អានតួអត្ថបទ
កម្ពុជា

វីដេអូ​ឯកសារ​ស្តី​ពី​ដំណើរ​រំដោះ​ប្រទេស​ជាតិ​ពី​កណ្តាប់​ដៃ​ខ្មែរ​ក្រហម​របស់​លោក​ហ៊ុន សែន​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​នៅ​ល្ងាច​នេះ

នៅ​វេលា​ម៉ោង​៧​យប់​នេះ វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ​» នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​សាធារណៈ​តាម​ទូរទស្សន៍​នានា។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។ ជា​ការ​សម្គាល់​ថា ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​នេះ គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ប្រារព្ធ​ខួប​នៃ​ថ្ងៃ​៧ មករា ដែល​ជា​ថ្ងៃ​ជ័យ​ជម្នះ​នៃ​ការ​រំដោះ​ប្រទេស​កម្ពុជា​ពី​កណ្តាប់​ខ្មែរ​ក្រហម។

វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ​»
វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ​» @សហការី
ផ្សាយពាណិជ្ជកម្ម

វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ​»នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​តស៊ូ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ឲ្យ​ចេញ​ពី​របប​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៥-ឆ្នាំ​១៩៧៩។ និយាយ​ឲ្យ​ខ្លី វីដេអូ​ឯកសារ​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​ទាំង​មូល​នៃ​ការ​រត់​ទៅ​ពឹងវៀតណាម​ឲ្យ​មក​ជួយ​រំដោះ​ប្រទេស​កម្ពុជា​របស់​លោក​ហ៊ុន សែន និង​គូកន​៤​ទៀត​របស់​លោក​កាល​ពី​ចន្លោះ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៩។ តាម​រយៈ​វីដេអូ​ឯកសារ​ដដែល​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា កាល​ណោះ គឺ​ជា​ពេល​វេលា​ដ៏​លំបាក​បំផុត​របស់​លោក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ប៉ុល ពត។ ក្នុង​វ័យ​ត្រឹម​តែ​២៥​ឆ្នាំ លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រថុយ​ជីវិត​រត់​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​វៀតណាម។ ក្នុង​វីដេអូ លោក​នាយក​រដ្ឋមន្រ្តី បាន​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​លោក​និយាយ​ដល់​ការ​ចាក​ចេញ​ពី​ភរិយា​ដែល​កំពុង​មាន​កូន​ប្រាំ​ខែ​ក្នុង​ពោះ។

ក្រៅ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​សាច់​រឿង​នេះ ផលិតករ​ក៏​បាន​សម្ភាសន៍​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា​ភរិយា​របស់​លោក គូកន​រួម​ការ​តស៊ូ​ជាមួយ​លោក អ្នក​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជន​ជាតិ​វៀតណាម​ដែល​ជួយ​ដល់​ក្រុម​តស៊ូ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​កាល​ទៅ​ដី​វៀតណាម​ដំបូងៗ​ថែម​ទៀត។ ក្រោម​ការ​តស៊ូ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​ការ​ជួយ​របស់​វៀតណាម របប​ខ្មែរ​ក្រហម​ត្រូវ​បាន​វាយ​ផ្តួល​រំលំ​ដោយ​កង​ទ័ព​វៀតណាម​នៅ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩។ តាំង​ពី​ពេល​នោះ​មក លោក​ហ៊ុន សែន រួម​ជាមួយ​លោក​ហេង សំរិន និង​លោក​ជា ស៊ីម បាន​រួម​គ្នា​ដឹក​នាំ​ប្រទេស​កម្ពុជា​តែ​ម្តង។ ពេល​នោះ​លោក​ហ៊ុន សែន កាន់​ការ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បទេស ហើយ​បន្ទាប់​ពី​ឆ្នាំ​១៩៩៣​មក លោក​បាន​កាន់​ដំណែង​នាយក​រដ្ឋមន្រ្តី​ដឹក​នាំ​ប្រទេស​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ដំណែង​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក​ហ៊ុន សែន តែង​តែ​បាន​រំឮក​ឡើង​វិញ​ជា​រើយៗ​ពី​ការ​តស៊ូ​របស់​លោក​ក្នុង​ការ​សង្រ្គោះ​ជាតិ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ពី​រណ្តៅ​មរណៈ​នៃ​របប​ខ្មែរ​ក្រហម។ ក្រៅ​ពី​នេះ តាម​ការ​កត់​សម្គាល់ ជា​រៀង​រាល់​ឆ្នាំ​ជា​ពិសេស​មុន​ពេល​ប្រារព្ធ​ថ្ងៃ​ជ័យ​ជម្នះ​៧ មករា រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ស្តីពី​ការ​រំដោះ​ពី​របប​ខ្មែរ​ក្រហម​នេះ​តាម​ទូរទស្សន៍ និង​វិទ្យុ​មិន​ដែល​ដាច់។ នៅ​ឆ្នាំ​នេះ​ទៀត ក៏​មាន​ការ​ផលិត​វីដេអូ​ឯកសារ​ស្តី​ពី​ដំណើរ​ការ​តស៊ូ​ក្នុង​ការ​រំដោះ​ប្រទេស​ជាតិ​ពី​កណ្តាប់​ដៃ​ក្រុម​ខ្មែរ​ក្រហម​របស់​លោក​តាំង​ពី​ដើម​រហូត​ដល់​ចប់​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ