អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ឥទ្ធិពល​នៃ​ការ​ដើរ​ចំពោះ​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើរ​គឺ​ជា​សកម្មភាព​​ ដែល​ងាយ​នឹង​អនុវត្ត​ណាស់។ យើង​អាច​ដើរ​តែ​ម្នាក់​ឯង ឬ​ជា​ក្រុម គ្មាន​ប្រកាន់​អាយុ​ មិន​ថា​ក្មេង​ឬ​ចាស់ ពេញ​វ័យ​ឬ​ជរា​ទេ ហើយ​ក៏​មិន​ប្រកាន់​ពេល​វេលា​ មិន​រើស​ទី​កន្លែង​ ជាពិសេស​មិន​ចាំ​បាច់​ធ្វើ​វិនិយោគ​ បង់​ថ្លៃ​ទីកន្លែង​ ចូល​ក្លឹប​ទេ ! មាន​តែ​ស្បែក​ជើង​មួយ​គូរ​ ពាក់​ដើរ​កុំ​ឱ្យ​ឈឺ​ជើង​ជា​ការ​ស្រេច។ ទាំង​សាមញ្ញ​ ទាំង​ងាយ​ស្រួល​អនុវត្ត​ កីឡា​មួយ​ប្រភេទ​នេះ​ មាន​ឥទ្ធិពល​ជា​អនេក​ដល់​ខ្លួន​ប្រាណ​ និង​បញ្ញាស្មារតី។

ស្ត្រី​កំពុង​ធ្វើ​កីឡា​ដើរ​លឿន​លើ​ម៉ាស៊ីន
ស្ត្រី​កំពុង​ធ្វើ​កីឡា​ដើរ​លឿន​លើ​ម៉ាស៊ីន fuse/Getty images
ផ្សាយពាណិជ្ជកម្ម

កីឡា​នាំ​មក​នូវ​សុខភាព ! ប៉ុន្តែ​សួរ​ថា តើ​ត្រូវ​ធ្វើ​កីឡា​អ្វី ? កីឡា​មួយណា ? បែបណា ទើប​ប្រាកដ​ជា​ល្អ​សម្រាប់​សុខភាព ?! អនុសាសន៍​ដែល​ក្រុម​គ្រូពេទ្យ ណែ​នាំ​ឱ្យ​ធ្វើ​​កីឡា មិន​មែន​សំដៅ​តែ​លើ​ការ​បញ្ចេញ​កម្លាំង ទៅ​ហាត់​នៅ​ក្លឹប មាន​សម្ភារៈ​ទំនើបៗ នោះ​ទេ តាម​ ការ​ពិត​​មក​ពីសម័យ​បច្ចុប្បន្ន​នេះ​​អ្នកឯកទេស​សង្កេត​ឃើញ​ ប្រជាពល​រដ្ឋ​ទូទៅ​មិន​សូវ​បញ្ចេញ​សកម្មភាព ស្វែង​រក​ភាព​ស្រណុក​ស្រួល​។ ភាព​ស្រណុក​ស្រួល ដែល​នាំ​ស្ពឹក​ស្រពន់ និង​ងាយ​បង្ក​ជំងឺ​ច្រើន​មុខ។

សម្រាប់​លោក​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត Jean-François Toussaint  សាស្ត្រាចារ្យ​ផ្នែក​សរីៈវិទ្យា នៅ​សកលវិទ្យាល័យ​ Paris Descarte និង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា និង​ជា​ប្រធានក្រុម​អ្នក​ឯកទេស​កីឡា​និង​សុខភាព​របស់​​គណៈកម្មាធិការអឺរ៉ុប។ ពាក្យ​ថា​ចូល​ធ្វើ​កីឡា គឺ​មាន​ន័យ​លេង​កីឡា បញ្ចេញសកម្មភាព ដើរ ធ្វើ​ពលកម្ម​ដាំ​ដុះ​ ។ល។​

 
ដើរ​ច្រើន​ អនុគ្រោះ​បំផុត​ដល់​សុខភាព ប្រចាំ​ថ្ងៃ ហើយ​សូម្បី​តែ​ក្នុង​ក្បួន​របស់​អ្នក​​ឯកទេស​របប​ចំណីអាហារ​​ ក៏​បានណែ​នាំ​ឱ្យ​បណ្តាជន​គ្រប់​គ្នា​នាំ​គ្នា​បញ្ចេញ​កម្លាំង ដោយ​ដើរ​ថ្មើរ​ជើង ក្រោយ​ពី​បាន​ទទួល​ទាន ឬ​បរិភោគ​អាហារ​​សម្បូរ​ទៅ​ដោយ​កាឡូរី ខ្លាញ់​ឬ​ថាមពល​ច្រើន។ យើង​អាច​ហូប​ច្រើន​លើ​ចំណុះ លើស​សេចក្តី​ត្រូវការ​របស់​សពាង្គកាយ​ នៅ​ពេលមាន​បុណ្យ​ទាន​ម្តងៗ ប៉ុន្តែ​វា​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ទេ ប្រសិន​បើ​ស្អែក​ឡើង​យើង​បញ្ចេញ​សកម្មភាព​ ដើរ​ឱ្យ​បាន​ច្រើន ព្រោះ​ការ​ដើរ​នេះ​អាច​ជួយ​ដុត​រំលាយ​អ្វី​ដែល​បាន​ទទួល​ទាន​ចូល​។

​ការ​ដើរ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំ​ង​មែន​សម្រាប់​សុខភាព​ឬ ?

ដើរ​ គឺ​ជា​សកម្មភាពកីឡា​ ដែល​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ និង​ងាយ​អនុវត្ត​បំផុត ប្រសិន​បើ​អ្នក​មាន​ចេតនា​ចង់បញ្ចេញ​សកម្មភាព​មាន​ប្រយោជន៍​ដល់​រាង​កាយ ដល់​សុខភាព។ ជា​កីឡា ដែល​មិន​ទាមទារ​សម្ភារៈ​បរិក្ខារ​ ពិសេស​ ឱ្យ​លើសពី​ស្បែក​ជើង ការ​ដើរ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុ​ងក្រុម​កីឡា​ប្រភេទ អាកាសជីវី ពោល​គឺ​ជា​កីឡា​ដែល​អនុគ្រោះ​ដល់​ការ​ស្រូប​ខ្យល់​អុកស៊ីហ្សែន​មក​ចិញ្ចឹម​អតិសុខុមប្រាណ និង​ជា​ចំណែក​មួយ​នៃ​ការ​ប្រឹង​បញ្ចេញ​កម្លាំង​ដោយ​មាន​ភាព​អំណត់។

►សូម​អាន​ ៖ កីឡា គឺ​សុខភាព

អ្វី​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​កីឡា​ដើរ​នេះ គឺ​គ្មាន​ពាក្យ​ថា​ផលវិបាក នៃ​ការ​ដើរ ឬ​គុណវិបត្តិ​នៃ​ការ​ដើរ​ទេ។ គុណវិបត្តិ​និង​ផលវិបាកនៃ​ការ​ដើរ​ ជា​ទូទៅ​បណ្តាល​មក​កត្តា​ក្រៅ​ខ្លួន មិន​មែន​បណ្តាល​មក​សកម្មភាព​ដើរ​ដោយ​ផ្ទាល់​នោះ​ឡើយ។ ការ​ដើរ​ផ្តល់​ប្រយោជន៍​វិជ្ជមាន​​ច្រើន​ មាន​អាទិ៍ បង្កើន​​សមត្ថភាព​បេះដូង​ ក្នុង​ការ​ស្រូប​ខ្យល់​អុកស៊ីហ្សែន កាត់​បន្ថយ​ម៉ាសមាឌ ជាពិសេស​សម្រក​ជាតិ​ខ្លាញ់ មាន​ផល​ល្អ​វិជ្ជមាន​សម្រាប់​សម្ពាធសរសៃ​ឈាម​បេះដូង​​ កាត់​បន្ថយ​ទុក្ខព្រួយ​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ សម្រួល​កំរិត​ខ្លាញ​ក្នុង​ឈាម កូឡេស្តេរ៉ូល ពង្រឹង​ឆ្អឹង​ បង្កើន​កម្លាំង​សាច់ដុំ និង​លំនឹង​ក្នុង​ខ្លួន។

ការ​ដើរ​អាច​ធ្វើ​បាន​នៅ​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​ចង់​ ព្រោះ​សូម​ចង​ចាំ​ថា​ ដើរ​គឺ​ជា​សកម្មភាព​មូលដ្ឋាន​នៃ​កីឡា​។ ដើរ​គួរ​ត្រូវ​បាន​ក្លាយ​ទៅ​​សកម្មភាព​​ប្រចាំ​ថ្ងៃ​ ក្នុង​ការ​ធ្វើ​បំលាស់​ទី ឬ​ក្នុង​សកម្មភាព​កីឡា​ដើម្បី​លំហែ​អារម្មណ៍​។ នៅ​ប្រទេស​ជឿនលឿន ការ​ដែរ​លំហែ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ទេសចរណ៍​មួយ​ផ្នែក ជាពិសេស​នៅ​តាម​តំបន់​ភ្នំ តំបន់​ជាយ​ក្រុង​ មាត់សមុទ្ទ។ ជា​ប្រភេទ​ទេសចរណ៍​ថ្មើរ​ជើង មាន​អ្នក​នាំ​ផ្លូវ មាន​ទិសដៅ​ ដូច​ទិញ​ថួរ​ដើរ​កំសាន្ត​នៅ​បរទេស​យ៉ាង​ដូច្នេះ។​

របៀប​ដើរ

  • ការដើរ​យឺតៗ (ដើរ​ក្នុង​ល្បឿន ក្រោម ៤,៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំពោះ​មនុស្ស​ពេញ​វ័យ អាយុ​មធ្យម​មិន​ចាស់​ មិន​ក្មេង​ ការ​ដើរ​របៀប​នេះ អាច​នាំ​សរីរាង្គ​​ឱ្យ​បញ្ចេញ​សកម្មភាព​ មាន​សមត្ថភាព​ស្រូបបរិមាណ​​ខ្យល់​អុកស៊ីហ្សែនទៅ​ក្នុង​ខ្លួន​ បាន​ ពី​៣០​ទៅ ៤៥%​ ក្នុង​មួយ​នាទី ឬ​ហៅ​តាម​បែប​បច្ចេកទេស ៣០ ទៅ​៤៥%​VO2max និង​ ធ្វើ​ឱ្យ​បេះដូង​​លោត​ក្នុង​ចង្វាក់​ ពី​៩៥​ទៅ​១០០​ក្នុង​មួយ​នាទី។
  • ការ​ដើរ​ធម្មតា​ និង​ស្វាហាប់ -ដើរ​ក្នុង​ល្បឿន​ពី​៤,៨​ទៅ​៦,៤​ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ដំណើរ​នេះ​ ស្មើ​នឹង​ការ​ស្រូប​ខ្យល់​បាន​ពី ៤៥​ទៅ​៧០% និង​មាន​ចង្វាក់​បេះ​ដូង​លោត ក្នុង​ល្បឿន​ ១៣៥ ទៅ ១៦០ ក្នុង​មួយ​នាទី។
  • ដើរ​លឿន ដើរ​ក្នុង​ល្បឿន ៨​គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ការងារ​នេះ​ នឹង​ស្រូប​​ខ្យល់​អុកស៊ីហ្សែនបាន​ពី​៧០ទៅ​​៩០%​ បេះ​ដូង​លោត​ក្នុង​ល្បឿន​ ១៣៥ ទៅ​១៦០​ ក្នុង​មួយ​នាទី
  • ដើរ​លឿន​ខ្លាំង លើស​ពី ៨​គ.ម. ក្នុង​ម៉ោង អាច​ស្រូប​បិរមាណ​ខ្យល់​អុកស៊ីហ្សែន​បាន​ជាង ៩០%​ VO2 max បេះ​ដូង​លោត​លើស​ពី​១៦០​ក្នុង​មួយនាទី

សរីរាង្គ​ដែល​មានពាក់​ព័ន្ធ និង​បាន​ផល​ប្រយោជន៍​ខ្លាំង​ពី​ការ​ដើរ គឺ​បេះដូង និង​សាច់​ដុំ​អវៈយវៈក្រោម។

បេះដូង ៖ នៅពេល​ដើរ ​បេះដូង​ត្រូវ​ប្រឹង​ធ្វើ​ការ​បន្ថែម។ ការ​ប្រឹង​បន្ថែម​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ល្បឿន​នៃ​ការ​ដើរ។​ ការ​ងារ​នេះ ត្រូវ​ធ្វើ​ទៅ​ឱ្យ​បាន​សម​ស្រប​​តាម​កម្លាំង ទើប​គ្មាន​គ្រោះថ្នាក់ តែ​ឱ្យ​បេះ​ដូង​អាច​ទាញ​ប្រយោជន៍​ល្អ​បាន។ ផល​ប្រយោជន៍​​នៃ​ការ​កន្ទ្រាក់​បេះដូង និង​សម្រួល​​ឈាម​​​តាម​សរសៃ​វែន។

អវៈយវៈ​ក្រោម ៖ សាច់​ដុំ​ជើង​ដែល​ធ្វើ​ការ​ច្រើន​ជាង​គេ​នៅ​ពេល​ដើរ គឺ​សាច់​ដុំ​ភ្លៅទាំង​បួន សាច់​ដុំ​កំភួន​ ​ជើង​ គន្លាក់​អាចម៍​ សរសៃជើង​ ស្មងជើង​រហូត​ដល់​ម្រាម​ជើង និង​សូម្បី​តែ​សាច់​ដុំ​ពោះ​ ខ្នង​ សុទ្ធ​តែ​ត្រូវ​មាន​សកម្មភាព​ នៅ​ពេល​ដើរ​ទាំង​អស់។
សាច់​ដុំ​ស្មា ដែល​មាន​មុខងារ​រក្សា​លំនឹង​ ក៏​មាន​ចូល​រួម​ចំណែក​ធ្វើ​សកម្មភាព​នៅ​ពេល​ដើរ​ដែរ។ ជា​សរុប សាច់ដុំ​ក្នុង​ខ្លួន​ជិត​ពាក់​កណ្តាល​ត្រូវ​បានកម្តៅ​នៅ​ពេល​ដើរ។

ការ​ដើរ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ​តើ​គួរ​ដើរ​ក្នុង​កំរិតណា ?

ដើរ​៥​គីឡូម៉ែត្រ​ក្នុង​ម៉ោង គឺ​ដើរ​ធម្មតា គឺ​ស្មើ​នឹង​ការ​ចំណាយ​ថាមពល​បី​ដង​លើស​ការ​សំរាក​នៅ​ស្ងៀម​។ ប៉ុន្តែ​ការ​បញ្ចេញ​ថាមពល​ដោយ​ដើរ​នេះ ក៏​អាស្រ័យ​ផង​ដែរ​ទៅ​នឹង​ទម្ងន់​មនុស្ស ស្ថានភាព​ដី​ ឬ​របៀប​ដើរ។ ក្នុង​ល្បឿន​ដូច​គ្នា​មនុស្ស​ធាត់​ ចំណាយ​ថាមពល​ច្រើនជាង​មនុស្ស​ ស្គម។ ដើរ​ឡើង​ទួល​ ក៏​ត្រូវ​ការ​ថាមពល​ច្រើន​ជាង​​ដើរ​ដី​រាប ហើយ​ការ​ដើរ​បង់​បោយ​ ឬ​រលាស់​ជើង​ខ្លាំង ក៏​បញ្ចេញ​ថាមពល​ច្រើន​ជាង​ដើរ​តាម​សម្រួល​ គ្មានបង់បោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ