ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
general

​ធនាគារ​ពិភព​លោក​ព្យាករថា​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨​​នឹង​​បន្ត​​កើន​ឡើង​ក្នុង​រង្វង់ ​៦.៩​%​

media  
ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់​ ៦.៩%​នៅ​ឆ្នាំ​២០១៨​នេះ។

នៅ​​ថ្ងៃ​ព្រហស្បតិ៍​​នេះ ​ធនាគា​ពិភពលោក ​World ​Bank ​បាន​ចេញ​​ផ្សាយ​​របាយការណ៍​​ថ្មី​​ស្តីពី​​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​។​ របាយការណ៍​​នេះ ​ព្យាករថា ​សេដ្ឋកិច្ច​កម្ពុជា​​នៅ​តែ​​បន្ត​​កើន​ឡើង​​ក្នុង​​រង្វង់ ​៦.៩% ​នៅ​​ឆ្នាំ​២០១៨ ​។ ​កំណើន​​នេះ ​គឺ​​ដោយ​សារ​តែ​​ការ​​ងើប​​ឡើង​​វិញ​​​នៃ​​វិស័យ​​នាំ​ចេញ ​ទេសចរណ៍ ​និង​​កសិកម្ម ​ដែល​​បាន​​ជំរុញ​​សេដ្ឋកិច្ច​កម្ពុជា​​ឱ្យ​​ស្ទុះ​​ទៅ​មុខ​​។ ​ប៉ុន្តែ​​ទន្ទឹម​គ្នា​នេះ ​ធនាគារពិភព​លោក​​នៅ​​តែ​​ព្រមាន​​ពី​​ភាព​មិន​ច្បាស់​លាស់​​នៃ​​ការ​​បោះ​ឆ្នោត​ជាតិ​​នៅ​​ខែ​កក្កដា​​ខាង​មុខ​។  

ធនាគារពិភពលោក (World Bank) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​រក្សា​ភាពស្វាហាប់​ក្នុង​អត្រា ៦.៩% ក្នុង​ឆ្នាំ២០១។ នេះ​គឺ​ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ​និង​សម្លៀកបំពាក់ អមដោយ​ការ​ងើបឡើង​វិញ នូវ​វិស័យ​ទេសចរណ៍ និង​កសិកម្ម។

របាយការណ៍​ថ្មី​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១០ ឧសភា​នេះ បានបង្ហាញ​ពី​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​កំណើន​ដល់​ទៅ ១១.៨% នៅក្នុង​ឆ្នាំ២០១៧ ប្រៀប​ទៅនឹង​កំណើន៥%នៅក្នុង​ឆ្នាំ២០១។ បើតាម​របាយការណ៍ កំណើន​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល ក្នុងការ​ធ្វើឱ្យ​មានការ​ហោះហើរ​ត្រង់​កាន់តែច្រើន​មកពី​ប្រទេស​ក្នុង​តំបន់ រួមទាំង​ពី​ប្រទេស​ចិន​ផង។ ចំណែកឯ​វិស័យ​កសិកម្ម​ក៏មាន​ការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការពង្រីក​ផ្ទៃដី​ធ្វើ​ស្រូវ​និង​ចម្ការកៅស៊ូ ក៏ដូចជា​ការ​ងើប​ឡើងវិញ​បន្តិចម្តងៗរបស់​តម្លៃ​កសិផល​ជាដើម។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ទៀត​ថា ប្រទេស​កម្ពុជា អាច​នឹង​ពង្រឹង​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ថែមទៀត​បាន តាមរយៈ​ការបង្កើត​ការងារ​ឲ្យ​កាន់តែច្រើន ដោយ​ធ្វើការ​វិនិយោគ​ទៅលើ​មូលធន​មនុស្ស ការកាត់បន្ថយ​ថ្លៃ​ចំណាយ​លើក​ការបង្កើត ការធ្វើ​ហិរញ្ញប្បទាន និង​ការ​ប្រតិបត្តិការ​ធុរកិច្ច​ជាដើម។ បន្ថែម​លើ​នេះ ការចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំណោយផល សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួល​បាន​​កំណើនសេដ្ឋកិច្ច​ខ្ពស់។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ធនាគារពិភពលោក បាន​អះអាងថា ហានិភ័យ​នៅតែ​អាច​កើតមាន​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា។ ក្នុងនោះ ការបាត់បង់​បន្តិចម្តងៗនូវ​ភាព​ប្រកួតប្រជែង​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្ស​របស់​កម្មករ ពំនូក​គរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែលមាន​ជា​យូរ​មកហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាលមកពី​ការ​គាំពារ​និយម និង​វិវាទ​ពាណិជ្ជកម្មធំៗនៅលើ​ពិភពលោក​ជាដើម។

លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ។ ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួបប្រទះ។បើតាម​នាយិការ​រូបនេះ ការវិនិយោគ​ទៅលើ​ធនធានមនុស្ស គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ជា​របាយការណ៍​មួយ ដែល​ត្រូវបាន​រៀបចំឡើង​ពីរដង​ក្នុង​មួយឆ្នាំ សម្រាប់​ផ្តល់​ព័ត៌មាន​ថ្មីៗបំផុត អំពី​ការវិវត្ត​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា ទាំង​ក្នុង​រយៈពេល​ខ្លី និង​ក្នុង​រយៈពេល​​មធ្យម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ