ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
general

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា ​បញ្ជារ​ឲ្យ​កងកម្លាំង​ត្រៀម​បង្ក្រាប​ចលនា​សង្គ្រោះ​ជាតិ ​បើ​កើត​មាន​នៅ​កម្ពុជា​

media  
លោក ​ទៀ ​បាញ់ ​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​កម្ពុជា ចូល​រួម​ជា​អធិបតីភាព​​​ក្នុង​​ពិធី ​​បិទ​​សន្និបាត​​បូក​សរុប​ល​ទ្ធផល​ការងារ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​នៅ​ឯ​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាល​ពី​ព្រឹក​ថ្ងៃទី ​២៣ មករា ឆ្នាំ ២០១៨។ @FN

រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​​កម្ពុជា ​បាន​​ព្រមាន​​កម្ទេច​​ចលនា​​សង្គ្រោះ​​ជាតិ ​ដែ​ល​​កំពុង​​ផ្តួច​ផ្តើម​​បង្កើត​ឡើង​​ដោយ​​លោក ​សម ​រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ថ្ងៃ​តែ​មួយ ​​រដ្ឋ​​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​កម្ពុជា ​បាន​​ថ្លែង​​ដែរ​​ថា ​ការ​បោះឆ្នោត​​នៅ​​កម្ពុជា ​នឹង​​ប្រព្រឹត្ត​​ដោយ​​រលូន ​បើ​ទោះ​បី​​ជា​មាន​​អ្នក​​គ្រោង​​ធ្វើ​​សកម្មភាព​​បង្ក​រឿង​​ក៏​ដោយ​។  

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ព្រមាន​បង្ក្រាប​ជាមុន នូវ​ចលនា​ដែលមាន​ឈ្មោះថា “សង្គ្រោះ​ជាតិ” ដែល​ទើប​ផ្តួចផ្តើម​គំនិត​បង្កើតឡើង​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​នៅក្នុង​ពិធី បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សម្រាប់​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ នៅឯ​ទីប​ញ្ជា​​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ព្រឹក​ថ្ងៃទី ២៣ មករា នេះ បាន​ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រៀមខ្លួន​ឲ្យ​រួចរាល់ ប្រសិនបើ​ចលនា​ថ្មី​នេះ កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ បាន​ចោទប្រកាន់ ចលនា​ថ្មី​នេះ មាន​គម្រោង​បង្ក​ជា​អំពើហិង្សា នៅក្នុង​ប្រទេស​កម្ពុជា​តែម្តង។

ទន្ទឹមគ្នានេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ដោយបាន​ចាត់ទុក «ចលនា​សង្គ្រោះ​ជាតិ» នោះ​ថា គឺជា​សកម្មភាព​ភេ​វ​កម្ម​សុទ្ធសាត ហើយ​កងរាជអាវុធហត្ថ នឹងមិន​បណ្ដោយ​ឲ្យ លោក សម រង្ស៊ី ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះទេ ហើយ​ថា កងរាជអាវុធហត្ថ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនោះ។

គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃទី ១២ មករា ដើមឆ្នាំ២០១៨នេះ អតីត​សមាជិក​នៃ​អតីត​គណបក្ស​​សង្គ្រោះ​ជាតិ​មួយក្រុម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បានប្រកាស​ពី​ក្រៅ​ប្រទេស ដោយ​បង្កើតឡើង​នូវ​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​មួយ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​​ធ្វើ​​សកម្មភាព​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បើតាម​សេចក្តី​ថ្លែង​ការណ៍​ ចលនា​ថ្មី​នេះ ក៏មាន​បេសកម្ម​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា រួម​ជា​​មួយ​អ្នកទោសនយោបាយ និង​ទាមទារ​ឲ្យ​មាន​ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ២០១៨ នេះ។ ចលនា​​ដែល​បង្កើតឡើង​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ នៅ​ចុងខែ​មករា ឆ្នាំ ២០១៨ នេះ។

ទន្ទឹម​នឹង​ការព្រមាន​ពី​រដ្ឋមន្ត្រី​ការពារជាតិ នៅថ្ងៃនេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ធានាថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ដោយ​រលូន​ បើទោះបី​ជាមាន​អ្នក​គ្រោង​ធ្វើ​សកម្មភាព​បង្ករឿង​ក៏ដោយ។ ការលើកឡើង​របស់​លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង គឺ​សំដៅ​ដោយ​ត្រង់ ទៅលើ​ចលនា​ថ្មី​របស់លោក សម រង្ស៊ី ​ដែល​​ទើបតែ​ប្រកាស​បង្កើតឡើង​នាពេលថ្មីៗនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ