អានតួអត្ថបទ
កម្ពុជា-នយោបាយ

សម្តេច​ក្រុម​ព្រះ​ស្វាគមន៍​សែរាជ្យ​វង្ស​មួយ​អង្គ​ ដែល​គំរាម​ប្តឹង​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​សុំ​ជំនួយ​ពី​ចិន​

សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណ​ឬ​ទ្ធិ ​ព្រះ​ប្រធាន​​គណបក្ស​​រាជា​និ​យម​​ហ្វ៊ុន​ស៊ិន​ប៉ិច ​នៅ​ថ្ងៃ​ទី០១​ មករា​នេះ ​បាន​​ស្វាគមន៍​​ចំពោះ​​សែ​រាជ្យ​វង្ស​​មួយ​អង្គ ​ដែល​មាន​​បំណង​ចង់​​ប្តឹង​​រំលាយ​​គណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិច ​ដែល​​សុំ​​ជំនួយ​​ពី​​ប្រទេស​​ចិន ​ក្នុង​នាម​​ជា​​គណបក្ស​​ក្រ​​ជាង​គេ​។ ​បន្ទូល​​របស់​​ព្រះ​អង្គ ​គឺ​ជា​​ការ ​ឆ្លើយ​តប​​ទៅ​នឹង​​ព្រះ​អង្គម្ចាស់ ​ស៊ីសុវត្ថិ ​ចក្រី​នុព​ល ​ដែល​​ប្រកាស​​ធ្វើ​បាតុកម្ម​​នៅ​មុខ​​ស្ថានទូត​ចិន ​និង​​ថែម​ទាំង​​ព្រមាន​​ប្ដឹង​​ឲ្យ​​រំលាយ​​គណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិច ​ប្រសិន​បើ​​រដ្ឋាភិបាល​​ចិន​​ផ្ដល់​ជំ​នួយ​​តាម​​ការ​អំពាវ​នាវ​​នេះ​មែន​។ ​ 

ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ មានបន្ទូលទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីព្រះអង្គបញ្ចប់ពិធីបួងសួងសុំសេចក្តីសុខនៅក្នុងព្រះបរមរាជវាំង​ នៅ​ថ្ងៃទី​១ ​មករា​ ឆ្នាំ​ ២០១៨​។
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ មានបន្ទូលទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីព្រះអង្គបញ្ចប់ពិធីបួងសួងសុំសេចក្តីសុខនៅក្នុងព្រះបរមរាជវាំង​ នៅ​ថ្ងៃទី​១ ​មករា​ ឆ្នាំ​ ២០១៨​។ @FN
ផ្សាយពាណិជ្ជកម្ម

បើក​សករាជ​ថ្មី​ឆ្នាំ២០១៨នេះ ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​សិន​ប៉ិច បានប្រកាស​ស្វាគមន៍ បើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ប្ដឹង​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយហេតុតែ​ព្រះអង្គ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន។ មានបន្ទូល​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ព្រះអង្គ​បញ្ចប់​ពិធីបួងសួង​សុំ​សេចក្តីសុខ​នៅក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃទី១ មករា​នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូលថា ព្រះអង្គ​សុំ​ជំនួយ​ពី​ចិន គឺ​ក្នុងឋានៈ​ព្រះ​អង្គជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ក្រ​ជាងគេ និង​ខ្វះខាត​ធនធាន​នៅក្នុង​ការធ្វើ​នយោបាយ។

គួរ​រំលឹក​ជូន​ថា នៅក្នុង​ជំនួប​ជាមួយ​លោក វ៉ាង វៃ​គួ​ង ប្រធាន​វិទ្យាស្ថាន វិទ្យាសាស្ត្រ​សង្គម នៃ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី២៥ ធ្នូ សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ បាន​លើកសំណើ​ដោយ​ឥត​លាក់លាម​ទៅកាន់​រដ្ឋាភិបាល​ចិន ដើម្បី​ផ្តល់ជំនួយ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ព្រះអង្គ​ចាត់ទុកថា បច្ចុប្បន្ន​ជា​គណបក្ស​ធំ​លំ​បាប់​ទី០២នៅ​កម្ពុជា​ក៏ពិតមែន តែ​ជា​គណបក្ស​ដែល​ក្រ​ជាងគេ។ ការ​មានបន្ទូល​របស់​សម្តេច​ក្រុមព្រះ​បែប​នោះ​ហើយ បាន​នាំ​ឲ្យ​មានប្រតិកម្ម​ពី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល​ថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុ​ជាមាន​ស្តង់ដារ​ពីរ។ បន្ថែម​លើ​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ក៏បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៨ធ្នូ​ថា ព្រះអង្គ​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថាន​ត​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​ចិន ផ្ដល់ជំនួយ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ មិនតែប៉ុណ្ណោះ ព្រះអង្គ​ត្រូវ​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច​ដែរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ សម្រាប់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ការ​គំរាម​ប្តឹង​នេះ គឺ​គ្រាន់តែ​ជា​សិទ្ធិ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ។

គួរ​ជំរាបជូន​ថា តាម​មាត្រា២៩ថ្មី និង​មាត្រា៤០ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ បាន​ហាម​មិន​ឲ្យ​គណបក្សនយោបាយ​នៅ​កម្ពុជា ទទួល​វិភាគទាន​ពី​បរទេស​នោះទេ ទោះ​នៅក្នុង​រូបភាព​ណាក៏ដោយ។ បើ​មិន​ដូច្នោះ​ទេ គណបក្ស​នយោបាយ​នោះ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់ ឬ​ផ្អាក​សកម្មភាព​នយោបាយ​ក្នុង​រយៈពេល​​កំណត់​ណាមួយ ហើយ​បើ​ធ្ងន់ធ្ងរ​នឹងត្រូវ​ប្តឹង​រំលាយ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ