អានតួអត្ថបទ
កម្ពុជា-អប់រំ

សិស្ស​ស្រី​ម្នាក់​នៅ​ខេត្ត​កណ្ដាល​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​ធ្លាក់​បាក់​ឌុប

សិស្ស​នារី​ធ្លាក់​បាក់​ឌុប​មួយ​រូប បាន​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួន ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត កណ្ដាល។ ការ​ធ្វើ​អត្ដឃាត​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ដំបូង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប។ ជា​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច សិស្ស​នេះ​អាច​ធ្វើ​អត្ដឃាត បណ្ដាល​មក​ពី ប្រឡង​ធ្លាក់​សញ្ញាបត្រ។

សិស្ស​នារី​ធ្លាក់​បាក់​ឌុប ដែល​បាន​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួន
សិស្ស​នារី​ធ្លាក់​បាក់​ឌុប ដែល​បាន​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួន @សហការី
ផ្សាយពាណិជ្ជកម្ម

នារី​រង​គ្រោះ​អាយុ ១៩ ឆ្នាំ ជា​យុវសិស្ស​ទើប​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ក្នុង​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ខេត្ត​កណ្ដាល។ ​បើ​តាម​របាយការណ៍​សមត្ថកិច្ច​ ម្ដាយ​នារី​រង​គ្រោះ​បាន​រៀប​រាប់​ថា នៅ​វេលា​ម៉ោង​ប្រហែល ‌​៦ល្ងាច នៅ​ថ្ងៃ​ទី​ ១០ កញ្ញា នារី​រង​គ្រោះ​បាន​ប្រាប់​ម្ដាយ​ថា ​នាង​បាន​ប្រឡង​ធ្លាក់​មធ្យម​សិក្សា​ទុតិយភូមិ។ របាយការណ៍​បន្ដ​ថា ក្រុម​គ្រួសារ​មិន​បាន​ស្ដី​បន្ទោស​នារី​រង​គ្រោះ​ទេ។ តាម​ចម្លើយ​របស់​ម្ដាយ​ជន​រង​គ្រោះ​ក្នុង​របាយការណ៍​នោះ ក្រោយ​ពេល​ប្រាប់​ម្ដាយ​រួច យុវសិស្ស​នេះ​បាន ឡើង​ទៅ​លើ​ផ្ទះ មួយ​សន្ទុះ​ក្រោយ​មក​ដោយ​មាន​ការ​សង្ស័យ ឪពុក​ម្ដាយ និង​បង​ស្រី​ដើរ​រក​ជន​រង​គ្រោះ ក៏​ឃើញ​ជន​រង​គ្រោះ​ចង​ក​សម្លាប់​ខ្លួន​តែ​ម្ដង។

រី​ឯ​ក្នុង​ហ្វេស​ប៊ុក របស់​នារី​រង​គ្រោះវិ​ញ បាន​សរសេរ​ថា “ម្ចាស់ Acc នេះ ​ឃ្លាត​ពី​មិត្ត​ទាំង​អស់​គ្នា​ហើយ”។

សូម​ជម្រាប​ជូន​ថា នេះ​ជា​ករណី​អត្តឃាត​លើក​ទី​មួយ​ហើយ ក្រោយ​ពី​ក្រសួង​អប់រំ យុវជន​ និងកីឡា ​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​ចាត់​ទុក​ថា នេះ​ជា​សោកនាដកម្ម​មួយ​ដែល​ទើប​កើត​មាន​ក្រោយ​ពេល​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​នៅ​កម្ពុជា។ លោក​យល់​ថា ​នេះ​ជា​ការ​គិត​ខុស​របស់​សិស្ស​ដោយ​ខ្លួន​ឯង​ រួម​នឹង​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ជុំវិញ​ផង​ដែរ ដែល​តែង​ឱ្យ​តម្លៃ​តែ​អ្នក​ប្រឡង​ជាប់។

បើ​តាម​លោក សន ជ័យ សិស្ស​ទាំង​អស់​គួរ​ត្រូវ​បាន​អប់​រំ​ស្វែង​យល់​អំពី​តម្លៃ និង​របៀប​បង្កា​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន នៅ​ពេល​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង។ ប្រធាន​អង្គការ​រូប​នេះ បន្ថែម​ថា សិស្សានុសិស្ស គួរ​ត្រូវ​បាន​អប់រំ​ឲ្យ​យល់​ថា ការ​បរាជ័យ​ក្នុង​ឆ្នាំ​នេះ អាច​បន្ដ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​បាន ប៉ុន្ដែ ប្រសិន​បើ​ជ្រើស​រើស​អត្ដឃាត នោះ​ពួក​គេ​នឹង​មិន​អាច​កែ​ប្រែ ឬ​វិល​វិញ​បាន​ឡើយ។ លោក​ក៏​លើក​ឡើង​ដែរ​ថា ការ​រៀប​ចំ​កម្មវិធី​ចែក​រំលែក​ពី​សិស្ស​ធ្លាក់​បាក់​ឌុប​ដល់​សិស្ស​កំពុង​សិក្សា ក៏​ជា​ដំណោះ​ស្រាយ​ល្អ​ផង​ដែរ​ដើម្បី​បង្ការ​រឿង​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ