ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

លោក សួន សេរីរដ្ឋា ប្តឹង​សុំ​ផ្អាក​សកម្មភាព​គណ​បក្ស​អំណាច​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ប្រធាន​ថ្មី​

media  
លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ @FB/ គណបក្សអំណាចខ្មែរ

ក្រោយ​ចេញ​ពី​ពន្ធនាគារ​វិញ​បាន​តែ​ជាង​ពីរ​សប្តាហ៍ លោក សួន សេរីរដ្ឋា បាន​ប្តឹង​សុំ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ ដោយ​ចោទ​ប្រធាន​ថ្មី​នៃ​គណបក្ស​នេះ​ថា បាន​ក្លែង​បន្លំ​ហត្ថលេខា​សុំ​ឈប់​របស់​ប្រធាន​ចាស់ ដើម្បី​បាន​ឡើង​ធ្វើ​ជា​ប្រធាន​ថ្មី។ ប៉ុន្តែ ​លោក សួង សោ​ភ័ណ្ឌ​ ជា​ប្រធាន​ថ្មី​គណបក្ស​អំណាច​ខ្មែរ បាន​ប្រកាស​ប្តឹង​បក​វិញ​តាម​ផ្លូវ​តុលាការ​ទៅ​លើ លោក សួន សេរីរដ្ឋា ពីបទ​បរិហា​កេរ្តិ៍។ 

លោក សួន សេរី​រដ្ឋា​ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី១០​ខែកញ្ញា​ ដោយ​សុំ​ឲ្យ​ក្រសួង​នេះ ​ផ្អាក​សកម្មភាព​របស់​គណបក្ស​អំណាច​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ប្រធាន​ថ្មី គឺលោក សួង សោភ័ណ្ឌ។ លោក សួង សោភ័ណ្ឌ ដែល​ឡើង​ជា​ប្រធាន​គណបក្ស​នេះ បន្ទាប់​ពី​លោក សួន សេរីរដ្ឋា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រមាថ​កង​ទ័ព។ លោក សួន សេរីរដ្ឋា ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ស្នើ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ចុង​ខែ​សីហា បន្ទាប់​ពី លោក​បាន​សុំ​ទោស​ប្រមុខ​រដ្ឋា​ភិបាល និង​ប្រមុខ​កង​ទ័ព។

លោក សួន សេរីរដ្ឋា បាន​លើក​ឡើង​ក្នុង​លិខិត​ដាក់​ជូន លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ថា៖ លោក​មិន​ដែល​បាន​ចុះ​ហត្ថលេខា ​លើ​លិខិត​លា​លែង​ពី​ប្រធាន​បក្ស​ទេ តែ​លោក​ទទួល​ស្គាល់​ថា បាន​ចុះ​ហត្ថលេខា​តែង​តាំង ​លោក សួង សោភ័ណ្ឌ ជា​ប្រធាន​ស្តី​ទី​គណបក្ស​អំណាច​ខ្មែរ​ដើម្បី​ដឹក​នាំ​ការ​ងារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

ក្នុង​លិខិត​ដ​ដែល​នេះ លោក សួន សេរីរដ្ឋា បាន​ចោទ​លោក សួង សោភ័ណ្ឌ ថា​បាន​ក្លែង​ហត្ថលេខា​របស់​លោក​ ធ្វើ​លិខិត​លា​លែង​ក្លែង​ក្លាយ បន្លំ​សមាជិក​បក្ស។ មិន​តែ​ប៉ុណ្ណោះ លោក សួន សេរីរដ្ឋា បាន​បន្ថែម​ថា លោក សួង សោភ័ណ្ឌ បាន​តែង​តាំង​អនុ​ប្រធាន​បក្ស​ពីរ​រូប​ជំនួស​អនុ​ប្រធាន​ដែល​នៅ​ក្នុង​តំណែង ហើយ​ប្តូរ​រូប​សញ្ញា​គណបក្ស និង​ធ្វើ​សោធន​កម្ម​ច្បាប់​លក្ខន្តិកៈ​គណបក្ស​ទាំង​រំលោភ​ច្បាប់​ដើម។

ទោះ​ជា​យ៉ាង​ណា​យោង​តាម លិខិត​របស់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈឆ្នាំ២០១៨ គឺលោក ស ខេង បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​ធ្វើ​សមាជ​របស់​គណបក្ស​អំណាច​ខ្មែរ​ ដែល​ធ្វើ​កាល​ពី​ថ្ងៃទី១៥ ខែ​ធ្នូ​ឆ្នាំ២០១៧។ ជា​សមាជ​ដែល​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​លក្ខន្តិកៈ ការ​ប្តូរ​រូប​សញ្ញា​សំគាល់ និង​ការ​តែង​តាំង​អនុ​ប្រធាន​ពីរ​រូប​ជំនួស​អនុ​ប្រធាន​ដែល​បាន​លា​ឈប់​។

លោក សួង សោភ័ណ្ឌ​ ជា​ប្រធាន​ថ្មី​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​លោក​នឹង​ប្តឹង​បក​វិញ​តាម​ផ្លូវ​តុលាការ​ទៅ​លើ លោក សួន សេរីរដ្ឋា ពី​បទ​បរិហា​កេរ្តិ៍ នៅ​សប្តាហ៍​ក្រោយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ