ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT
កម្ពុជា

លោក​ហ៊ុន សែន​សម្តែង​ការ​ហួស​ចិត្ត​ដែល​លោក​សម រង្ស៊ី​ប្តឹង​រឿង​ចំនួន​ចុច​“Like”​លើ​ហ្វេសប៊ុក​របស់​លោក

media  
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​វេស្ទើន​នៅ​ព្រឹកថ្ងៃទិ ១២ កុម្ភៈ @Samdech Hun Sen, Cambodian Prime Minister

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​វេស្ទើន​នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សម្តែង​ការ​ហួស​ចិត្ត​ដែល​លោក​សម រង្ស៊ី បាន​ប្តឹង​ទៅ​តុលាការ​អាមេរិក​ ដើម្បី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ជុំវិញ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។ ក្រៅ​ពី​ហួស​ចិត្ត លោកហ៊ុន សែន ថែម​ទាំង​ចាត់​ទុក​សកម្មភាព​របស់​លោក​សម រង្ស៊ី​នេះ​ថា ជា​ទង្វើ​មនុស្ស “ឆ្កួត” ទៀត​ផង។

ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​លោក​សម រង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​លើក​ឡើង​បែប​ហួស​ចិត្ត​ថា លោក​មិន​ដឹង​ថា ចំនួន​ចុច “Like”​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​មក​ពី​ណា​នោះ​ទេ។ លោក​ហ៊ុន សែន ថែម​ទាំង​បញ្ជាក់​ដែរ​ថា ការ​បង្វិល​ការ​ចុច​“Like”​ពី​ទំព័រ​ហ្វេសប៊ុក​លោក​សម រង្ស៊ី​មក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នោះ គឺ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ ហើយ​បើ​អាច​ទៅ​រួច​វិញ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ទេ​តើ មិន​មែន​លោក​ឯណា​ឡើយ។

អតីត​ប្រមុខ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​០៨ កុម្ភៈ តាម​រយៈ​មេធាវី​អាមេរិកាំង​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​តុលាការ​ថ្នាក់​សង្កាត់​នៃ​ភាគ​ខាង​ជើង​រដ្ឋ California សហរដ្ឋ​អាមេរិក​ដោយ​ប្តឹង​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ជុំវិញ​ចំនួន​“Like”​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន។ លោក​សម រង្ស៊ី បាន​ចោទ​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ថាបានបង្កើតចំនួន​“Like”​ក្លែង​ក្លាយ​រាប់​លានលើ​ទំព័រ​ហ្វេសប៊ុក​ ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព​របស់​លោក។

ចំពោះ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​សើច​ចំអក​ទៅ​លើ​លោក​សម រង្ស៊ី ដោយ​លើក​ឡើង​ថា លោក​សម រង្ស៊ី គ្រាន់​តែ​លេង​ហ្វេសប៊ុក​ចាញ់​លោក​សោះ​ក៏​មក​រក​រឿង​លោក​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក​ហ៊ុន សែន ក៏​បាន​ថែម​ទាំង​ប្រើ​ពាក្យ​ធ្ងន់ៗ​អសុរស​ហៅ​ទង្វើ​របស់​លោក​សម រង្ស៊ី​នេះ​ថា “ឆ្កួត​ឡប់” ទៀត។ ចំណែក​លោក​សម រង្ស៊ី​វិញ លោក​ថា​ប្រសិន​បើ​លោក​ហ៊ុន សែន គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទេនោះ គឺ​គួរ​តែ​គាំទ្រ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ លោក​​ថា ប្រជាពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ត្រូវ​ការ​ដឹង​ពីការ​ពិត។

សូម​ជំរាប​ជូន​ថា​រឿង​ពាក់​ព័ន្ធ​នឹង​ហ្វេសប៊ុក​នេះ លោក​សម រង្ស៊ី ធ្លាប់​ចាញ់​ក្តី​លោក​សោម សឿន រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​ម្តង​រួច​មក​ហើយ​នៅ​តុលាការ​កម្ពុជា។ កាល​ណោះ​លោក​សម រង្ស៊ី ត្រូវ​បាន​តុលាការ​តម្រូវ​ឲ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​១៥​លាន​រៀល​ឲ្យ​ទៅ​ដើម​បណ្តឹង បន្ទាប់​ពី​លោក​បាន​ចោទ​ប្រកាន់​លោក​សោម សឿន ថា​បាន​រៀប​ចំ​បង្កើត​ឲ្យ​មាន​គណនី​ហ្វេស​ប៊ុក​ក្លែង​ក្លាយ ដើម្បី​យក​ទៅ​ចុច“like”លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​អ្នក​ចុច​“like” ជាង​៩​លាន​នាក់​ហើយ រី​ឯ​ទំព័រ​ហ៊្វេសប៊ុក​របស់​លោក​សម រង្ស៊ី​វិញ​មាន​ចំនួន​អ្នក​ចុច​“like”​ជាង​៤​លាន​នាក់​កន្លះ​តែ​ប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ