អានតួអត្ថបទ
កម្ពុជា

លោ​កស ខេង ប្រាប់​​អ្នក​​ឃុំរ​ការ​​កុំ​​ឲ្យ​​អស់​សង្ឃឹម​ រង់ចាំ​​លទ្ធផល​​ពិនិត្យ​​ឈាម​​ឡើង​វិញ​

នៅ​​ព្រឹក​​ថ្ងៃ​សៅរ៍​នេះ ​លោ​កស ខេង ​ឧបនាយករដ្ឋមន្ត្រី​ និង ​ជា​​រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​ បាន​​ចុះ​ទៅ​​ជួប​​សួរ​សុខ​ទុក្ខ​​ប្រជាពលរដ្ឋ​​ដែល​​បាន​​ឆ្លង​​មេរោគ​អេដស៍​​នៅក្នុង​ឃុំ​រការ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។ ​ក្នុង​ឱកាស​​នោះ​ លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ស ខេង ​បាន​ស្នើ​​ឲ្យ​​ពលរដ្ឋ​​ទាំង​នោះ​​កុំ​​មាន​ការ​​ព្រួយ​បារម្ភ​​ពេក ​និង​​កុំ​​បាក់​​ទឹកចិត្ត​ ហើយ​​រង់ចាំ​​លទ្ធភាព​​ពិនិត្យ​​ជាក់​ស្តែង​។ ​លោក​​ឧបនាយករដ្ឋមន្ត្រី ​ក៏​​បាន​សម្តែង​​ការ​មិន​ទាន់​​ជឿ​​រឿង​​ផ្ទុះ​​កា​រ​ឆ្លង​​រាលដាល​​មេរោគ​​អេដស៍​​ក្នុង​​ចំនួន​​ដ៏​​ច្រើន​​បែប​នេះ​​នោះដែរ​។​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ដែល​បាន​ពិនិត្យ​ឈាម​រកឃើញថា​មាន​មេរោគ​អេដស៍​ទាំងនោះ លោ​កស ខេង បាន​បញ្ជាក់ថា សំណាក​ឈាម​របស់​ពួកគេ​ត្រូវបាន​នាំយកមក​ពិនិត្យឡើងវិញ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ត្រូវបញ្ជូន​បន្តទៅ​ពិនិត្យ​ទៅក្នុង​ប្រទេស​បារាំង ស្វី​ស និង​កាណាដា​បន្ថែមទៀត ដើម្បី​បញ្ជាក់​ឲ្យ​បានច្បាស់លាស់។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពេក និង កុំ​បាក់​ទឹកចិត្ត ហើយ​បន្ត​រស់នៅ​ជាមួយគ្នា​ជាធម្មតា។

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង​នៅ​ដើមខែ​ធ្នូ​នេះ បាន​សម្រុក​នាំគ្នា​ទៅពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ បន្ទាប់ពី​​អ្នកភូមិ​មួយចំនួន​ត្រូវបាន​រកឃើញថា​មាន​ផ្ទុកមេរោគ​នេះ។ ក្រោយពី​ពិនិត្យ​ជា​បន្តបន្ទាប់ លទ្ធផល​បឋម​បាន​បង្ហាញថា អ្នកភូមិ​ជាច្រើន​នាក់​មាន​ផ្ទុក​នូវ​មេរោគ​កំណាច​នេះ។

ប្រឈមមុខ​នឹង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​តក់ស្លុត​នេះ មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​បាន​ដុតដៃ ដុតជើង​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ករណីនេះ​នៅ​កន្លែងកើតហេតុ​ផ្ទាល់​តែម្តង។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត​បាត់ដំបង​ក៏បាន​ឃាត់ខ្លួន​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​ដែល អ្នកភូមិ​អះអាងថា បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​នោះ។ អ្នកភូមិ​បានដាក់​ការសង្ស័យ​លើ​គ្រូពេទ្យ​នោះ ថា ជា​អ្នកចម្លង​មេរោគ​កំណាច​នេះ​ដល់​ពួកគេ។ យ៉ាងណាក៏ដោយ មក​ដល់ពេលនេះ មន្ត្រី​ជំនាញ​របស់​កម្ពុជា រក​មិនទាន់​ឃើញ​ពី​មូលហេតុ​នៃ​ការឆ្លង​រាលដាល​មេរោគ​អេដស៍​ជា​ក្រុម​នេះ​នៅឡើយ​នោះទេ។

ការរក​មិនទាន់​ឃើញ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​មន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្តែង​ការមិន​ទាន់​ជឿថា អ្នកភូមិ​ទាំងនោះ​ពិត​ជាមាន​ផ្ទុកមេរោគ​អេដស៍​ដូច ការសន្និដ្ឋាន​របស់​ក្រុម​អ្នកជំនាញ​នៅឡើយ​ទេ។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​មានការ​សិក្សា​ល្អិតល្អន់​បន្ថែមទៀត អំពី​បញ្ហា​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ ជាពិសេស​លោក​បាន​អំពាវនាវ​ឲ្យ​រក្សា​សុវត្ថិភាព​គ្រូពេទ្យ​ប្រចាំ​ភូមិ​ដែលគេ​ចោទថា​ជា​អ្នកចម្លង​មេរោគ​ទៅ​អ្នកភូមិ។ លោក​មាន ឈី​វ​វុន នាយក​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ បាន​បញ្ជាក់ថា នៅពេលនេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​សិក្សា​ស្រាវជ្រាវ​លើ​ករណីនេះ។

យ៉ាងណាក៏ដោយ លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត បញ្ឈប់​ការ​ទៅរក​សេវា​ព្យាបាល​នៅ​ពេទ្យ​ឯកជន ហើយ​ទៅរក​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​វិញ។

គួរ​កត់សម្គាល់ថា អ្នកភូមិ​ដែល​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍​ទាំងនោះ ភាគច្រើន​គឺមាន​អាយុ​ចាប់ ៦០ ឆ្នាំ​ឡើងទៅ ពោល គឺ​ក្នុងចំណោម៧ នាក់ មាន៣ នាក់​រកឃើញថា មាន​មេរោគ​នេះ ហើយ​អ្វីដែល​រឹតតែ​គូរ​ឲ្យកត់សម្គាល់​ទៀត​នោះ គឺ​ព្រះសង្ឃ អាចារ្យវត្ត និង​ក្រុមគ្រួសារ​ក៏​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍​នេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ