អានតួអត្ថបទ
កម្ពុជា

លោក​ ស ខេង​ ស្តី​បន្ទោស​អភិបាល​ខេត្ត​តាកែវ​ ដែល​រារាំង​ក្បួន​ធម្ម​យាត្រា

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​នាយក​រដ្ឋមន្ត្រីស្តីទី​ បាន​ថ្លែង​រិះគន់​ចំៗ​ទៅលើ​អភិបាល​ខេត្តតាកែវ​ថា​ ធ្វើ​ការ​មិនដឹង​ទិស​តំបន់។ ​ការ​ថ្លែង​រិះគន់​បែបនេះ ​ក្រោយ​ពី​មាន​ការ​កត់​សំគាល់​ទៅលើ​ការ​អនុវត្ត​ការងារ​ចំនួន​២​របស់​អភិបាល​ខេត្ត​តាកែវ​ថ្មី ​ដែល​នាំ​អោយ​មាន​ការ​រិះគន់​ជាទូទៅ។​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​បានកើត​ឡើង​ តាំង​ពីមុន​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៦​ឆ្នាំ ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​ មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​តែ​នៅ​ថ្ងៃទី​១២ធ្នូ​ម្សិលមិញ​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ផង ​បាន​ថ្លែង​ស្តី​បន្ទោស​ចំ​ៗ​ ទៅ​លើ​អភិបាល​ខេត្ត​តាកែវ​ លោក​ ឡាយ វណ្ណៈ​ ថា ​ធ្វើការ​ដោយ​មិន​បាន​ឆ្លង​យោបល់​ថ្នាក់​លើ​ និង​គ្មាន​ទិស​តំបន់​។​ ការ​ថ្លែង​រិះគន់ ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ នៅ​ឯ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​១២ធ្នូ​ម្សិលមិញ​ ដោយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ លោក​ ស ខេង​ បាន​ទទួល​ស្គាល់​ថា​ ក្នុង​ចំណោម​អភិបាលខេត្ត​រាជធានី​ទាំង​២៤​ គឺ​មាន​តែ​អភិបាល​ខេត្ត​តាកែវ​ម្នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើការ​ខុស​គេ។

បើ​តាម​ការ​កត់​សំគាល់​ កាល​ពី​ថ្ងៃ​ទី​៧ធ្នូ​កន្លង​ទៅ​ អភិបាល​ខេត្តតាកែវ​ លោក ​ឡាយ វណ្ណៈ​ បាន​ចេញ​លិខិត​មួយ​ ដោយ​បាន​កោះ​ហៅ​ប្រធាន​តុលាការ​សាលាដំបូង​ខេត្ត​តាកែវ​ និង​ព្រះរាជអាជ្ញា ​អោយ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែធ្នូ ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ស្តីពី​ការ​ឃុំខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន។ ​បើតាម​ក្រុម​អ្នក​ច្បាប់​ អាជ្ញាធរ​ មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កោះហៅ​ស្ថាប័ន​តុលាការ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នោះ​ឡើយ។ ចំណែក​ឯ​រឿង​មួយ​ទៀត​ កាល​ពី​ថ្ងៃ​ទី​៥ធ្នូ​កន្លង​ទៅ ​អាជ្ញាធរ​ខេត្តតាកែវ​ បាន​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ រួម​ទាំង​ទាហាន​ផង​ បាន​ចេញ​ទៅ​រារាំង​ និង​ ដាក់​បារ៉ាស់​ទប់ស្កាត់​ ក្បួន​ធម្មយាត្រា​ ដែល​រួមមាន​ព្រះសង្ឃ​ តាជី​ យាយជី ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ មិន​អោយ​ចេញ​ដំណើរ​ពី​ស្រុក​គីរីវង្ស​ ខេត្ត​តាកែវ​ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នោះ​ឡើយ ​តែ​ចំណាត់​ការ​របស់​អភិបាល​ខេត្ត​តាកែវ​ខាងលើ ​ត្រូវ​បាន​បរាជ័យ ​បន្ទាប់​ពី​ថ្នាក់​លើ​បាន​ដឹង​ និង​បាន​បញ្ជា​ឲ្យ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ទាំងអស់ ​ដើម្បី​បើកផ្លូវ​ឲ្យ​ក្បួន​ធម្ម​យាត្រា​ធ្វើដំណើរ​តាម​សម្រួល ​ខណៈ​ដែល​បណ្តា​​ខេត្ត​ផ្សេង​ៗទៀត​នៅ​ទូទាំង​ប្រទេស​ មិន​មាន​ខេត្ត​ណាមួយ​បញ្ចេញ​ចំណាត់​ការ​រារាំង​ដូច​ករណី​នៅ​ខេត្តតាកែវ​នោះ​ឡើយ។

បើតាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​និង​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​ មានតែ​ក្បួន​ធម្ម​យាត្រា​តាមផ្លូវ​ជាតិ​លេខ២ ​និង​ ផ្លូវជាតិ​លេខ​៣ដែល​ចេញពី​ខេត្តតាកែវ​ប៉ុណ្ណោះ​ ដែល​ជួប​ការ​លំបាក​ជាងគេ។ ​អ្វី​ជាការ​កត់សំគាល់​របស់​ លោក​ ស ខេង ​ការ​ធ្វើការ​ដោយ​មិនបាន​ឆ្លងកាត់​យោបល់​របស់​អភិបាល​ខេត្តតាកែវ​បែបនេះ ​បាន​នាំមក​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ