អានតួអត្ថបទ
កម្ពុជា

អ្នកវិភាគ​៖ ​បណ្តឹ​ងរបស់​លោក ​សួន សេរីរដ្ឋា ​ជា​ការ​ទាក់​ទាញ​ប្រជាប្រិយភាព​

នៅ​ថ្ងៃ​សុក្រ​ទី​​១៨ធ្នូ ​ស្អែក​នេះ​ គណបក្ស​អំណាច​ខ្មែរ​របស់​លោក ​សួន សេរីរដ្ឋា ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌​មាន​មួយ ​ជុំវិញ​ប្រធាន​បទ​ «ការ​ចោទ​ប្តឹង​លោក​ ហោ ណាំហុង ​ពី​បទ​បរិហា​កេរិ៍្ត​លោក​ សួន សេរីរដ្ឋា ​និង​ញុះញង់​អោយ​មាន​ការ​រើស​អើង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ​។» ការ​ប្តឹង​ផ្តល់​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​ឯករាជ្យ​មើល​ឃើញ​ថា ​គ្រាន់​តែ​ជា​ការ​ទាក់​ទាញ​ប្រជាប្រិយ​ភាព​តែ​ប៉ុណ្ណោះ។​

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត ​មាស នី ​អ្នក​ស្រាវជ្រាវ​ដើម្បីអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគ និយាយ​ថា ​លទ្ធភា​ព​​នៃ​កា​រឈ្នះ​បណ្តឹង​ របស់​លោក ​សួន សេរីរដ្ឋា ទៅ​លើ​លោក​ ហោ ណាំហុង គឺជា​រឿង​ដែល​មិន​​អាច​​ទៅ​រួច​នោះ​ទេ។ លោ​កប​ណ្ឌិត មាស នី ថា​ក្នុង​បរិយាកាស​សង្គម​បែប​នេះ ​អ្នក​នយោបាយ​មិន​គួរ​យក​រឿង​ផ្ទាល់​ខ្លួន​ មក​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​នោះ​ទេ។ ​អ្នក​នយោបាយ ​គួរ​គិត​គូរ​រឿង​ជាតិ​ជា​រឿង​ធំ។​ លោក​បន្ត​ថា​ ការ​ប្តឹង​ផ្តល់​គ្នា​របស់​អ្នក​នយោបាយ ​មិន​មែន​ជា​អ្វី​ដែល​កូន​ខ្មែរ​ចង់​បាន​នោះ​ទេ។​

ទាក់ទង​នឹង​ការ​ប្តឹង​ផ្តល់​នេះ​ដែរ​ លោក​បណ្ឌិត រស់ រ៉ាវុធ ​សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​ជា​អ្នក​វិភាគ​ដែរ​នោះ ​យល់​ឃើញ​ថា ​អ្នក​នយោបាយ​ខ្មែរ​ចូល​ចិត្ត​បបួល​គ្នា​ចង​បញ្ហា ​ជា​ជាង​បបួល​គ្នា​ដោះស្រាយ​បញ្ហា។​ លោក​​​ថា​​​ការ​​ប្តឹង​​ផ្តល់​​របស់​​លោក សួន សេរីរដ្ឋា ​​នេះ ​គឺ​ជាកា​រ​កេង​ចំណេញ​ផ្នែក​នយោបាយ ​និង​ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​តែ​ប៉ុណ្ណោះ។ ​លោក​បណ្ឌិត​រស់ រ៉ាវុធ បន្ត​ថា​អ្នក​នយោបាយ​គួរ​ទាក់​ទាញ​ប្រជាប្រិយភាព ​តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ខ្លួ​ន ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ និង​រួម​គ្នា​ធ្វើ​ច្បាប់​ដើម្បី​ជាតិ។

ចំណែក​​លោក ​អំ សំអាត ​មន្រ្តី​​ស៊ើប​​អង្កេត​​ជាន់​​ខ្ពស់​​របស់​​អង្គការ​​លីកាដូ ​និយាយ​​​ថា​​ការ​​ប្តឹង​​ផ្តល់​​គ្នា​​នេះ​​ ​គឺ​​ជា​​សិទ្ធិ​​របស់​​បុគ្គល​​ ប៉ុន្តែ​​​បើ​​អ្ន​ក​នយោបាយ​​ប្តឹង​​ផ្តល់​​គ្នា​​ច្រើ​ន​ នោះ​​នឹង​​ធ្វើ​​អោយ​​បរិយាកាស​​នយោបាយ​​អាប់​​អួរ។​​ ដូចគ្នា​នឹង​បណ្ឌិត​ រស់ រ៉ាវុធ ​ដែរ​ លោក អំ សំអាត មើល​ឃើញ​ថា ​ការ​ប្តឹង​ផ្តល់​របស់​លោក សួន សេរីរដ្ឋា នេះ ​គឺ​ជា​ការ​ ទាក់​ទាញ​ប្រជាប្រិយ​ភាព​តែ​ប៉ុណ្ណោះ ​ព្រោះ​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​ជា​គណបក្ស​ទើប​នឹង​បង្កើត​ថ្មី។​ ម្យ៉ាង​វិញ​ទៀត​ ជុំវិញ​ការ​ស្វែង​រក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ​នេះ​ លោក​អំ សំអាត និយាយ​ថា​ តុលាការ​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​លោក​ សួន សេរីរដ្ឋា បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ