អានតួអត្ថបទ
កម្ពុជា-គ្រឿងញៀន

សិស្ស​សាលា​ដែល​មិន​ចូល​រៀន ជា​មុខ​សញ្ញាថ្មី​នៃ​ការ​បង្រ្កាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ

ដើម្បី​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ទូ​ទាំង​ប្រទេស អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បានកំណត់​មុខ​សញ្ញា​ថ្មី​នៃ​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន គឺ​ជា​សិស្ស​សាលា​ដែល​មិន​ចូល​រៀន។ លោក មាស វីរិទ្ធ ​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បញ្ជាក់ថា សិស្ស​សាលា​ដែល​មិន​ចូល​រៀន គឺ​ជា​ជន​ងាយ​រង​គ្រោះ ដែល​ងាយ​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន តាមរយៈ​ការ​អូស​ទាញ​ពី​មិត្តភ័ក្រ្ត និង អ្នក​ជួញ​ដូរ​គ្រឿង​ញៀន។

សន្និសីទ​កាសែត​ស្តី​ពីការចាប់បានគ្រឿងញៀន៥៤គីឡក្រាម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលកន្លងទៅ។
សន្និសីទ​កាសែត​ស្តី​ពីការចាប់បានគ្រឿងញៀន៥៤គីឡក្រាម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលកន្លងទៅ។ @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ក្នុង​រយៈ​ពេល​ពីរ​ខែ ដើម​ឆ្នាំ ២០១៧ នេះ បាន​បញ្ជាក់ថា ៩០% នៃ​យុវជន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៥ ឆ្នាំ ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន និង ត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួន។ នេះ​បើ​តាម លោក មាស វីរិទ្ធ អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

លោក មាស វីរិទ្ធ សង្កត់​ធ្ងន់​ថា ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​មិន​ឲ្យ​រីក​រាល​ដាល​នៅ​តាមសាលារៀន អាជ្ញាធរ បាន​កំណត់​គោល​ដៅ​សាលារៀន ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តំបន់​ដែល​មានចរាចរណ៍​ឬ​ប្រើប្រាស់​គ្រឿង​ញៀន​ច្រើន ទីពីរ សាលារៀន​ដែល​មាន​សិស្ស​គេច​ម៉ោង​សិក្សា​ច្រើន និងទី៣ សាលារៀន​ដែល​មាន​សិស្ស​អវត្តមាន​ច្រើន​។

តាមរយៈ​ការ​កំណត់​មុខ​សញ្ញា​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​បាន​កំណត់​ទីតាំង​មួយ​ចំនួន ដែល​ជាចំណុច​គោល​ដៅ ដែល​សិស្ស​គេច​សាលា ហើយ​ប្រើប្រាស់​គ្រឿង​ញៀន ប្រមូល​ផ្តុំគ្នា មាន​ដូច​ជា ផ្ទះសំណាក់ ហាងខារ៉ាអូខេ ក្លឹបកម្សាន្ត ជា​ដើម​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន សហការណ៍​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ដាក់​ឲ្យ​ដំណើការ​នៅ​ម៉ាស៊ីន​តេស្ត ទឹកនោម នៅ​តាម​សាលារៀន សម្រាប់​ត្រួត​ពិនិត្យ សិស្ស​ដែល​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។
លោក មាស វីរិទ្ធ បញ្ជាក់ វិធានការ​នេះ នឹង​ធ្វើ​ឡើង​តែ​នៅ​សាលារៀន​គោលដៅ ដែល​សង្ស័យ​ថាសិស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន អាជ្ញាធរ​​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនូន​អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន នៅ​តែ​បន្ត មាន​ដូច​ជា៖ ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពី​ទីក្រុង​ទៅ​ជន​បទ ខ្លឹម​សារ​នៃ​សារ​អប់រំ​អាច​នៅ​មិន​ទាន់​មាន​ភាព​ទាក់​ទាញ ចំពោះ​មហាជន​ទូទៅ ឬ អាច​ទៅ​មិន​ដល់​ក្រុមជន​គោល​ដៅ​ងាយ​ប្រឈម​ខ្ពស់​នឹង​គ្រោះថ្នាក់ ពិសេស​ការ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន មិន​ទៅ​ដល់ក្រុម​គោល​ដៅ​ជា​សិស្ស​គេច​ម៉ោង​សិក្សា ឬ ​សាលារៀន ដោយ​សិស្ស​ដែល​ចូល​រួម​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អប់​រំភាគ​ច្រើន​គឺ​ជា​សិស្សដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ