អានតួអត្ថបទ
កម្ពុជា

លោក ​ហ៊ុន សែន ​ស្នើ​ឲ្យ​ពឹងពាក់​អ្នក​ជំនាញ​សិក្សា​រក​មូលហេតុ​កម្មករ​សន្លប់​ឲ្យ​បាន​ច្បាស់លាស់

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​កម្មករ​សន្លប់​ដែល​ចេះ​តែ​កើត​មាន​ឥត​ដាច់​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​នានា​។​ ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​មាន​ការរាយការណ៍​ថា​កម្មករ​រាប់​ពាន់​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ​បញ្ហា​កម្មករ​សន្លប់​នេះ ​ទទួល​រង​ការ​រិះគន់​ពី​សាធារណជន​ថា ​បាន​កើត​មាន​ដដែល​ៗ​។

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ជួប​កម្មករ ​កម្មការិនី​ ​នៅ​តំបន់​ឧស្សាហកម្ម​កាត់ដេ​រ​ទំនប់​កប់​ស្រូវ ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅព្រឹកថ្ងៃ ០៧ កុម្ភៈ ២០១៨
​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ជួប​កម្មករ ​កម្មការិនី​ ​នៅ​តំបន់​ឧស្សាហកម្ម​កាត់ដេ​រ​ទំនប់​កប់​ស្រូវ ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅព្រឹកថ្ងៃ ០៧ កុម្ភៈ ២០១៨ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​កម្មករ ​កម្មការិនី​ចំនួន​១៥ ០០០​នាក់ ​នៅ​តំបន់​ឧស្សាហកម្ម​កាត់ដេ​រ​ទំនប់​កប់​ស្រូវ ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ថ្លែង​ថា ​គួរ​តែ​សិក្សា​មើល ​ដើម្បី​ស្រាវជ្រាវ​បញ្ហា​ដួល​សន្លប់ ​ដោយ​លោក​ផ្តល់​ជា​យោបល់​ដល់​មន្ត្រី​ថា ​បើ​ខ្វះ​លទ្ធភាព​ពួក​គេ​អាច​ស្វែង​រក​អ្នក​ឯកទេស​ខាង​វិស័យ​សុខាភិបាល ​និង​វិស័យ​ការងារ​ឲ្យ​គេ​ជួយ​មើល​ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​ឲ្យ​គេ​ពិនិត្យ​មើល​ថា​តើ​បាតុភូត​ដួល​សន្លប់​មក​ពី​អ្វី​ពិត​ប្រាកដ​។ ​តាម​លោក​ហ៊ុន សែន ​គឺ​ជា​ការ​ស្រាវជ្រាវ​មួយ ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​។

សូម​បញ្ជាក់​ថា ​កម្មករ​ភាគច្រើន​ជា​ស្ត្រី ​ដែល​បំរើ​ការងារ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​២២ ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ដួល​សន្លប់ ​ជា​បន្តបន្ទាប់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​មាន​ចំនួន​១៦០០​នាក់​។ ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ​ចំនួន​កម្មករ​ដួល​សន្លប់​មានការ​កើន​ឡើង​ជាង​៤០០​នាក់​ដោយ​ឆ្នាំ​២០១៦​មាន​កម្មករ​សន្លប់​ប្រមាណ​តែ​ជាង​១១០០​នាក់​ប៉ុណ្ណោះ​។

តាម​ការ​កត់សម្គាល់​រ​បស់​សហភាព​ការងារ​កម្ពុជា ​បញ្ហា​កម្មករ​សន្លប់​នេះ ​កើត​មាន​ដដែល​ៗ ​ដោយ​ពុំ​ឃើញ​មាន​វិធានការ​ណា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទេ ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ​តាម​សហជីព បញ្ហា​នេះ​បណ្តាល​មកពី​សុខភាព​ចុះខ្សោយ​ ធ្វើការ​យូរ​ឆ្នាំ ​ថែម​ម៉ោង​ហួស​កម្លាំង ​បរិយាកាស​ក្នុង​រោងចក្រ​មិនល្អ ​លាយឡំ​នឹង​ជាតិ​គីមី​ផ្សេង​ៗ ​ចេញ​ពី​ក្នុង​កំណាត់​។

ទោះ​យ៉ាងណា ​នៅក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​កាលពី​ដើម​សប្តាហ៍​នេះ ​មន្ត្រី​ក្រសួង​ការងារ​ទទួល​បន្ទុក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស) ​បាន​ធ្វើការ​អំពាវនាវ​មួយ​ចំនួន​ដែរ ​ដូចជា ​ត្រូវ​ត្រួត​ពិនិត្យ ​និង​ថែ​ទាំ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​១​ម៉ោង​មុនពេល​កម្មករ​ចូល​ធ្វើការ​។​ ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​គ្រប់គ្រង ​ការ​សាយភាយ​ក្លិន​គីមី ​ទាំង​ក្នុង ​និង​ក្រៅ​បរិវេណ​អគារ​រោងចក្រ​។ ​ត្រូវ​រៀបចំ​សម្ភារៈ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ​និង​សុវត្ថិភាព ​កុំ​ឲ្យ​បាំង​ប្រភព​ខ្យល់​ចេញចូល​។​ ដាក់​ឲ្យ​មាន​ឧបករណ៍​វាស់​ស្ទង់​កំដៅ ​នៅ​កន្លែង​ធ្វើការ​។ ​ត្រូវ​រៀបចំ​ឲ្យ​មាន​គិលានដ្ឋាន និង​មធ្យោបាយ​សង្គ្រោះ​បន្ទាន់ ​ប្រចាំ​សហគ្រាស​គ្រឹះស្ថាន​។ ត្រូវ​ផ្តល់​ទឹកស្អាត​ សម្រាប់​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កម្មករ​និយោជិត ​និង​សំណូមពរ ​ដល់​កម្មករ​និយោជិត​ទាំងអស់ ​ឲ្យ​ចេះ​ថែរក្សា​សុខភាព ​បរិភោគ​អាហារ ​មាន​ជីវជាតិ ​អនាម័យ ​និង​សម្រាក ​ឲ្យ​បាន​គ្រប់គ្រាន់ ​ដើម្បី​ជៀសវាង ​មាន​ករណី​សន្លប់​កើតមាន​ឡើង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ