អានតួអត្ថបទ
កម្ពុជា-អាស៊ាន

​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ផ្តើម​ទស្សន​កិច្ច​នៅ​កម្ពុជា​ថ្ងៃ​នេះ ​បន្ទាប់​ពី​ប្រុយ​ណេ​និង​ម៉ាឡេស៊ី​

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ចេអ៊ីន នឹង​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មីនា ឆ្នាំ​២០១៩​នេះ តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ទី០១​របស់​លោក មួន ចេអ៊ីន មក​កាន់​កម្ពុជា និង​ជា​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ទី៣ ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នេះ គេ​រំពឹង​ថា នឹង​ផ្ដល់​ផល​វិជ្ជ​មាន​កាន់​តែ​ច្រើន​សម្រាប់​ទំនាក់​ទំនង​ការ​ទូត និង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។ 

លោកប្រធានាធិបតីកូរ៉េខាងត្បូង
លោកប្រធានាធិបតីកូរ៉េខាងត្បូង @Politico
ផ្សាយពាណិជ្ជកម្ម

គួរ​ជំរាប​ជូន​ថា មុន​ពេល​ដាក់​ជើង​ជាន់​ដី​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី ១៤ មីនា​នេះ លោក មួន ចេអ៊ីន (Moon Jae-in) និង​ភរិយា​របស់​លោក គឺ​លោកស្រី គីម យ៉ុងស៊ុក (Kim Jung-sook) ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ចំនួន​ពីរ​នៅ​តំបន់​អាស៊ាន គឺ​ប្រទេស​ប្រុយ​ណេ​និង​ម៉ា​ឡេស៊ី​។ ជា​ដំណើរ​ទស្សន​កិច្ច ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន លើ​គោល​នយោបាយ​ថ្មី​របស់​លោក​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង និង​ជា​ពិសេស គឺ​ការ​គាំទ្រ​គោល​នយោបាយ​សន្តិភាព​របស់​លោក​នៅ​ក្នុង​ឧប​ទ្វីប​កូរ៉េ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​។

ដោយ​ឡែក​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ មីនា​នេះ​វិញ លោក មួន ចេអ៊ីន នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះ​បរមរាជវាំង និង​បន្ទាប់​មក លោក​និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​។ តាម​រយៈ​ជំនួប​នេះ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី និង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​នានា និង​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​ជា​ក្តី​កង្វល់​និង​ផល​ប្រយោជន៍​រួម​។ បន្ទាប់​ពី​នេះ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ ក៏​នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ផង​។ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ ភាគី​ទាំង​ពីរ​នឹង​ចេញ​សេចកី្ត​ថ្លែង​ការណ៍​រួម ស្តីពី លទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា​នេះ​។

តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នេះ គេ​រំពឹង​ដែរ​ថា លោក មួន ចេអ៊ីន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរក​ថា ក្នុង​វេទិកា​ធុរ​កិច្ច​កម្ពុជា-កូរ៉េ​ខាង​ត្បូង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។ គួរ​ជំរាប​ជូន​ថា គិត​ចាប់​ពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ​២០១៨​កន្លង​មក​នេះ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-កូរ៉េ​ខាង​ត្បូង បាន​កើន​ឡើង​ពី ៦០២,៦៨២ លាន​ដុល្លារ ដល់​៧៤៦,៣៨៥​លាន​ដុល្លារ​។ក្រៅ​ពី​នេះ ទំហំ​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​កម្ពុជា​មាន​ចំនួន​២១៤​គម្រោង​ជាមួយ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤.៤៧​ពាន់​លាន​ដុល្លារ គិត​ចាប់​ពី​ឆ្នាំ​១៩៩៦ ដល់​ខែ​មករា​ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ទី០១​របស់ លោក មួន ចេអ៊ីន មក​កាន់​កម្ពុជា និង​ជា​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ទី០៣ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា បន្ទាប់​ពី​លោក រ៉ូ មូយុន (Roh Moo-hyun) ដែល​បាន​មក​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦ និង​លោក លី ម្បុង​បាក់ (Lee Myung-bak) ដែល​បាន​ធ្វើ​ទស្សន​កិច្ច​មក​កម្ពុជា​នៅ​ខែ​តុលា​ឆ្នាំ​២០០៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ