ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
general

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ ​ក្រុម​ចាប់​ជំរិត​​ជន​ជាតិ​​ចិន​​៣​នាក់​នៅ​កម្ពុជា

media  
លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​​ធ្វើ​​សន្និសីទ​​កាសែត​​បង្ហាញ​​មុខ​​ក្រុម​​ជន​ចាប់​​ជំរិត​​ជាតិ​​ចិន​​៣​​នាក់​ ​នៅ​​កម្ពុជា​។​​ @សហការី

អាជ្ញាធរ​ខេត្ត​​ព្រះសីហនុ ​នៅ​​ថ្ងៃទី ​១០​ ធ្នូ ​នេះ ​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ ​ដើម្បី​​បង្ហាញ​មុខ​​ក្រុម​​ចាប់​ជំរិត​​ជា​​ជន​​ជាតិ​ចិន​៣​រូប ​ក្រោយ​ពី​​ការ​បង្ក្រាប​​បាន​​កាល​​ពី​យ​ប់​​ថ្ងៃទី ​​០៩ ​ធ្នូ​។ ​ការ​ប៉ុនប៉ង​​ចាប់​ជំរិត​​លើ​​ជន​​ជាតិ​ចិន​​ដូចគ្នា​​តែ​​មិន​បាន​​សម្រេច​​នេះ ​គឺ​​ក្នុង​​បំណង​​ទាមទារ​​ប្រាក់​​ចំនួន​៨០​ម៉ឺន​​ដុល្លារ​​អាមេរិក​។ ​សូម​បញ្ជាក់​ថា ​នេះ​​គឺ​ជា​​ករណី​​ចាប់​ជំរិត​​ទី០​១ ​ដែល​​បាន​​កើត​ឡើង​​នៅ​ក្នុង​​ទឹកដី​​ខេត្ត​​ទេសចរណ៍​​ដ៏​​ធំ​​របស់​​កម្ពុ​ជា​មួយ​នេះ ​ខណៈ​​ប្រជាពលរដ្ឋ ​និង​​អ្នក​​ទេសចរណ៍​​កម្ពុជា ​បាន​​រអ៊ូរទាំ​​កាន់​តែ​ខ្លាំង ​ពី​​វត្តមាន​​ដ៏​​ច្រើន​​របស់​​ជនជាតិ​​ចិន ​នៅ​ក្នុង​​ទឹកដី​​ខេត្ត​​ព្រះសីហនុ​។​  

អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​តែ​មិនបាន​សម្រេច​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង៣០នាទី​យប់ និង​ទី០៩ ធ្នូ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង ក្នុង​បុរី ប៊ី​អេស (BS) ក្រុមទី១ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា៣នាក់។ ពួកគេ​បាន​រៀប​ផែនការ​និង​ចាប់ជំរិត​ជនរងគ្រោះ​ម្នាក់​ឈ្មោះ LI FUJIE ភេទ​ប្រុស​អាយុ៤៧ឆ្នាំ ជា​ជន​ជាតិចិន​ដូចគ្នា ដែលមាន​តួនាទី​ជា​ប្រធាន​ទីផ្សារ​ផ្នែក​ទំនាក់ទំនង​នាំ​ភ្ញៀវ​ប្រចាំ​កាស៊ីណូ​មួយកន្លែង នៅ​ខេត្ត​ព្រះសីហនុ។

បើតាម​របាយការណ៍ គឺ​កាលពី​យប់​ថ្ងៃទី ០៨ ធ្នូ ជនរងគ្រោះ​ឈ្មោះ LI FUJIE ភេទ​ប្រុស​អាយុ៤៧ឆ្នាំ ជា​ជន​ជាតិចិន បាន​បើករថយន្ដ​ម៉ាក PORSCHE តែម្នាក់ឯង លុះ​មកដល់​កន្លែង​ស្ងាត់​ត្រង់ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹកអូរ​ឈើទាល់ ក្នុង​សង្កាត់​លេខ៤ ក្រុម​ជនសង្ស័យ​មាន​គ្នា០៣នាក់ បាន​បើករថយន្ដ Lexus ស្ទាក់​គៀរ។ ពេលនោះ​ជនរងគ្រោះ​បាន​ឈប់​រថយន្ត​ដើម្បី​សួរនាំ ប៉ុន្តែ​ត្រូវបាន​ក្រុម​ជនល្មើស​យក​កាំភ្លើង​ភ្ជង់ រួច​បាន​ចាប់​ក្រៀក​ដាក់ចូល​ទៅក្នុង​រថយន្ត ដឹក​យកទៅ​បង្ខាំង​ទុក​តែម្តង។ បន្ទាប់មក​ជនល្មើស បាន​ទុក​គ្នា​ម្នាក់​ឲ្យ​នៅ​យាម​ជនរងគ្រោះ រីឯ​គ្នា​ជនល្មើស០២នាក់​ទៀត បាន​បើករថយន្ត​របស់​ជន​រងគ្រោះ​ម៉ាក PORSCHE យកទៅ​ផ្លុ​ង​ចោល នៅក្បែ​បេនឡាន​ចាស់ ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ដដែល។ បន្ទាប់មក នៅ​ប្រមាណ​ជា២ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ប្អូន​របស់​ជនរងគ្រោះ ដោយបាន​ទាមទារ​ប្រាក់​ចំនួន៨០ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ផែនការ​របស់​ពួកគេ ត្រូវបាន​បរាជ័យ បន្ទាប់ពី​សមត្ថកិច្ច​ប​ង្ក្រា​ប​ខេត្ត​ព្រះសីហនុ​បង្ក្រាបបាន កាលពី​យប់​ថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៧នេះ។ ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​កិច្ចសហការ​ពី​ព្រះរាជអាជ្ញារ​ផង។

នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៣នាក់ ដែល​ម្នាក់​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស អាយុ ២៦ឆ្នាំ ទី២.ឈ្មោះ DAI HONGDA ភេទ​ប្រុស អាយុ ២៣ឆ្នាំ និង​អ្នក​ទី៣.ឈ្មោះ LIN JINPEI ភេទ​ប្រុស​អាយុ២៤ឆ្នាំ។ ជាមួយនឹង​ការចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​រកឃើញ​នូវ​វត្ថុតាង​មួយចំនួន​ដូចជា៖ កាំភ្លើងខ្លី​មួយ​ដើម (BERETTA STOM) មាន​គ្រាប់​ចំនួន១០គ្រាប់, កូន​កាំ​ប៊ិ​ត​មួយ, ខ្សែ​ចងរឹត (ស៊ី​ល) ចំនួន២ដុំ, ទូរស័ព្ទដៃ​ចំនួន០៦គ្រឿង និង រថយន្ត​លុច​សីស RX300 ចំនួន១គ្រឿង​ផង។

តាមរយៈ​សន្និសីទកាសែត​នៅថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំងនេះ​មកពី​ប្រទេស​ចិន ដោយបាន​ប្រើប្រាស់​លិខិតឆ្លងដែន​ពីរផ្សេងៗគ្នា មួយ​ជា​លិខិតឆ្លងដែន​ពិតប្រាកដ​សម្រាប់ធ្វើ​ទិដ្ឋាការ​ធ្វើដំណើរ និង​មួយទៀត​ជា​លិខិតឆ្លងដែន​ក្លែងក្លាយ ប្រើ​សម្រាប់​ការជួល​រថយន្ត និង​ជួល​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​និង​ទីតាំង​របស់​ពួកគេ​ដើម្បី​គេចខ្លួន​នៅពេល​បែកការណ៍។ ហើយ​បើតាម​ការបញ្ជាក់​ពី​លោកស្នងការ​ដដែល ក្រុម​នេះ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​តាមរក​មើល​អ្នក​វិនិយោគិន​ចិន​ណា​ដែលមាន​ប្រាក់​ច្រើន ដើម្បី​រក​ឱកាស​ចាប់ជំរិត​ជា​បន្តបន្ទាប់ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ ត្រូវបាន​បង្ក្រាបបាន​ទាន់ពេលវេលា។

គួរ​ជំរាបជូន​ថា នេះ​គឺជា​អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​លើក​ទី០១ ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ ខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​រអ៊ូរទាំ​ទៅនឹង​វត្តមាន​ដ៏​ច្រើន​របស់​ជនជាតិ​ចិន​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជាមួយនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ