការ​​ដោះ​គ្រាប់​បែក​​គីមី ​ដែល​​ទម្លាក់​​ដោយ​​សហរ​ដ្ឋ​​អាមេរិក ​នៅ​ក្នុង​​ខេត្ត​ស្វាយរៀង ​កាល​ពី​​អំឡុង​​ទសវត្ស​ន៍​​ឆ្នាំ​១៩៧០​។​ ក្រុម​បច្ចេកទេស​​នេះ ​មាន​​គ្នា​៥​នាក់ ​ម្នាក់​​នឹង​ចូលរួម​​សិក្ខា​សាលា​​ផ្សព្វផ្សាយ​​ផែន​ការ​​សកម្មភាព​​ជាតិ​​គីមី​​ជា​មួយ​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​កម្ពុជា ​ដែល​​នឹង​​ធ្វើ​ឡើង​​នៅ​ឯ​​សណ្ឋាគារ​​ភ្នំពេញ ​នា​​ព្រឹក​​ថ្ងៃទី១១ ​ខែ​ធ្នូ​។ ​  

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង។
គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង។ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមបច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) ចំនួន៥នាក់​នេះ នឹងចូលរួម​ពិនិត្យ​វាយតម្លៃ ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​នៅក្នុង​ខេត្តស្វាយរៀង ដែល​អាជ្ញាធរ​កម្ពុជា បាន​សន្ម​ត់​ថា ជា​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក កាលពី​អំឡុង​សម័យ​សង្គ្រាម។ ប្រតិបត្តិការ​នេះ អាច​នឹង​ចាប់ផ្តើម​នៅត្រឹម​ចុង​សប្តាហ៍​ទី២ខែធ្នូ ឆ្នាំ២០១៧នេះ។ បើតាម​ការ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កេ ដា អគ្គលេខាធិការរង​អាជ្ញាធរ​គីមី​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក ឈ្មោះ (Fresh News) នៅ​រសៀល​ថ្ងៃទី១០ ខែធ្នូ​នេះ។

គួរ​ជំរាបជូន​ថា ការសម្រេច​បញ្ជូន​ក្រុមបច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ (OPCW) មក​កម្ពុជា​នេះ គឺធ្វើឡើង​តាម​សំណើរ​របស់​រដ្ឋាភិបាល​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋមន្ដ្រីក្រសួង​ការបរទេស លោក ប្រាក់ សុខុន បានដាក់​លិខិត​មួយ ទៅកាន់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១៦ តុលា ដោយបាន​ស្នើ​ឲ្យ​អង្គការ​អន្ដរជាតិ​មួយ​នេះ​បញ្ជូន​អ្នកបច្ចេកទេស ចុះមក​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​លើ​គ្រឿងផ្ទុះ ដែល​កម្ពុជា​បាន​ចាត់ទុកថា ជា​អាវុធ​គីមី​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម និង​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​របស់ខ្លួន។

បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កេ ដា ក្នុងចំណោម​ក្រុមបច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ​ទាំង៥នាក់​នោះ មាន៤នាក់​ជា​ក្រុមបច្ចេកទេស​ដែល​នឹងត្រូវ​ចុះទៅពិនិត្យ​និង​វាយតម្លៃ​លើ​គ្រាប់បែក​គីមី ដែល​ស្ថិតនៅក្នុង​ខេត្តស្វាយរៀង​តែម្តង ចំណែកឯ​ម្នាក់ទៀត គឺជា​តំណាង​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ (OPCW) ដែល​នឹងត្រូវ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​ផែនការ​សកម្មភាព​ជាតិ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយ​ក្ល​អ៊ែរ នៅ​ព្រឹក​ថ្ងៃទី១១ ខែធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោក ទៀ បាញ់ ផង។

គួរ​ជំរាបជូន​ដែរ​ថា កាលពី​ខែកុម្ភៈ​កន្លងទៅ អាជ្ញាធរ​កម្ពុជា​បាន​អះអាងថា ខ្លួន​បាន​រកឃើញ​គ្រាប់បែក​គីមី​ចំនួន២គ្រាប់ ស្ថិតក្នុង​បរិវេណ​សាលាបឋមសិក្សា​គគីរ ឃុំ​គគីរ ក្នុងស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​កម្ពុជា​ខ្លួនឯងបាន​សន្ម​ត់​ថា ជា​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ចេញ​ពីលើ​យន្តហោះ​របស់​អាមេរិក។ បើ​ផ្អែក​តាម​លិខិត​របស់លោក​ប្រាក់ សុខុន កាលពី​ខែតុលា បាន​អះអាងថា មាន​ទីតាំង​អាវុធ​គីមី​ប្រមាណ​ជា៣៤កន្លែង ដែល​កម្ពុជា​បានស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ចុះមក​ត្រួតពិនិត្យ​ដោយ​មួយចំនួន​ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត​មណ្ឌល​គី​រី និង​មួយចំនួនទៀត ស្ថិតនៅក្នុង​ខេត្តស្វាយរៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ