ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
general

លោក ​ស ខេង ​ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​នៅ​ទូទាំង​ប្រទេស​ បន្ត​ពន្យល់​ពលរដ្ឋ​អំពី​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​

media  
លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​។​​ @សហការី

លោក​​ឧបនាយករដ្ឋ​មន្ត្រី ​ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃទី ​១៣ ​ធ្នូ ​នេះ ​បាន​​ណែនាំ​​ឲ្យ​​មន្ត្រី​​នគរបាល​ជាតិ​​នៅ​​ទូទាំង​ប្រទេស ​បន្ត​​ចុះ​​ពន្យល់​​ដល់​​ប្រជាពលរដ្ឋ ​ជុំវិញ​​វិធាន​ការ​​របស់​​រដ្ឋាភិបាល​​កម្ពុជា ​និង​​តុលាការ​​កំពូល ​ទៅ​លើ​​លោក ​កឹម ​សុខា ​និង​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​នា​ពេល​​កន្លង​មក​។ ​បើ​តាម​​លោក​​ឧបនាយករដ្ឋ​មន្ត្រី ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យល់​ច្បាស់​ហើយ ​តែ​នៅ​​មាន​​​ប្រជាពល​រដ្ឋ​​​មួយ​​ចំនួន​​ទៀត ​​នៅ​​​មិន​​ទាន់​​​យល់​​​នៅ​​ឡើយ​​។  

ការដាក់ចេញ​នូវ​បទបញ្ជារ​ថ្មី​នេះ គឺធ្វើឡើង​នៅក្នុង​ពេលដែល​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និបាត​ប៉ុស្ដិ៍នគរបាល​នៅ​ទូទាំងប្រទេស ដែល​បាន​ធ្វើឡើង​នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ដោយមាន​ការចូលរួម​ពី​កង​នគរបាល​ប៉ុស្តិ៍​មកពី​ទូទាំងប្រទេស។ បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី​ថា ក្រោយ​ពេលដែល​តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មាន​សាធារណជន​និង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​យល់ច្បាស់​អំពី​កំហុសឆ្គង​របស់លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត ដែល​ក្នុងនោះ ក៏មាន​អ្នក​ប្រកាន់​និន្នាការ​នយោបាយ​ផង នៅ​មិនទាន់​យល់​អំពី​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​នៅឡើយ​ទេ។ ជាពិសេស​គឺ​ទាក់ទង​នឹង​ករណី​របស់លោក កឹម សុខា ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​របស់​ប្រទេស។ បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ មន្ត្រី​នគរបាលជាតិ​និយាយ​ជារួម និង​និយាយ​ដោយឡែក គឺ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​ត្រូវធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ សូម​ឆ្លៀត​ពន្យល់ និង​បកស្រាយ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​បានដឹង​អំពី​វិធានកា​របស់​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ​កំពូល​នេះ។

គួរ​ជំរាបជូន​ថា តុលាការ​កំពូល​បានចេញ​សម្រេច​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន កាលពី​រំលង​យប់​ថ្ងៃទី ០៣ កញ្ញា ពីបទ​ក្បត់ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​មន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆាំង​ចំនួន១១៨នាក់ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ ចំណែកឯ​លោក កឹម សុខា កំពុង​ជាប់ពន្ធនាគារ​ដែល​គិត​មកទល់នឹង​ពេលនេះ គឺមាន​រយៈពេល​ជិត​១០០​ថ្ងៃ​​មក​ហើយ។

សម្រាប់​រដ្ឋាភិបាល សកម្មភាព​របស់ លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជា​សកម្មភាព​ធ្ងន់ធ្ងរ​ដែល​មិនអាច​អត់អោន​ឲ្យ​បានឡើយ។ ប៉ុន្តែ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សកម្មភាព​របស់ខ្លួន​នាពេល​កន្លងមក មិនមាន​បំណង​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះឡើយ។ យ៉ាងណាក៏ដោយ មកទល់នឹង​ពេលនេះ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន កំពុង​ធ្វើ​សកម្មភាព​គៀងគរ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ដំណើរការ​ឡើងវិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ