អានតួអត្ថបទ
កម្ពុជា

លោក សួន សេរីរដ្ឋា ប្តឹង​លោក​ហោ ណាំហុង ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ធ្នូនេះ​ បាន​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​កាសែត ដើម្បី​ប្រកាស​ប្តឹង​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ជា​ផ្លូវ​ការ​ហើយ។ បើ​តាម​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ​ថា លោក​នឹង​ប្តឹង​ទាមទារ​​សំណង​ជំងឺ​ចិត្ត​ពី​លោក ហោ ណាំហុង ចំនួន​៥០០​លាន​រៀល។ ហើយ​ថវិកា​ដែល​លោក​រំពឹង​ថា​ នឹង​ឈ្នះ​ក្តី​នេះ​ នឹង​យក​ទៅ​ជូយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​អស់។

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ សហការី
ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្តឹង​របស់លោក សួន សេរីរដ្ឋា នឹង​ដាក់​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១​ធ្នូ​ខាង​មុខ ប្រសិន​បើ​មិន​មាន​ការ​សរសេរ​លិខិត​សុំទោស​ពី​លោក ហោ ណាំហុង​ទេ​នោះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​២០១៥​នេះ។

បើ​តាម​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ​ លោក​នឹង​ប្តឹង​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ពី​បទ​«បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជា​សាធារណៈ» ដោយ​យោង​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ ដែល​បាន​ចោទ​ប្រកាន់​គណបក្ស​អំណាច​ខ្មែរ​ថា មាន​សមាជិក​ជា​ភេវរករ​នៅ​ក្នុង​ជួរ​គណបក្ស​នេះ។ ប៉ុន្តែ លោក សួន សេរីរដ្ឋា បាន​ច្រាន​ចោល និង​បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​របស់​លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ​នោះ​ថា គឺ​ជា​ការ​ញុះញង់​ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​គណបក្ស​អំណាច​ខ្មែរ ព្រោះ​ប្រជាពលរដ្ឋ​នឹង​គិត​ថា ជា​គណបក្ស​ដែល​បង្ក​ភេរវកម្ម។

ជុំវិញ​ពាក្យ​បណ្តឹង​របស់​លោក សួន សេរីរដ្ឋា​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​សាធារណៈ​ពី​ប្រមុខ​ការ​ទូត​កម្ពុជា លោក ហោ ណាំហុង នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ឆ្នាំ​២០១៥ លោក ការ សាវុត្ថ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហោ ណាំហុង​បាន​បញ្ជាក់​ថា ​លោក សួន សេរីរដ្ឋា និង​សមាជិក ៣​រូប​ទៀត ធ្លាប់​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២៥​លាន​រៀល ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មាន​ជា​អាទិ៍ រួម​គំនិត​ក្បត់​ជាតិ និង​អំពើ​រារាំង​ប្រជាពលរដ្ឋ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មិន​ឲ្យ​ទៅ​បោះឆ្នោត ​និង​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជា​ដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ លោក សួន សេរីរដ្ឋា បាន​បញ្ជាក់​ថា ក្រៅ​ពី​ការ​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​កាត់​ទោស​តាម​មាត្រា​ច្បាប់​ហើយ លោក​នឹង​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ហោ ណាំហុង ចំនួន​៥០០​លាន​រៀល ហើយ​ប្រាក់​សំណង​ជំងឺ​ចិត្ត​នេះ លោក​នឹង​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​អស់។

យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ក្រោយ​នៃ​សន្និសីទ​កាសែត​នេះ លោក សួន សេរីរដ្ឋា បាន​បញ្ជាក់​ថា លោក​នឹង​មិន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​នោះ​ទេ ​បើ​លោក ហោ ណាំហុង ព្រម​សុំ​ទោស​ជា​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ