ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
general

តុលាការ​កាត់​ទោស​លោក​ សម រង្ស៊ី ​ឲ្យ​ចាញ់​ក្តី​លោក ​ហ៊ុន សែន​ ក្នុង​បណ្តឹង​បរិហាកេរ្តិ៍​កាល​ពី​១​ឆ្នាំ​មុន​

media  
លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដើម្បី​​ជូន​ដំណើរ​ព្រះ​បរម​តរន​កោដ​យាង​ទៅ​បេកាំង កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ​២០០៧​ REUTERS/Khem Sovannara

តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​មិញ​នេះ បាន​កាត់ទោស​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចាញ់ក្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ម្តងទៀត នៅក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ កាល​ពីមួយ​ឆ្នាំមុន។ ​តាម​រយៈ​​សេចក្តី​សម្រេច​​នៅ​ថ្ងៃ​នេះ ​តុលាការ​​បាន​​បង្គា​ប់​លោក ​សម រង្ស៊ី ​ឲ្យ​​សង​​ប្រាក់​​ជម្ងឺ​​ចិត្ត​​ដើម​បណ្តឹង ​៤​ពាន់​​លាន​​រៀល​​និង​​ពិន័យ​​ចូល​​រដ្ឋ ​១០​លាន​​រៀល​។

គឺជា​បណ្តឹង​បរិហាកេរ្តិ៍ ដែល​បាន​កើតឡើង​តាំងពី ខែមករា ដើមឆ្នាំ២០១៧ ដែល​កាលណោះ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​បរិហារកេរ្តិ៍​លោក ហ៊ុន សែន។ ពាក្យ​បណ្តឹងទាមទារ​សំណង១លាន​ដុល្លារ​អាមេរិក​នោះ បានកើត​ឡើង ក្រោយពី​លោក សម រង្ស៊ី បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណ​ថា ១លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដ៏​សកម្ម​រូបនេះ វាយ​ប្រហារ​​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្លួន​ធ្លាប់​គាំទ្រ​វិញ។ ជា​លទ្ធផល នៅ​ក្នុង​​សវនាការ នា​ថ្ងៃទី ២៩ ធ្នូ​នេះ លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ឲ្យ​សងជំងឺចិត្ត ទៅ​ដើមបណ្តឹង គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នូវ​ទឹកប្រាក់​ចំនួន ៤ពាន់​លាន​រៀល និង​ពិន័យ​ចូល​រដ្ឋ​ប្រមាណ ១០លាន​រៀល។

គួរ​ជំរាបជូន​ថា នេះ​មិនមែនជា​បណ្តឹង​ទី០១ ដែល​កំពុង​រុំ​ព័ទ្ធ​លើ​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី នោះទេ។ មាន​ពាក្យបណ្តឹង​យ៉ាងតិច​ចំនួន០៩ឯណោះ ដែល​កំពុង​ចាក់ស្រេះ​លើ​ខ្លួនប្រាណ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក្នុងនោះ ៥បណ្តឹង​ត្រូវបាន​តុលាការ​កាត់ក្តី​រួចរាល់ ចំណែកឯ៤បណ្តឹង​ទៀត កំពុងស្ថិត​នៅក្នុង​ដៃ​របស់​តុលាការ​នៅឡើយ។ ពាក្យបណ្តឹង​ភាគច្រើន គឺ​ប្តឹង​ដោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​ចុង​ក្រោយនេះ លោក សម រង្ស៊ី កំពុង​រង​ពាក្យបណ្តឹង​ថ្មី​មួយទៀត មកពី​ក្រុម​មេដឹកនាំ​យោធា​កម្ពុជា ពីបទ​ញុះញង់​កុំ​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​មេដឹកនាំ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព។ ពាក្យបណ្តឹង​ដែល​បាន​ទៅ​ដល់ដៃ​តុលាការក្រុង​ភ្នំពេញ កាលពីដើម ខែធ្នូ ឆ្នាំ ២០១៧នេះ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាងថា លោក​មិន​ខ្វល់ខ្វាយ​ពី​ពាក្យបណ្តឹង​ទាំងនោះ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ