ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
general

គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​រៀប​ចំ​រចនាសម្ព័ន្ធ​ថ្មី ​៣ខែក្រោយ​ការ​ចាប់​ខ្លួន​លោក ​ញឹក ប៊ុនឆៃ​

media  
ពិធី​ប្រកាស​សុពលភាព​រចនា​សម្ព័ន្ធថ្មី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​អតីត​គណបក្ស​របស់ ​លោក​ ញឹក ​ប៊ុនឆៃ ​ធ្វើ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃទី ​១១ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @facebook

គណបក្ស​​ខ្មែរ​​រួបរួម​​ជាតិ ​បាន​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ឡើងវិញ នៅ២៥រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស ក្រោយពី​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស លោក ញឹក ប៊ុនឆៃ។ នេះ​ជា​លើកទីមួយ និង​ជា​បន្តបន្ទាប់ ក្នុងការ​ពង្រឹង​រចនា​សម្ព័ន្ធ​ឡើងវិញ ក្រោយពី​មាន​បញ្ហា​​មួយ​រយះ​កាល​កន្លងមក និង​ដើម្បី​ត្រៀម​លក្ខ​ណះ​ចូលរួម​ការបោះឆ្នោតជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ២០១៨ ខាងមុខ។ 

ការប្រកាស​សុពលភាព​ទៅលើ​រចនាសម្ព័ន្ធ​ថ្មី​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានចាប់ផ្តើម​ឡើង​ពី​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៩ វិច្ឆិកា។ រចនាសម្ព័ន្ធ​ថ្មី​នោះ​រួមមាន ក្រុមការងារ​គណកម្មកា​រ​ប្រតិបត្តិ រាជធានី ខណ្ឌ សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ពិធី​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ ហើយ​ជា​បន្ត​បន្ទាប់មក គឺ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រុន មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពី​ថ្ងៃទី ១២ វិច្ឆិកា។ បើតាម​អ្នកនាំពាក្យ​រូបនេះ គណបក្ស គ្រោង​នឹង​ចុះ​ប្រកាស​សុពលភាព​រចនាសម្ព័ន្ធ​គណបក្ស​ជាថ្មី​នៅ២៥រាជធានី​ខេត្ត​នៅ​ទូទាំង​​ប្រទេស ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

គួរ​ជំរាបជូន​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​ជា​របស់លោក ញឹក ប៊ុនឆៃ គឺជា​គណបក្ស​ទី០៣ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​បាន​កៅអី​មេឃុំ​មួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ ២០១៧ ។ ប៉ុន្តែ ក្រោយពី​មានការ​ចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ ពីបទ​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ២០០១មក បានធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​គណបក្ស​នេះ​រង្គោះរង្គើរ​ឡើង។ ដោយ​ក្នុងនោះ សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​មួយចំនួន បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ជា​ថ្នូ​នឹង​ការរក្សា​មុខតំណែង និង​តួនាទី​របស់​ពួកគេ នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ លោក ញឹក ប៊ុនឆៃ នៅ​មុនពេល​ចាប់ខ្លួន​កាលពី​ថ្ងៃទី ០៣ សីហា ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​លួច​ទាក់ទង​ជាសំងាត់ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅមុន​មួយថ្ងៃ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែមិថុនា​ឆ្នាំ២០១៧ ។

ប៉ុន្តែ​​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លោក សឹង្ហ គី​រី ជា​ប្រធាន​ជំនួស​​លោក ញឹក ប៊ុនឆៃ ដែល​កំពុង​ជាប់ពន្ធនាគារ, លោក ទា ចំ​រ៉ាត់ ជា​ប្រធាន​កិត្តិយស និង​លោក អ៊ុំ សុម​ន្ថា ជា​អនុប្រធាន​គណបក្ស។ លោក សឹង្ហ គី​រី ដែល​ជា​​ប្រធាន​​​ថ្មី​នៃ​គណបក្ស​ដែល​បំបែក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម ​រណ​ឬ​ទ្ធិ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦នោះ រំពឹងទុក​ថា ការរៀបចំ​រចនា​សម្ព័ន្ធ​​ថ្មី​នៃ​គណបក្ស​របស់លោក នឹង​ទទួលបាន​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​បន្ថែម​ទៀត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ តាមរយៈ​សេចក្តីសម្រេច​របស់​​តុលាការ​​កំពូល ​នៅ​ថ្ងៃទី ១៦ វិច្ឆិកា ខាងមុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ