អានតួអត្ថបទ
កម្ពុជា

បដិមា​បុរាណ​ជំនាន់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​ ត្រូវ​បាន​រក​ឃើញ​ដោយ​កំណាយ​បុរាណ​វិទ្យា

រូប​បដិមា​បុរាណ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ នៅ​ឯ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ ស្ថិត​នៅ​ប្រហែល​១​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ក្រុង​អង្គរ​ធំ។ ការ​ប្រទះ​ឃើញ​បដិមា​ដែល​មាន​អាយុ​ចំណាស់​រាប់​រយ​ឆ្នាំ​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​មន្ទីរពេទ្យ​ កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ដោយ​អ្នក​ស្រាវ​ជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​មហា​វិទ្យា​ល័យ​បច្ចេកវិទ្យា​និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី។

បដិមា​បុរាណ​ជំនាន់​ព្រះ​បាទ​ជ័យ​វរ្ម័នទី​៧ ត្រូវ​បាន​រក​ឃើញ​ដោយ​កំណាយ​បុរាណ​វិទ្យា
បដិមា​បុរាណ​ជំនាន់​ព្រះ​បាទ​ជ័យ​វរ្ម័នទី​៧ ត្រូវ​បាន​រក​ឃើញ​ដោយ​កំណាយ​បុរាណ​វិទ្យា @APSARA Athourity
ផ្សាយពាណិជ្ជកម្ម

លោក​ខៀន​ ច័ន្ទ​ មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យ​ដឹង​ថា​ចម្លាក់​បដិមា​ ដែល​ទំនង​ជា​រូប​ទ្វារ​បាល​ ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​ ខណៈ​ដែល​ក្រុម​ការងារ​ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ​និង​រចនា​សម្ព័ន្ធ​ទន្លេ​ស្ងួត​។

ក្រុម​ការងារ​កំណាយ​បុរាណ​វិទ្យា​ បាន​ឲ្យ​ដឹង​ថា​បដិមា​នេះ ​មាន​កម្ពស់ ​១,៩០​ម៉ែត្រ​ ស្មា​ទទឹង​ ០,៥៨​ម៉ែត្រ​ ស្ថិត​ក្នុង​រចនាបថ​បាយ័ន។ ​បដិមា​នេះ ​កំបុត​ដៃ​២​ត្រឹម​ស្មា​ កំបុត​ជើង​ស្តាំ​ត្រឹម​ ក​ជើង​ និង​ជើង​ឆ្វេង​ត្រឹម​គល់​ភ្លៅ។​ ចំណែក​ដង​ខ្លួន​និង​ព្រះ​កេស​នៅ​មាន​ក្បាច់​ចម្លាក់​ សម្លៀក​បំពាក់​ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំង​អស់។ ​បដិមា​នេះ ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ ​ក្នុង​ពេល​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​កំណាយ​ឃើញ​ ដោយ​ដេក​ផ្ងារ​ពោះ​ បែរ​ព្រះកេស​ទៅទិសខាង​លិច​ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​លោក​ ខៀន​ ច័ន្ទ​ ក្រៅ​ពី​សម្តែង​ការ​រីក​រាយ​នឹង​សំណាង​ល្អ​នៃ​ការ​រក​ឃើញ​បដិមា​នេះ ​ព្រម​ទាំង​បញ្ជាក់​ថា​ជា​ការ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ និងការ​សិក្សា​លម្អិត។ លើស​ពី​នេះ​ លោក​ថា​បដិមា​ដែល​មាន​ទំហំ​ធំ​មួយ​នេះ​ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ ដើម្បី​រក្សា​សុវត្ថិភាព​ ដុស​លាង​សម្អាត ​ព្យាបាល​ផ្នែក​ខ្លះ​ និង​រក្សា​គុណភាព​ថ្ម​ឡើង​វិញ។

ជា​ការ​សន្និដ្ឋាន​បឋម​ រូប​ចំលាក់​បដិមា​នេះ ​គឺ​អាច​ជា​ទ្វារ​បាល​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ផ្ទាល់​តែម្តង​ មិន​មែន​មក​ពី​កន្លែង​ផ្សេង​ទេ។​ ក៏​ប៉ុន្តែ​យ៉ាង​ណា​នោះ ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ថា​រូប​នេះ​ មាន​នៅ​គ្រប់​មន្ទីរពេទ្យ​បុរាណ​ទាំង​អស់​ឬ​យ៉ាង​ណា​នោះ​ទេ។

សូម​បញ្ជាក់​ថា ​គម្រោង​ស្រាវ​ជ្រាវ​មន្ទីរ​ពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី១​ ដែល​ផ្តោត​លើ​ការ​សិក្សាអំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ​ដែល​មាន​ទំនាក់​ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរ​ពេទ្យ​ និង​ខឿន​នៃ​មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​គម្រោង​នេះ​ហើយ​ អ្នក​ស្រាវ​ជ្រាវ​នឹង​បន្ត​គម្រោង​ថ្មីៗ​ទៀត​ដែល​នឹង​សិក្សា​អំពី​ទីតាំង​សំខាន់ៗ​នៃ​អាគារ​មន្ទីរពេទ្យ​ដែល​សង់​ពី​ឈើ ​ហើយ​បាន​ខូច​ខាត​បាត់​ស្លាក​ស្នាម​អស់​ និង​បើ​អាច​ក្រុម​ស្រាវ​ជ្រាវ​មាន​បំណង​ស្វែង​រក​ទីតាំង​ចោល​សំណាក​ថ្នាំ​ដែល​ប្រើប្រាស់​រួច​ ដើម្បី​យក​សំណាក​ទាំង​នោះ​ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យ​បុរាណ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ