អានតួអត្ថបទ
កម្ពុជា

សភា​កម្ពុជា​ស្នើ​សុំ​អន្តរសភា​មិន​ឱ្យ​បញ្ជូល​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

មហា​សន្និបាត​អន្តរសភា​អាស៊ាន អាច​នឹង​ពុំ​មាន​ការ​ដាក់​បញ្ចូល របៀប​វីរៈ​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ទៅ​ក្នុង​ការ​ប្រជុំ។ នេះ​បើ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋសភា​កម្ពុជា ​ ដោយ​សំអាង​ទៅ​លើ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​របស់​អាស៊ាន។ គួរ​រំលឹក​ថា​មហា​សន្និបាត​នេះ​នឹង​ប្រារព្ធ​ឡើង នា​ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​ក្នុង​រដ្ឋធានី​វៀង​ចន្ទន៍ ប្រទេស​ឡាវ។អត្តបទដោយ ហង់​ យុត្តិវង្ស​ ចេមី

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង @RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភា​កម្ពុជា​នឹង​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធាន​អន្តរសភាAIPA ដើម្បី​មិន​ឱ្យ​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស់​ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​របស់​សភា​អាស៊ាន​នោះ​ទេ។ លោក​សុខ ឥសាន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា​ការ​ដាក់​របៀប​វារៈ​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​កិច្ច​ប្រជុំ​សភា នឹង​អាច​រំលោភ​រដ្ឋ​ធម្មនុញ្ញ​អាស៊ាន។ រដ្ឋ​ធម្មនុញ្ញ​អាស៊ាន ដែល​មិន​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ខ្លួន យក​បញ្ហា​ប្រទេស​ជា​សមាជិក​ដទៃ​មក​ជជែក​វែក​ញែក​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ទេ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​យុទ្ធសាស្ត្រ​នយោបាយ​ការ​បរទេស បាន​លើក​ឡើង​ថា​កម្ពុជា​គឺ​កំពុង​ប្រកាន់​ជំហរ​កាន់​ជើង​ប្រទេស​ចិន​ ដែល​ជា​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ខ្លួន និង​ជា​ប្រទេស ដែល​ផ្តល់​ជំនួយ​ធំ​ជាង​គេ​មក​កាន់​កម្ពុជា។​ លោក សុខ ឥសាន អះអាង​ថា រដ្ឋសភា​កម្ពុជា​មិន​លូក​ដៃ​ចូល​ទៅ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ​ ព្រោះ​ជា​ជម្លោះ​ទ្វេ​ភាគី​តែ​ប៉ុណ្ណោះ។​ ហើយ​ថា សមាជិក​ណា​ដែល​មាន​បញ្ហា​ជាមួយ​ប្រទេស​ចិន គួរ​តែ​យក​បញ្ហា​នេះ​ទៅ ជជែក​ពិភាក្សា​ដោះស្រាយ​ទ្វេភាគី ជាមួយ​ប្រទេស​ចិន​ដោយ​ផ្ទាល់។ លោក​សុខ ឥសាន​បន្ថែម​ថា ជំហ​ឯករាជ្យ​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង មិន​មែន​តែ​កម្ពុជា​មួយ​ទេ ដែល​ជំទាស់​លើ​បញ្ហា​នេះ កន្លង​មក​ក៏​មាន​ប្រទេស​មួយ​ចំនួន​ធ្លាប់​ជំទាស់​ទៅ​លើ​រឿង​នេះ​ដូច​គ្នា​ដែរ។

ការ​ស្នើ​របស់​កម្ពុជា​នេះ គឺ​បាន​ធ្វើ​ឡើង​ខណៈ​ ដែល​កិច្ច​ប្រជុំ​អន្តរសភា​អាស៊ាន គ្រោង​នឹង​ប្រជុំ​នៅ​ខែ​កញ្ញា​ខាង​មុន នៅ​រដ្ឋធានី​វៀង​ចន្ទន៍​ប្រទេស​ឡាវ។ សូម​បញ្ជាក់​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​ជា​រឿង​សំណុំ​ដ៏​ចម្រូង​ចម្រាស់​មួយ​រវាង​សមាជិក​អាស៊ាន​ ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ និង​សមាជិក​អាស៊ាន ដែល​មិន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​មហា​យក្ស​ចិន។

នៅ​ក្នុង​សំណុំ​រឿង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​សុំ​មិន​អត្ថាធិប្បាយ ដោយ​សារ​មិន​មែន​ជា​គណបក្ស​កាន់​អំណាច ប៉ុន្តែ​លោក អេង ឆៃអៀង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​សង្ឃឹម​ថា កម្ពុជា​អាច​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​នឹង​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់។ ហើយ​ចំពោះ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ គឺ​ចង់​បាន​តែ​សន្តិភាព យុត្តិធម៌​ពេញ​លេញ និង​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ជួប​នឹង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​អនាគត​បាន​សង្កេត​ឃើញ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ គឺ​មាន​បំណង​ ដើម្បី​បំពេញ​ចិត្ត​មហាមិត្ត​ចិន​ជា​ធំ ហើយ​កម្ពុជា​ក៏​មិន​ចង់​ឲ្យ​អាស៊ាន​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​ដែរ។ ហើយ​ថា​បញ្ហា​នេះ​ នឹង​មិន​មាន​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​កម្ពុជា​ក៏​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សមាជិក​អាស៊ាន​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ ព្រម​ទាំង​ប្រទេស​អន្តរជាតិ​ផង​ដែរ។ លោក​អ៊ូ វីរៈ ​ក៏​បាន​បន្ថែម​ទៀត​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ អាច​នឹង​ធ្វើ​ឲ្យ​អាស៊ាន​បែក​បាក់​គ្នា ហើយ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ប្រទេស​កម្ពុជា​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ