អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សម រង្ស៊ី ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ដក​ភាព​ស្រប​ច្បាប់​ពី​កម្ពុជា ​ដូច​នៅ​វ៉េណេ​ស៊ុយ​អេឡា​

តាម​រយៈ​​អត្ថបទ​​បញ្ចេញ​មតិ​​មួយ​​ចុះ​ផ្សាយ​​នៅ​លើ​​ទំព័រ​សារព័ត៌មាន​​បារាំង ​Libération​ លោក​ សម រង្ស៊ី ​បាន​​អំពាវ​នាវ​​ឲ្យ​​បណ្តា​​ប្រទេស​​ប្រជាធិបតេយ្យ​​ក្នុង​​លោក ​ប្រឆាំង​នឹង​​រដ្ឋ​អំណាច​​លោក ​ហ៊ុន សែន ​ដូច​ដែល​​ពួកគេ​​កំពុង​​ប្រឆាំង​នឹង​​របប​​លោក ​Nicolas ​Maduro​ នៅ​​Venezuela ​អីចឹង​​ដែរ​។ ​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​​គណបក្ស​កាន់​អំណាច​​បាន​​ចាត់​ទុក​​ការ​​អំពាវ​នាវ​​នេះ​ថា ​​គឺ​ជា​​ការ​​ញុះ​ញង់​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​អត្ថបទ​នេះ លោក សម រង្ស៊ី បានស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រកាសថា របប ​ហ៊ុន សែន មិនមាន​ភាពស្របច្បាប់​នោះទេ ពីព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ កន្លងទៅ​ក៏​មិនមាន​ភាពស្របច្បាប់​ដែរ។ មិន​ស្របច្បាប់​ព្រោះ​គណបក្សប្រឆាំង​មិនមាន​វត្តមាន​ក្នុងការ​បោះឆ្នោត គឺ​ដូច​ករណី នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា (Venezuela) ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​ដក​ភាពស្របច្បាប់​ពីរ​បប លោក នី​កូ​ឡា​ ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ដែល​បាន​រារាំង​មិន​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១។ នេះ​បើ​យោងតាម​អត្ថបទ​បញ្ចេញមតិ​របស់លោក សម រង្ស៊ី ដែល​​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​ទំព័រសារព័ត៌មាន​បារាំង Libération កាលពី​ថ្ងៃទី ៣១ មករា​។ ចំពោះ លោក សម រង្ស៊ី សហគមន៍​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នៅក្នុង​លោក ត្រូវ​ប្រកាស​កុំ​ទទួលស្គាល់​លោក ហ៊ុន សែន ដូចដែល​ពួកគេ​បានប្រកាស​មិន​ទទួល​ស្គាល់​​លោក​ Maduro នៅ Venezuela អ៊ីចឹង​ដែរ។ ហើយ​លើសពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ (Venezuela) ទៅទៀត គឺ​ប្រទេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ​១៩៩១ ដែល​តម្រូវ​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្តាច់ការ​បក្ស​តែមួយ ដែល​មាន​​សព្វ​ថ្ងៃនេះ​ទេ។ នេះ​បើតាម​សំណេរ​បន្ថែម​របស់លោក សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​ស​បុក​​របស់លោក នៅ​ថ្ងៃទី ០១ ខែកុម្ភៈ​នេះ។

គួរ​ជំរាបជូន​ថា មកទល់ពេលនេះ វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​បន្ត​ពុះ​ចែក​​សហគមន៍​​អន្តរជាតិ​ជា​ពីរ នៅ​ម្ខាង​មាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល និង​ប្រទេស​មួយចំនួនទៀត​នៅ​អាមេរិក​ឡាទីន បានទទួល​ស្គាល់​លោក ហ័ន ហ្កា​យ​ដូ ប្រធាន​គណបក្សប្រឆាំង ជា​ប្រធានាធិបតី​ស្តីទី។ ចំណែក​នៅ​ម្ខាង​ទៀត មាន​រុស្ស៊ី ចិន ឬ​តួ​ក​គី ជាដើម បាន​បន្ត​គាំទ្រ​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ខណៈដែល​ប្រទេស​បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អាល្លឺម៉ង់ និង​បែ​ល​ហ្សិ​ក​ជាដើម បានប្រកាស​ជំហរ​ដាក់​ឱ​ស្សា​នុ​វាទ​ទៅ​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ត្រូវតែ​ប្រកាស​រៀបចំ​ការបោះឆ្នោត​ជាថ្មី ក្នុង​រវាង៨ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ ប្រទេស​ទាំងនេះ នឹង​ប្រកាស​ទទួលស្គាល់​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់លោក ហ័ន ហ្កា​យ​ដូ ថែមទៀត។

យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បានចាត់ទុក​ការសរសេរ​របស់លោក សម រង្ស៊ី នេះ ថា​ជាការ​ញុះញង់ ដោយ​ប្រៀបធៀប​សភាព​ការណ៍​​នៅ​​កម្ពុជា ទៅនឹង​សភាពការណ៍​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​កំពុង​ច្របូក​ច្របល់ ឲ្យ​សហរដ្ឋអាមេរិក និង​សហគម​ន៏​អឺរ៉ុប ដាក់​កំហិត​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​​ក្នុង​ឆ្នាំ២០១៩នេះ ដោយ​ចោទថា ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨ ជាការ​បោះឆ្នោត​ក្លែងក្លាយ។ បន្ថែម​លើ​នេះ លោក សុខ ឥសាន បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា ការ​ញុះ​ញង់​​ពី​ក្រៅប្រទេស​ឲ្យ​ប្រជាជន​និង​កងទ័ព​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក​ម្ពុជា ​នឹង​គ្មាន​អ្នក​ណា​ឈឺក្បាល​ជាមួយ​ឡើយ។ ផ្ទុយទៅវិញ វា​កាន់តែ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី ធ្លាក់​ទឹក​ចិត្ត​​កាន់តែខ្លាំងឡើងៗ ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ