អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក​នាយក​រដ្ឋមន្ត្រី៖ អូស្រ្តាលី​ខ្លាច​លោក​មិន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​នេះ បាន​ថ្លែង​បែប​ចំអក​ដល់​អ្នក​រិះគន់​រូប​លោក​ថា អូស្ត្រាលី​ខ្លាច​លោក​មិន​អាច​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ទៅ​វិញ​ទេ។ ជា​កិច្ច​ប្រជុំ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ស៊ីដនី នា​ខែ​ក្រោយ​នេះ។ ការ​ថ្លែង​បែប​ហួស​ចិត្ត​នេះ កើត​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ទទួល​ដំណឹង​ថា​អូស្ត្រាលី​ហៅ​លោក​ទៅ​គាប។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​នៅ​មុខ កម្មករ កម្មការនី ប្រមាណ​១,៥​ម៉ឺន​នាក់​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មាន​គេ​លើក​ឡើង​ថា​អូស្ត្រាលី​ហៅ​លោក​ទៅ​ដើម្បី​គាប ក្នុង​ពេល​ដែល​អូស្រ្តាលី​ខា្លច​លោក​មិន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អូស្ត្រាលី និង​ជំទាស់​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឲ្យ​សេចក្តី​ថ្លែងការណ៍​នោះ​ចេញ​មិន​រួច។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ហាញ​ការ​ជឿ​ជាក់​ថា​ប្រទេស​អូស្ត្រាលី និង​មិន​ធ្វើ​បែប​នោះ​ដាក់​លោក​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​មនុស្ស​ដូច​លោក​មិន​មាន​អ្នក​ណា​ហ៊ាន​ស្តី​បន្ទោស​ទល់​មុខ​នោះ​ឡើយ បើ​ដូច្នេះ​មែន​នោះ លោក​នឹង​ចង្អុល​មុខ​គេ​វិញ​ភ្លាម។

សូម​ជ្រាប​ជូន​ថា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែ​មីនា ខាង​មុខ នឹង​មាន​វត្តមាន​មេ​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ចូល​រួម ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ដក​ហូត​មក​វិញ នូវ​លិខិត​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី។ ជា​ការ​អំពាវនាវ​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី រូប​នេះ​បាន​ឃើញ​នូវ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​រុះ​រើ​សម្លេង​ឯករាជ្យ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​មក។

លោក​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​ថ្លែង​ចំអក​ដល់​អ្នក​រិះគន់​ជុំវិញ​វត្តមាន​របស់​លោក​នៅ​អូស្ត្រាលី លោក​ក៏​បាន​ផ្តាំ​ដល់​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ពេល​លោក​មាន​វត្តមាន​នៅ​អូស្ត្រាលី​នា​ពេល​ខាង​មុខ​ថា ការ​ធ្វើ​បាតុកម្ម​នោះ គឺ​ជា​សេរីភាព​របស់​ពួក​គេ​មែន ប៉ុន្តែ​លោក​អះអាង​ថា​លោក​ក៏​មាន​ប្រជាជន​នៅ​ក្រៅ​ប្រទេស​ចាំ​គាំទ្រ​រូប​លោក​ដែរ។

លោក​បញ្ជាក់​ថា​អ្នក​មក​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​កន្លង​មក​មាន​តែ​ប្រមាណ​១០​ភាគ​រយ​ប៉ុណ្ណោះ​នៃ​អ្នក​ដែល​បាន​មក​ជួប​លោក។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ហាម​មិន​ឲ្យ​មាន​ការ​ដុត​រូប​ថត​រប​ស់លោក​ជា​ដាច់​ខាត បើ​មិន​ដូច​នោះ​ទេ លោក​នឹង​តាម​ដល់​ផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ