អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លុយ​គឺ​ជា​នុយ​ដ៏​ធំ​បំផុត សម្រាប់​ស្ទូច​កីឡា​ខ្មែរ​ពី​កម្រិត​ឱន​ភាព​ឲ្យ​ទៅ​ជា​រុង​រឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​អភិវឌ្ឍ​កីឡា​ខ្មែរ ​បញ្ហា​ហិរញ្ញ​វត្ថុ បានដើរ​តួនាទី​សំខាន់​ជាង​គេ​ក្នុង​ចំណោម​តម្រូវ​ការ​លើ វិស័យ​នេះ។ តាម​រយៈ​បទ​ពិសោធន៍​កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន ការ​លើក​ទឹក​ចិត្ត​ដោយ​ផ្តល់​ថវិកា​ដោយ​ផ្ទាល់​ដល់​កីឡាករ កីឡាការិនី គឺ​ជា​ចលករ​មួយ​ជម្រុញ​ឲ្យ​អត្តពលិក​មាន​ការ​ប្រឹង​ប្រែង។ ភាព​ប្រឹងប្រែង​នេះ​នាំ​មក​នូវ​លទ្ធផល​ល្អ​ជា​បណ្តើរ​ៗ​ហើយ សម្រាប់​ប្រភេទ​កីឡា​មួយ​ចំនួន។ តែ​កីឡា​មួយ​ចំនួន​ទៀត​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នាដែ​រ គឺ​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ និង​ស្ថាប័ន​រដ្ឋ​នានា។

ពិធី​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍​បើកការ​ប្រកួតកីឡា​ជាតិ​លើក​ទី​១ ថ្ងៃ​ទី​២៧ តុលា ២០១៦
ពិធី​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍​បើកការ​ប្រកួតកីឡា​ជាតិ​លើក​ទី​១ ថ្ងៃ​ទី​២៧ តុលា ២០១៦ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការ​បើក​ប្រកួត​កីឡា​ជាតិ​ទ្រង់​ទ្រាយ​ធំ កាល​ពី​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា កីឡាករ កីឡាការិនី​កម្ពុជា មាន​សមត្ថភាព​លេង​កីឡា​កម្រិត​ខ្ពស់​ជា​ច្រើន​នាក់។ ក៏​ប៉ុន្តែ​ឱកាស​នៃ​ការ​អភិវឌ្ឍ​អត្តពលិក​ទាំង​នោះ នៅ​មិន​ទាន់​មាន​ការ​កត់​សម្គាល់​ជា​វិជ្ជមាន​ជា​ទូទៅ​នៅ​ឡើយ។

កត្តា​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍ វិស័យ​កីឡាខ្មែរ គឺ​ថវិកា។ ថវិកា​សំខាន់​ណាស់​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​យ៉ាង​ធំធេង​លើ​វិស័យ​កីឡា​ជាតិ។ ជាក់​ស្តែង កីឡា​បាល់ទាត់ ចំបាប់ និង​កីឡា​ប្រដាល់ តេក្វាន់ដូ ជា​ដើម គឺ​ជា​ប្រភេទ​វិញ្ញាសារ​កីឡា ដែល​មាន​ការ​លូត​លាស់​ល្អ បន្ទាប់​ពី​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ឧបត្ថម្ភ​ពី​សំណាក់ សហគ្រាស​ឯកជន​នានា។

ការ​គៀងគរ​រក​ចំណូល​ ដើម្បី​ឧបត្ថម្ភ​កីឡាករ​ និង​កីឡាការិនី ពី​សំណាក់​ក្រុមហ៊ុន ឯកជន​គឺ​ជា​ការ​ចាំបាច់។ ចាំបាច់​ដោយ​គេ​មិន​អាច​រងចាំ​ថវិកា​ជា​លុយ​រៀល​ពី​រដ្ឋាភិបាល ដែល​មាន​កំណត់​នោះ​ទេ។ ការ​វិវឌ្ឍ​របស់​កីឡា​ខ្មែរ នា​ដំណាក់កាល​ចុង​ក្រោយ​នេះ បង្ហាញ​ថា​មាន​គម្លាត​គ្នា​យ៉ាង​ខ្លាំង​រវាង​ប្រភេទ​កីឡា ដែល​មាន​ការ​ឧបត្ថម្ភ​ថវិកា​គ្រប់គ្រាន់ ឬ​ថវិកា​លើក​ទឹក​ចិត្ត និង​ប្រភេទ​កីឡា ដែល​មាន​ធនធាន​តិចតួច ឬ​អាច​និយាយ​ថា​កីឡា​ ដែល​រំពឹង​តែ​ទៅ​លើ​ធនធាន​របស់​រដ្ឋ។

នៅ​ប្រទេស​អាស៊ាន​នានា ការ​អភិវឌ្ឍ​វិស័យ​កីឡា​របស់​គេ​គ្រប់​វិញ្ញាសារ គឺ​ពឹង​ផ្អែក​ទៅ​លើ​មួយ​ផ្នែក​ថវិកា​របស់​រដ្ឋាភិបាល និង​មួយ​ផ្នែក​ធំ​ទៀត​បាន​មក​ពី​សហគ្រាស​ឯកជន ដែល​ជា​អ្នក​ឧបត្ថម្ភ ឬ Sponsor ​ដ៏​សំខាន់។

ងាក​មក​មើល​ប្រទេស​កម្ពុជា​វិញ មាន​ប្រភេទ​កីឡា​តិច​តួច​ណាស់ ដែល​មាន​ក្រុមហ៊ុន​ជួយ​ឧបត្ថម្ភ។ ហើយ​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត​រស់ ​ដោយសារ​ថវិកា​បន្តិច​បន្ទួច​ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អប់រំ។ ការ​ដែល​មាន​ថវិកា​មិន​គ្រប់​គ្រាន់ ខ្វះ​អាហារ​បំប៉ន ពោល​គឺ​មិន​មាន​របប​អាហារ​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​កីឡា នោះ​អត្តពលិក​មិន​អាច​លូត​លាស់​ក្នុង​ការ ហ្វឹកហាត់​បាន​ទេ។ ថវិកា​លើក​ទឹក​ចិត្ត​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​កីឡាករ​មាន​ឆន្ទៈ​ប្រឹង​ប្រែង​ផង​ដែរ។

ម៉្យាងទៀត ថវិកា​ឧបត្ថម្ភ ដែល​ទម្លាក់​ពី​ថ្នាក់​លើ​មក គប្បី​សហព័ន្ធ​កីឡា​នីមួយ​ៗ បញ្ជូន​ឲ្យ​ដល់​ដៃ​កីឡាករ និង​ចៀស​វាង​ភាព​យឺត​យ៉ាវ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹក​ចិត្ត និង​មាន​ភាព​រារែក​ក្នុង​ការ​ហ្វឹក​ហាត់។ តម្លាភាព​និង​គណនេយ្យភាព​ក្នុង​វិស័យ​កីឡា​ គឺ​ជា​ការ​ចាំ​បាច់។ មួយ​វិញ​ទៀត យុវជន​ខ្មែរ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ ក៏​គួរ​តែ​មាន​ចំណាត់​ការ​ប្រមូល​ផ្តុំ​ពួក​គេ ផ្តល់​ការ​ហ្វឹកហាត់ និង​ឧបត្ថម្ភ​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ។

រីឯ​បញ្ហា​ផ្សេង​ៗ​ទៀត ដូចជា​ទី​លាន​ហ្វឹក​ហាត់ សម្ភារៈ​ហ្វឹក​ហាត់ ជាដើម​ គឺ​ជា​កត្តា​សំខាន់​ដែរ​តែ​ជា​រឿង​បន្ទាប់​បន្សំ សំខាន់​លុយ​គ្រប់​គ្រាន់​សម្រាប់​អត្តពលិក គឺ​ជា​កត្តា​ចំបង ដែល​នាំ​ឲ្យ​គ្រប់​វិស័យ​កីឡា​ប្រកប​ដោយ​សក្តានុពល។

ជា​ការ​ពិត​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់​សហគ្រាស​ឯកជន​នានា និង​ស្ថាប័ន​រដ្ឋ ចង​សម្ព័ន្ធ​ភាព​ជាមួយ​កីឡា​ណាមួយ​ឬ​ច្រើន តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កីឡា​របស់​ជាតិ។ លោក ហ៊ុន សែន ក៏​បាន​សង្ឃឹម​ដែរ​ថា​ក្រុមហ៊ុន និង​ស្ថាប័ន​របស់​រដ្ឋ​នឹង​ជ្រើស​រើស​កីឡា​ណាមួយ​ ដើម្បី​ជួយ​ទ្រទ្រង់​ជា​ពិសេស​ផ្នែក​ហិរញ្ញ​វត្ថុ។

តាម​រយៈ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច្នេះ គេ​រំពឹង​ថា​ប្រភេទ​កីឡា ដែល​មាន​ការ​ខ្វះ​ខាត​កន្លង​មក នឹង​អាច​មាន​ក្តី​សង្ឃឹម ហើយ​កីឡា​ខ្មែរ​អាច​នឹង​មាន​ការ​រីក​ចម្រើន​ឡើង​ព្រម​ៗ​គ្នា ប្រសិន​បើ​មាន​ការ​គោរព​តាម​ការ​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មែន​នោះ។

ជា​ការ​កត់​សម្គាល់ មាន​កីឡា​សក្តានុពល​មួយ​ចំនួន ដែល​ជា​ប្រភេទ​កីឡា​អូឡាំពិក ត្រូវ​បាន​ជម្រុញ​ និង​យក​ចិត្ត​ទុក​ដាក់​ជាង​កីឡា​មិន​មែន​អូឡាំពិក។ ក៏​ប៉ុន្តែ​សម្រាប់​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ កម្ពុជា​មិន​អាច​ព្រលែង​ប្រភេទ​កីឡា​មួយ អភិវឌ្ឍ​កីឡា​មួយ​ផ្សេង​ទៀត​បាន​ទេ។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​យ៉ាង​ហោច​ណាស់​មាន​ប្រភេទ​កីឡា​ពី​ ៣០ ទៅ​៤០​កីឡា​ដែរ ដែល​ត្រូវ​តែ​មាន​ការ​ជម្រុញ​ឲ្យ​មាន​សន្ទុះ​អាច​ទទួល​មេដាយ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ